អន្តរជាតិ
លោក ឌូ​ទើ​តេ សរសើរ​គុណភាព​អង្ករ​វៀតណាម និង​ចង់​ឲ្យ​វៀតណាម​ធានា​ពី​ការផ្គត់ផ្គង់​យូរអង្វែង​
30, Apr 2018 , 11:19 pm        
រូបភាព
ដោយ:
​ប្រមុខរដ្ឋ​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) បាន​ជួបពិភាក្សា​ទ្វេភាគី​ក្រៅផ្លូវការ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​វៀតណាម​លោក ង្វៀង សួន​ហ្វ៊ុ​ក (Nguyễn Xuân Phúc) ។ តាមរយៈ​ជំនួប​នេះ  ភាគី​ទាំងពីរ បាន​ជជែក​គ្នា​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាពិសេស​ការផ្គត់ផ្គង់​អង្ករ​។



​នា​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​នៅ​សិង្ហ​បុរី លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និង លោកនាយក​រដ្ឋមន្ត្រី ង្វៀង សួន​ហ្វ៊ុ​ក បាន​ជួបពិភាក្សា​លក្ខណៈ​ភាគី លើ​ប្រធានបទ​ជាច្រើន ដែល​រួមមាន​ពាក់ព័ន្ធ​ទាំង​វិស័យ​ការពារជាតិ និង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ទៅមុខ​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam News តាមរយៈ​ជំនួប​នេះដែរ លោក ឌូ​ទើ​តេ បាន​ថ្លែង​អរគុណ​រដ្ឋាភិបាល​វៀត​ណា​ម ដែល​បាន​បង្កើត​លក្ខខណ្ឌ​ល្អ សម្រាប់​ពលរដ្ឋ​ហ្វីលីពីន រស់នៅ និង​ប្រកប​អាជីវកម្ម​នៅក្នុង​ប្រទេស​វៀតណាម ។ លោក បាន​ប្តេជ្ញា​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​វៀតណាម ដើម្បី​បំពេញ​សេចក្តីត្រូវការ​គ្នា​ទៅវិញទៅមក ។​

​អ្វីដែល​គួរកត់សម្គាល់​នោះ ប្រមុខរដ្ឋ​ហ្វីលីពីន ក៏បាន​ឆ្លៀតឱកាស​សរសើរ​ពី​គុណភាព​អង្ករ​របស់​វៀតណាម​ផងដែរ ហើយ​ប្រមុខរដ្ឋ​រូបនេះ ក៏​ថែមទាំង​បាន​អះអាងថា លោក ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម លើ​ពាណិជ្ជកម្ម​អង្ករ និង​ចង់​ឲ្យ​វៀតណាម ក្លាយជា​អ្នកផ្គត់ផ្គង់​អង្ករ​ដ៏​យូរអង្វែង សម្រាប់​ហ្វីលីពីន​ទៀតផង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ។
​តប​នឹង​ការសរសើរ និង​លើកឡើង​របស់​ប្រមុខ​ហ្វីលីពីន នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​ទទួលស្គាល់ និង​សរសើរ​ប្រធាន​ធិបតី​ហ្វីលីពីន ដែល​បាន​ដឹកនាំ​អាស៊ាន​កាលពី​ឆ្នាំ​២០១៧ ប្រកបដោយ​ជោគជ័យ និង​ផ្លែផ្កា​។ នាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ បន្ត​ផ្លាស់ប្តូរ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ និង​អនុវត្ត​សកម្ម​លើ​ការឆ្លើយតប និង​សង្គ្រោះ​បញ្ហា​ដែនសមុទ្រ​រួមគ្នា ក៏ដូចជា​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេ​វរ​កម្ម​ផងដែរ​៕


Tag:
 វៀតណាម
  ហ្វីលីពីន​
  អង្ករ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com