អន្តរជាតិ
បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ប្រាប់​អឺរ៉ុប​ឲ្យ​ត្រៀម​ទប់ទល់​ការដំឡើង​ពន្ធ​របស់​អាមេរិក​
30, Apr 2018 , 10:39 pm        
រូបភាព
មេដឹកនាំបារាំង អង់គ្លេស និងអាល្លឺម៉ង់ក្នុងជំនួបនៅទីក្រុងព្រុចសែល (រូបភាព AFP)
មេដឹកនាំបារាំង អង់គ្លេស និងអាល្លឺម៉ង់ក្នុងជំនួបនៅទីក្រុងព្រុចសែល (រូបភាព AFP)
​មហាអំណាច​អឺរ៉ុប​បី​ប្រទេស មាន បារាំង អាល្លឺម៉ង់ និង​អង់គ្លេស បាន​ប្រាប់​ឲ្យ​អឺរ៉ុប​ត្រៀមខ្លួន បើ​អាមេរិក​អនុវត្ត​ការយកពន្ធ​ដ៏​ខ្ពស់​លើ​ដែកថែប និង​អាលុយមីញ៉ូម​។ ក្នុងករណីនេះ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ អាច​ផ្ទុះឡើង​មិន​ខាន បើ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជម្នះ​យកពន្ធ​មែន​នោះ​។ មេដឹកនាំ​បារាំង និង​អាល្លឺម៉ង់ សុទ្ធតែ​បរាជ័យ ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ​លោក ត្រាំ លើកលែង​ការអនុវត្ត​ពន្ធ​នេះ​លើ​អឺរ៉ុប ទោះជា​បាន​ទៅដល់​សេត​វិមាន​ផ្ទាល់​ក្ដី​។​



​នៅ​ថ្ងៃទី​១ ខែឧសភា ការលើកលែង​ការយកពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​របស់​អឺរ៉ុប​ចូល​ទីផ្សារ​អាមេរិក នឹងត្រូវ​ផុតកំណត់​។ បើ​មិនមាន​ការលើកលែង​ណាមួយ​ទេនោះ អាមេរិក នឹង​យកពន្ធ​លើ​ដែកថែប​ចំនួន​២៥​ភាគរយ និង​អាលុយមីញ៉ូម​ចំនួន​១០​ភាគរយ​ពី​អឺរ៉ុប ខណៈ​អាមេរិក បាន​អនុវត្ត​ការយកពន្ធ​នេះ ពី​ប្រទេស​ជាច្រើន​រួចស្រេច​ទៅហើយ​។ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​របស់​អឺរ៉ុប បានប្រកាស​ឲ្យ​មានការ​ត្រៀមខ្លួន​ទុក​មុន​។​

​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង អធិការបតី​អាល្លឺម៉ង់ អេ​ន​ជែ​ឡា មឺ​ហ្គែ​ល និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ បាន​ជជែក​តាម​ទូរ​សព្ទ​ពាក់ព័ន្ធ​ករណីនេះ​។ វិមាន​ប្រធានាធិបតី​បារាំង​Elysee ប្រកាស​នៅ​ថ្ងៃទី​២៩ ខែមេសា​ថា មេដឹកនាំ​ទាំងបី​ប្រទេស ឯកភាពគ្នា ពី​ភាពចាំបាច់​សម្រាប់​អឺរ៉ុប ក្នុងការ​ត្រៀមខ្លួន​តបត​ទៅនឹង​ការអនុវត្ត​ពន្ធ​របស់​អាមេរិក​។ មេដឹកនាំ​ទាំងបី​ក៏​សង្ឃឹមថា អាមេរិក​មិន​ធ្វើ​អ្វីដែល​ផ្ទុយ​ពី​ប្រយោជន៍​ទាំងសងខាង​ដែរ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​កាលពី​សប្ដាហ៍​មុន លោក ម៉ា​ក្រុង និង​លោកស្រី មឺ​ហ្គែ​ល បាន​ទៅ​ជួប​លោក ត្រាំ ដល់​សេត​វិមាន ប៉ុន្តែ​ពុំបាន​លទ្ធផល​អ្វី​ឡើយ លើ​រឿង​យកពន្ធ​នេះ​។ លោក ត្រាំ មិនបាន​សន្យាថា នឹង​បន្ត​លើកលែង​ការយកពន្ធ​ដ៏​ពី​អឺរ៉ុប​ដែល​បាន​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម ក្នុង​ទំហំ​ទឹកប្រាក់​ច្រើនជាង​៧.៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ។ បន្ទាប់ពី​ត្រឡប់មកផ្ទះ​ដោយ​មិនបាន​អ្វី លោកស្រី​អធិការបតី​អាល្លឺម៉ង់​បញ្ជាក់ថា អឺរ៉ុប មានការ​តាំងចិត្ត​ដើម្បី​ការពារ​ប្រយោជន៍​របស់ខ្លួន ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម    ពហុភាគី​។  

​តាមពិតទៅ អឺរ៉ុប ព្រមទាំង​ប្រទេស​សម្ព័ន្ធមិត្ត​ជិតដិត​របស់​អាមេរិក​មួ​យ​ចំនួន​ទៀត មានឈ្មោះ​ក្នុង​បញ្ជី ដែល​ត្រូវ​លើកលែង​ការអនុវត្ត​ពន្ធ ពី​សំណាក់​រដ្ឋបាល​លោក ត្រាំ ខណៈ​ចិន ជា​មុខព្រួញ​សំខាន់​របស់​អាមេរិក​។ សម្ព័ន្ធមិត្ត​អាមេរិក បាន​ព្យាយាម​ចរចា​ជាមួយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ដើម្បី​បាន​រួច​ផុតពី​ការដំឡើង​ង​ពន្ធ​ដ៏​ខ្ពស់​នេះ​។ អឺរ៉ុប បាន​គំរាម​រួចស្រេច​ហើយ ក្នុងការ​ដាក់​ពន្ធ​លើ​ទំនិញ​អាមេរិក បើ​អាមេរិក​ហ៊ាន​យកពន្ធ​ដែកថែប និង​អាលុយមីញ៉ូម​មែន​។​

​លើ​ករណី​ពន្ធ​នេះ លោក ម៉ា​ក្រុង ក៏​ធ្លាប់​រំឭក​អាមេរិក​ដែរ និង​បាន​ប្រាប់​អាមេរិក មិន​ត្រូវយក​សម្ព័ន្ធមិត្ត​ធ្វើ​សត្រូវ​ឡើយ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​អាមេរិក ប្រធានាធិបតី​បារាំង បាន​ប្រាប់​សភា​អាមេរិក​ថា អាមេរិក​មិនត្រូវ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សម្ព័ន្ធមិត្ត​ឡើយ​។ យ៉ាងណាមិញ បើ​អាមេរិក​ពិតជា​យកពន្ធ​ពី​អឺរ៉ុប​មែន អឺរ៉ុប​ក៏​មិន​នៅ​ស្ងៀម​ដែរ និង​ទំនង​ចាត់វិធានការ​ឆ្លើយតប ដូចដែល​ចិន​បានធ្វើ​ដាក់​អាមេរិក​ដូច្នោះ​ដែរ​៕ 



Tag:
 បារាំង​
  អាល្លឺម៉ង់​
  អង់គ្លេស​
  អាមេរិក​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com