អន្តរជាតិ
ម៉ា​ឡេ​ស៊ីប្រើ​«​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​»​ចាប់​មនុស្ស​ដាក់គុក​ជា​លើកដំបូង​
30, Apr 2018 , 6:08 pm        
រូបភាព
រូបភាព Malaysian Times
រូបភាព Malaysian Times
ដោយ: ថ្មីៗ
 ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយ​សប្តាហ៍ ដោយសារ​គេ​បំពាន​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​ទើប​ដាក់​អនុវត្ត​ថ្មីៗ​នេះ​។ ជននេះ​បង្ខូចឈ្មោះ​សមត្ថកិច្ច និង​អាជ្ញាធរ​ម៉ាឡេស៊ី​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​ករណី​ឃាតកម្ម​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នៅ​ម៉ាឡេស៊ី​។​



Salah Salem Saleh Sulaiman ជនជាតិ​ដា​ណឺ​ម៉ាក​ដើមកំណើត​យេ​ម៉ែន​ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយ​សប្តាហ៍​ដោយសារ​លោក​បំពាន​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដោយនិយាយ​ចោទប្រកាន់​អាជ្ញាធរ​ទាំង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ជន​ខាងលើនេះ​បាន​សារភាពថា ខ្លួន​បាន​បង្កើត​វីដេអូ និង​ផុស​ក្នុង YouTube ដោយ​ចោទប្រកាន់ថា​អាជ្ញាធរ​យឺតយ៉ាវ​ក្នុងការ​ឆ្លើយតប​បញ្ហា​ក្រោយ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ត្រូវបាន​គេ​សម្លាប់​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ​។  ជននេះ​បានបញ្ជាក់​ផងដែរ​ថា​ខ្លួន​មិនបាន​ដឹង​ពី​ច្បាប់​ម៉ាឡេស៊ី​ឡើយ​។ 
«​ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​បង្កើត​កំហុសឆ្គង​មួយ​ព្រោះ​ខ្ញុំ​មិន​បានដឹង​ច្បាស់​ពី​ច្បាប់​នៃ​ប្រទេស​នេះ​»​។ Salah និយាយ​បែបនេះ​។ 

​តាមពិតទៅ​ម៉ាឡេស៊ី​ទើប​អនុម័ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​កាលពីដើម​ខែមេសា​កន្លង​មកនេះ​ទេ ហើយ​សកម្មភាព​នេះ​បានធ្វើ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ផង​ពី​សំណាក់​ក្រុម​សិទ្ធិមនុស្ស​។ គេ​ចាត់ទុកថា ម៉ាឡេស៊ី​កំពុង​ព្យាយាម​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ប្រជាជន​ផងដែរ​។​

​ត្រឡប់មកវិញ តាម​ភស្តុតាង និង​ចម្លើយសារភាព​របស់​ជ​ន​ជាតិ​ដា​ណឺ​ម៉ាក​ខាងលើ ចៅក្រម Zaman Mohamad បាន​កាត់ទោស​ជន​ខាង​លើ​ឲ្យ​ជាប់គុក​មួយ​សប្តាហ៍ និង​ត្រូវ​បង់លុយ ២៥០០​ដុល្លារ​បន្ថែមទៀត​។ ក្នុងករណី​ដែល​គេ​មិនមាន​លទ្ធភាព​បង់លុយ​សំណង Salah អាច​នឹងត្រូវ​ជាប់ឃុំ​ឃាំង​មួយខែ​ផងដែរ​។

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ថា ជន​ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​មនុស្ស​គឺ Fadi al-Batsh អ្នកជំនាញ​ផលិត​គ្រាប់​រ៉ុក្កែត ហើយ​លោក​ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃ ២១ ខែមេសា​។ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ចោទប្រកាន់ថា ក្រុម​ចារកម្ម​របស់​អ៊ីស្រាអែល​ជា​អ្នក​នៅ​ពីក្រោយ​ការធ្វើឃាត​បុរស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នេះ​។ យ៉ាងណាក៏ដោយ ខាង​អាជ្ញាធរ​អ៊ីស្រាអែល​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​។


Tag:
 ម៉ាឡេស៊ី​
  ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​
  ដា​ណឺ​ម៉ាក​
© រក្សាសិទ្ធិដោយ thmeythmey.com