ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ឆន្ទៈ​ខ្មែរ នឹងដាក់​ពាក្យ​ដើម្បី​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​
30, Apr 2018 , 12:37 pm        
រូបភាព
គណបក្សឆន្ទៈខ្មែរ​ ដឹកនាំដោលោក​ គង់​ មុនីកា​ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។ រូបពីហ្វេសបុករបស់គណបក្សឆន្ទៈខ្មែរ
គណបក្សឆន្ទៈខ្មែរ​ ដឹកនាំដោលោក​ គង់​ មុនីកា​ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ។ រូបពីហ្វេសបុករបស់គណបក្សឆន្ទៈខ្មែរ
គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បង្កើតឡើង​ដោយ​លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក គង់ គាំ សម្រេចចិត្តថា នឹងដាក់​ពាក្យ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ឈរឈ្មោះ​ប្រកួតប្រជែង​យក​អាសនៈ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។


 
​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​ភ្លើងទៀន និង​ធ្លាប់ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គណបក្ស​ឆន្ទៈ​ខ្មែរ ទំនងជា​ដាក់ពាក្យ​ទៅកាន់​គ​.​ជ​.​ប​. នៅ​ថ្ងៃទី​១៣ ឬ​១៤ ខែឧសភា ឆ្នាំ​២០១៨​។ អតីត​អ្ន​នយោបាយ​រូបនេះ ដែល​ធ្លាប់មាន​ឥទ្ធិពល​ក្នុង​ក្រុម​អ្នកប្រឆាំង និង​ជា​មនុស្ស​ម្នាក់ ដែ​សត​ស៊ូ​ជាច្រើន​ឆ្នាំ​ជាមួយ​លោក សម រង្ស៊ី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គេ បង្កើត​គណបក្ស គឺ​តែងតែមាន​ស​ង្ឃឹ​ម​ហើយ ថា​មាន​ប្រជាពលរដ្ឋ​គាំទ្រ​។ គណបក្ស ដែល​កូនប្រុស​របស់ខ្ញុំ​បង្កើត​នេះ ក៏មាន​ឧ​ត្ត​ម​គតិ ចង់​បម្រើ​ជាតិ​ដែរ មិនមែន​គ្រាន់តែ​ដើម្បី​លម្អ​សួន​ប្រជាធិបតេយ្យ ឬ​កំដរ​មេដឹកនាំ​សព្វថ្ងៃ​ទេ​»​។ 
 
​នៅ​ថ្ងៃ​ចន្ទ​នេះ គឺជា​ថ្ងៃទី​ដំបូង​នៃ​ការចុះឈ្មោះ​គណបក្សនយោបាយ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ បាន​យកពាក្យ​ទៅ​ដា​ក់នៅ​គ​.​ជ​.​ប​. មុនគេ​។ ការចុះឈ្មោះ​គណបក្ស​សម្រាប់​ចូលរួម​ប្រកួតប្រជែង នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ 
​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ទៅ​ចូលរួម​ក្នុងការ​បោះឆ្នោត​ខាងមុខ​។ លោក បាន​ហៅ​ការបោះឆ្នោត ដែល​មិនមាន​វត្តមាន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ថា ជាការ​បោះឆ្នោត​ក្លែងក្លាយ​។ 
 
​អតីត​មេបក្ស​ប្រឆាំង​រូបនេះ ថែមទាំង​ចាត់ទុក​ការចូលរួម​ក្នុងការ​បោះឆ្នោត​របស់​គ​ណ​បក្ស​ដទៃ​ថា គ្រាន់តែ​ដើម្បី​លម្អ​ឆាកល្ខោន​ឲ្យ​របប​ដឹកនាំ​សព្វថ្ងៃ បាន​បន្ត​កាន់អំណាច​ប៉ុណ្ណោះ​។ លោក អះអាងថា ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ដទៃ មិនអាច​ប្រកួតប្រជែង និង​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បានទេ​។​
 
​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕  
 

Tag:
 ​បោះឆ្នោត​
  បក្ស​ឆន្ទៈ​ខ្មែរ​
  គង់ គាំ​
© រក្សាសិទ្ធិដោយ thmeythmey.com