អន្តរជាតិ
ប្រធានាធិបតីរ​វ៉ាន់ដា​រិះគន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ថា កាត់ទោស​តែ​អាហ្វ្រិក​
30, Apr 2018 , 9:39 pm        
រូបភាព
ប្រធានាធិបតីរវ៉ាន់ដា ផូល កាហ្កាមេ (រូបភាព AFP)
ប្រធានាធិបតីរវ៉ាន់ដា ផូល កាហ្កាមេ (រូបភាព AFP)
​ប្រធានាធិបតីរ​វ៉ាន់ដា ផូ​ល កា​ហ្កា​មេ (Paul Kagame) បាន​និយាយ​វាយប្រហារ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែល​កាត់ទោស​តែ​មេដឹកនាំ ឬ​បុគ្គល​មកពី​ប្រទេស​អាហ្វ្រិក​។ លោក កា​ហ្កា​មេ និយាយថា តុលាការអន្តរជាតិ​នេះ​បរាជ័យ​ក្នុងការ​កាត់ទោស​បុគ្គល​នៅ​តំបន់​ផ្សេងៗ និង​លំអៀង​ដោយ​ចំហ​ប្រឆាំង​អាហ្វ្រិក​។ មេដឹកនាំ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​ធ្លាប់​ទាំង​និយាយថា ស្ថាប័ន​យុត្តិធម៌​នេះ​គ្រាន់តែ​ជា​ឧបករណ៍​បម្រើ​នយោបាយ​គេ​ប៉ុណ្ណោះ​។​



​ដោយសារតែ​ជនជាប់ចោទ និង​អ្នក​ជាប់ទោស​ដោយសារ​តុលាការ​ព្រហ្មទណ្ឌកម្ម​អន្តរជាតិ ប្រធានាធិបតីរ​វ៉ាន់ដា ផូ​ល កា​ហ្កា​មេ បាន​រិះគន់ថា តុលាការ​មួយ​នេះ​លំអៀង កាត់ទោស​តែ​ជនជាតិ​អាហ្វ្រិក និង​មិនដែល​រក​យុត្តិធម៌​នៅ​តំបន់​ផ្សេង​ឡើយ​។ នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​មេដឹកនាំ​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​រិះគន់​មិន​ប្រណី​មាត់​លើ​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ ដែលមាន​មូលដ្ឋាន​តាំងនៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់​។​

​ក្នុងជំនួប​ជាមួយ​អ្នកជំនួញ​ទូរគមនាគមន៍ Mo Ibrahim នៅ​ចុង​សប្ដាហ៍​មុន លោក កា​ហ្កា​មេ បញ្ជាក់ថា តុលាការ​នេះ​ត្រូវបាន​បង្កើត​ដោយ​ឈរលើ​គោលការណ៍​បន្លំ​ចាប់តាំងពី​លេច​ជា​រូបរាង​មកម្ល៉េះ​។ ពោល គឺ​តុលាការ​នេះ ជា​តុលាការ​កាត់ទោស​ប្រជាជន​អាហ្វ្រិក មិនមែន​ប្រជាជន​មកពី​ប្រទេស​ផ្សេង​ឡើយ ហើយ​លោក កា​ហ្កា​មេ មិន​គិតថា លោក​ជឿ​ខុស​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Al Jazeera ។​

​មកទល់​បច្ចុប្បន្ននេះ ក្នុងចំណោម​ការស៊ើបអង្កេត​ទាំង​ដប់​របស់​តុលាការ​នេះ មាន​៩​ករណី​កើតឡើង​នៅ​អាហ្វ្រិក​។ ជាមួយគ្នានេះដែរ អ្នកទោស​ចំនួន​៥​នាក់​ដែល​ត្រូវបាន​កាត់ទោស​រួចរាល់ សុទ្ធតែ​មកពី​ប្រទេស​អាហ្វ្រិក​ទាំងអស់​ដូចជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​ម៉ាលី​។ បើតាម​លោក កា​ហ្កា​មេ មេដឹកនាំ​អាហ្វ្រិក​ខ្លះ​ដែល​ត្រូវ​តុលាការ ICC កាត់ទោស មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ផ្សេង ប៉ុន្តែ​តុលាការ​នេះ​មិនបាន​កាត់ទោស​ឡើយ​។​

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវបាន​បង្កើតឡើង​ដោយ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ក្នុង​ឆ្នាំ​១៩៩៨ និង​ចូល​ជាធរ​មាននៅ​ឆ្នាំ​២០១២ ។ តុលាការ​អចិន្ត្រយ៍​នេះ​មានអំណាច​កាត់ទោស និង​ដាក់ពិន័យ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​នៃ​ការឈ្លានពាន​។ យ៉ាងណាក្ដី តុលាការអន្តរជាតិ​នេះ​មានអំណាច​តែ​លើ​ប្រទេស​ដែលជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ប៉ុណ្ណោះ​។

​ដោយសារតែ​ការយល់ឃើញថា ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​មានការ​លំអៀង ប្រទេស​អាហ្វ្រិក​ជាច្រើន​បាន​គំរាម ឬ​បង្ហាញ​បំណង​ដកខ្លួន​ចេញពី​តុលាការ​នេះ ខណៈរ​វ៉ាន់ដា​មិនមែនជា​ភាគី​មួយ​នៃ​តុលាការ​នេះឡើយ​។ នៅ​អាស៊ាន គេ​ឃើញ​មាន​ហ្វីលីពីន​ដែល​បានប្រកាស​ដកខ្លួន​ពី​ស្ថាប័ន​នេះ បន្ទាប់ពី​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការស៊ើបអង្កេត​បឋម​លើ​សង្គ្រាម​គ្រឿងញៀន​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​នៅក្រៅ​ប្រព័ន្ធតុលាការ​៕


Tag:
 អាហ្វ្រិក​
  រ​វ៉ាន់ដា​
  ICC
  Paul Kagame
© រក្សាសិទ្ធិដោយ thmeythmey.com