អន្តរជាតិ
វៀតណាម ដាស់តឿន​អង្គភាព​ប្រឆាំង​ពុករលួយ​កុំ​ខ្លាច​ថា ការអនុវត្ត​ការងារ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​បក្ស​ធ្លាក់ចុះ
01, May 2018 , 8:59 am        
រូបភាព
ដោយ:
​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ ជាពិសេស​ទៅលើ​មន្ត្រី​សាធារណៈ គឺជា​ផែនការ​អនុវត្ត​អាទិភាព​មួយ របស់​រដ្ឋាភិបាល​វៀត​ណា​ម ក៏ដូចជា​បក្ស​កុ​ម្មុយ​នី​ស្តី​វៀតណាម​។ ពាក់ព័ន្ធ​បញ្ហា​នេះ ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyễn Phú Trọng បាន​ដាស់តឿន​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ខិតខំ​បំពេញការងារ​ទ្វេដង ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ និង​ទំនុកចិត្ត​ពី​សាធារណជន​ឡើងវិញ ។



​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyễn Phú Trọng នៅ​ថ្ងៃ​២៨ មេសា បាន​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ការស៊ើបអង្កេត​លើ​ករណី​ពុករលួយ​ធំៗ និង​សាំញ៉ាំ ក៏ដូចជា​បញ្ហា​មិន​ប្រក្រតី លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​ចាប់អារម្មណ៍ និង​ស្រងាកចិត្ត ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News ។

​តាម​ប្រភពព័ត៌មាន​ដដែល គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​វៀតណាម ក៏បាន​រាយការណ៍​ដល់​ប្រមុខ​បក្ស​រូបនេះ ពី​កិច្ច​ប្រឹង​ប្រឹង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​រួមមាន​ទាំង​ប៉ូលិស ទាហាន និង​អង្គភាព​យុត្តិធម៌ និង​ក្រុមអធិការកិច្ច​រដ្ឋាភិបាល​វៀតណាម បានសម្រេច​លទ្ធផល​ល្អ និង​ទទួលបាន​ការសរសើរ​ពី​សាធារណជន​ទៀតផង ។

​តាមរយៈ​ជំនួប​ជាមួយ​អគ្គលេខាធិការ​បក្ស​វៀតណាម គណៈ​កម្ម​ធិ​ការប្រឆាំង​អំពើពុករលួយ​វៀតណាម បាន​លើកយក​សំណុំរឿង ដែល​ធ្វើ​ឲ្យ​សាធារណជន​ទទួលស្គាល់ និង​សរសើរ ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​វៀ​ត​ណា​ម​ជាងគេ គឺ​ការកាត់ក្តី​លើ​មន្ត្រី​មានអំណាច​តែម្តង​។ ជាក់ស្តែង​នោះ គឺ​ករណី​ជំនុំជម្រះ​ជនសង្ស័យ​ចំនួន​២២​នាក់ ក្នុងករណី​ពុករលួយ ក្នុង​ក្រុមហ៊ុន​ប្រេង​រដ្ឋ PetroVietnam ។

​ជុំវិញ​ចំណាត់​ការប្រឆាំង​អំពើពុករលួយ​នេះដែរ ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម ក៏បាន​ទទួលស្គាល់ថា​ជា​រឿង​ដ៏​លំបាក​មួយ ដ្បិត​លោក មើលឃើញថា ចំណាត់ការ​នេះ ប្រៀបដូចជា​ការ​វាយ​សំពង​មកលើ​ខ្លួនឯង​យ៉ាង​ដូច្នេះ​។ មានន័យថា ចាត់​វិធាន​ប្រឆាំង​ជន​ប្រព្រឹត្ត​អំពើពុករលួយ ដែលជា​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា     ភិ​បាល និង​ជា​មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត ប្រៀប​ដូច​បង្ហាញ​ពី​ភាព​ខ្សោយ នៃ​ការដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​។

​យ៉ាងណាក៏ដោយ តាម Vietnam News ប្រមុខ​បក្ស​វៀតណាម​រូបនេះ ក៏បាន​ផ្ញើ​សារ​ដាស់តឿន ដល់​អ្នកអនុវត្ត​ពាក់ព័ន្ធ​ផងដែរ​ថា​៖« យើង​មិនត្រូវ​ខ្លាច​ថា ការចាត់​វិធាន​ប្រឆាំង​អំពើពុករលួយ​លើ​ខ្លួន (​មន្ត្រី​ពុករលួយ​) នឹងធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​បក្ស​ធា្ល​ក់​ចុះ​ឡើយ ដ្បិត​យើង​ក៏​មិន​អាចធ្វើ​ឲ្យ​ខ្លួន​រីកចម្រើន​បានដែរ ប្រសិន​យើង​ខ្លាច​ចំណុចខ្សោយ​របស់​យើង​នោះ​»​។ លោក​បន្តថា តម្លាភាព គឺជា​គន្លឹះ​មួយ​ដែល​ធ្វើ​សាធារណជន​មាន​ទំនុក​ឡើងវិញ​លើ​បក្ស​។​

​គួរ​រម្លឹក​បន្តិច​ដែរ​ថា នៅ​ចុងឆ្នាំ ២០១៧​កន្លងទៅ គណបក្ស​កុម្មុយនីស្ដ​វៀតណាម បាន​ដាក់ចេញ​បទបញ្ញត្តិ​ធ្ងន់ធ្ងរ​មួយ ដោយ​សំដៅ​ការគ្រប់គ្រង​សកម្មភាព​មន្ត្រីជាន់ខ្ពស់ ដើម្បី​ធ្វើយ៉ាងណា ប្រឆាំង​អំពើពុករលួយ ដែលជា​ជំងឺ​សង្គម ក៏ដូចជា​បញ្ចៀស​បញ្ហា​បក្សពួកនិយម និង​ធានាបាន​ថា មន្ត្រី​វៀតណាម​មាន​ភាព​ស្អាតស្អំ មិន​កេងប្រវ័ញ្ច​រដ្ឋ​៕


Tag:
 វៀតណាម​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com