អន្តរជាតិ
ទីប្រឹក្សា​ជាតិ​អាមេរិក​៖ «​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​លី​ប៊ី អាចជា​គំរូ​សម្រាប់​កូរ៉េខាងជើង​បច្ចុប្បន្ន​»
30, Apr 2018 , 12:07 pm        
រូបភាព
​លោក ច​ន បុល​តុ​ន (John Bolton) ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បានផ្តល់​យោបល់​ថា ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​លី​ប៊ី​ឆ្នាំ ២០០៤ អាចជា​គំរូ​សម្រាប់​កូរ៉េខាងជើង​ពេលនេះ​។ ប៉ុន្តែ​ស្លាប់​របស់​មេដឹកនាំ​លី​ប៊ី​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី កាលពី​ឆ្នាំ ២០១១ ដោយសារ​ស្នាដៃ​បណ្តា​ប្រទេស​លោកខាងលិច​ប្រហែលជា​មេរៀន​សំខាន់​ដែល​លោក គីម ជុង​អ៊ុន ចាំ​ទុក​ក្នុង​ចិត្ត​នោះ​។



​ជិត ១៥​ឆ្នាំមុន របប​ដឹកនាំ​ផ្តាច់កា​រលី​ប៊ី​ក្រោម​ការដឹកនាំ​របស់លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី បាន​ឯកភាព​ជាមួយ​រដ្ឋបាល​លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស បោះបង់​សម្ភារៈ​ផលិត​នុយក្លេអ៊ែរ​របស់​ខ្លួន និង​បញ្ជូន​វា​ទៅកាន់​ក្រុង Tennessee សហរដ្ឋអាមេរិក​ផង​។

​នៅពេលនេះ ទីប្រឹក្សា​សន្តិសុខ​របស់លោក ដូ​ណា​ល់ ត្រាំ  គឺ​លោក ច​ន បុល​តុ​ន ដែល​ធ្លាប់​ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​បញ្ចេញយោបល់​ថា ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​លី​ប៊ី​នេះ អាចជា​គម្រូ​ល្អ​សម្រាប់​កូរ៉េខាងជើង​បច្ចុប្បន្ន​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​លោក បុល​តុ​ន ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន CBS ដូច្នេះ​៖« យើង​មាន​ការរំសាយ​សព្វាវុធ​នៅ​លី​ប៊ី​ចន្លោះ​ឆ្នាំ ២០០៣ និង ២០០៤ ក្នុង​ចិត្ត​ដែល​វា​ជា​គម្រូ​មួយ​។ ពិតណាស់ថា វា​មាន​ភាពខុស​គ្នាច្រើន ព្រោះ​កម្មវិធី​នុយក្លេអ៊ែរ​លី​ប៊ី​តូច​ជាង​នេះ​ឆ្ងាយ​ណាស់ ប៉ុន្តែ​វា​ជា​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ដែល​យើង​បាន​បង្កើត​ឡើងមក​»​។ 
​បន្ថែម​ពីនេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ខាងលើ​ក៏បាន​បកស្រាយ​ផងដែរ​ថា ការរំសាយ​អាវុធ​នេះ​អាច​អាស្រ័យ​តាម​ការចង់បាន​របស់​កូរ៉េខាងជើង​ផងដែរ ឲ្យ​តែ​វា​ល្អ​និង​មាន​តម្លាភាព​នោះ​។
​លោក​និយាយ​បែបនេះ​៖ «​វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការសម្រេចចិត្ត​បែប​យុទ្ធសាស្ត្រ​ក្នុងការ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​។ វា​មិនចាំបាច់​ទាល់តែ​ដូច​លី​ប៊ី​ទេ ប៉ុន្តែ​វា​ត្រូវតែ​ជាការ​សម្រេចចិត្ត​ដែល​ពេញលេញ និង​ឃើញជាក់ស្តែង​។ វា​ប្រហែលជា​លោក គីម ជុង​អ៊ុន មានគំនិត​ខ្លះ​ហើយ​យើង​គួរតែ​លឺ​គំនិត​នោះ​ពី​មាត់​គាត់​ផ្ទាល់​»​។​

​យ៉ាងណា​ក៏ដោយចុះ ការលើកឡើង​ពី​គម្រូ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​មកជា​ឧទាហរណ៍​ជា​រឿងចម្រូងចម្រាស​បំផុត​មួយ​។ ការស្លាប់​របស់លោក ហ្កា​ដា​ហ្វី ក្រោម​ស្នាដៃ​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុងការ​អន្តរាគមន៍​ឆ្នាំ ២០១១ ប្រហែលជា​មេរៀន​ដ៏​ធំ​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង​ដែរ​។ វា​បង្ហាញ​ឲ្យ​ឃើញថា គេ​មិនអាច​ទុកចិត្ត​លោកខាងលិច​ខ្លាំងពេក​ទេ​ព្រោះ​វា​អាច​នឹង​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន​ផង​។ 
  
​តាមពិតទៅ ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​ការចរចា​រវាង​លោក ត្រាំ និង​លោក គីម ដែល​អាច​នឹង​កើតឡើង​ចុងខែ​ឧសភា ឬ​ដើមខែ​មិថុនា​ខាងមុខ​នោះ​។ កន្លងមក ក្រុង​ព្យុងយ៉ាង​បាន​អះអាង​រួចហើយ​ថា ខ្លួន​មាន​ឆន្ទៈ​កម្ទេច​ទីតាំង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ឈប់​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​។  បើតាម​អ្នកនាំពាក្យ​កូរ៉េខាងត្បូង​ដែល​ស្រង់​សម្តី​លោក គីម ជុង​អ៊ុន​នោះ កូរ៉េខាងជើង​ក៏​អាច​នឹង​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ផងដែរ ឲ្យ​តែ​អាមេរិក​សន្យាថា​រក្សា​សន្តិសុខ និង​មិន​ឈ្លានពាន​ទឹកដី​ខ្លួន​។

​គេ​មិនទាន់​អាច​ដឹង​បានទេ​ថា វា​នឹង​មានការ​ឯកភាពគ្នា​យ៉ាងដូចម្តេច​ចំពោះ​ដំណើរការ​នៃ​ការរំសាយ​អាវុធ​។ រឿងចម្រូងចម្រាស​គឺ និយមន័យ​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។ នេះ​ក៏​ព្រោះថា​សម្រាប់​លោក ត្រាំ ផ្ទាល់​ការរំសាយ​អាវុធ​មានន័យថា ដកហូត​អាវុធ​នុយក្លេអ៊ែរ ខណៈដែល​កូរ៉េខាងជើង​អះអាងថា រំសាយ​អាវុធ​នោះ​ត្រឹម​ជា​រក្សាទុក​អាវុធ​ដែល​ខ្លួន​មាន ហើយ​ឈប់​បន្ត​ផលិត និង​ឈប់​បាញ់​សាកល្បង​ទៀត​៕



Tag:
 កូរ៉េខាងជើង​
  លី​ប៊ី​
  អាមេរិក​
 ​នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com