កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ចង់​បបួល​កូរ៉េខាងជើង​បង្កើត​ក្រុមកីឡា​រួមគ្នា ចូលរួម​កីឡា​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​
01, May 2018 , 8:59 pm        
រូបភាព
​សហព័ន្ធ​កីឡា​ចំនួន ៧ របស់​កូរ៉េខាងត្បូង កំពុង​ពិចារណា​បង្កើត​ក្រុមកីឡា​រួមគ្នា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ឥណ្ឌូណេស៊ី ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​មន្ត្រី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៣០ ខែមេសា ប៉ុន្តែ​ប្រភព​ដដែល​បញ្ជាក់ថា វិញ្ញាសាកីឡាបាល់ទាត់ កូរ៉េ​ទាំងពីរ​នឹងមិន​ចូលរួម​ជាមួយគ្នា​ទេ​។​



​បើតាម​អ្នកនាំពាក្យ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ខាងត្បូង ប្រភេទ​កីឡា​ចំនួន​៧ ដែល​កូរ៉េ​ទាំងពីរ​អាច​នឹង​រួមគ្នា​នោះ​រួមមាន កីឡាបាល់បោះ​, យ៉ូ​ដូ​, វាយ​កូន​បាល់​លើ​តុ​, ទូក​កា​នូ​, សូ​ហ្វ​តិ​ន្នី​ស​, ប្រ​ណាំ​ទូក និង កីឡា​កាយសម្ព័ន្ធ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បង្កើត​ក្រុមកីឡា​រួមគ្នា​នេះ គឺ​ក្រោយ​មាន​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​គឺ​ប្រធានាធិបតី​កូរ៉េខាងត្បូង មួន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ ២០១៨​។ ភាគី​ទាំងសងខាង​បាន​ប្តេជ្ញា​បញ្ចប់សង្គ្រាម បង្រួបបង្រួម​កូរ៉េ និង​សហការគ្នា​យ៉ាងសកម្ម​ដើម្បី​បង្កើត​សន្តិភាព​ឲ្យ​បានល្អ និង​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ថែមទាំង​យល់ព្រម​បង្ហាញ​សាមគ្គីភាព​ដោយ​«​រួមគ្នា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដូចជា​កីឡា​អាស៊ី​ឆ្នាំ​២០១៨​នេះ​»​។​



​កូរ៉េ​ទាំងពីរ​ធ្លាប់បាន​រួមគ្នា​រួចមក​ហើយដោយ​បញ្ចូល​គ្នា​ក្នុង​វិញ្ញាសា​កីឡា​ហ៊ុ​គី​ទឹក​ក (Ice Hockey) នៅក្នុង​ព្រឹត្តិការណ៍​កី​ឡ​អូឡាំពិក​រដូវរងា​នាទី​ក្រុង​ព្យុង​ឆាង (Pyeongchang) ប្រទេស​កូរ៉េខាងត្បូង​កាលពី​ខែកុម្ភៈ​កន្លងទៅ​។ លើសពីនេះ​ពួកគេ​ក៏បាន​ដើរ​ហែ​ក្បួន​រួមគ្នា​នៅក្រោម​ទង់ជាតិ​ឧបទ្វីប​កូរ៉េ​តែមួយ​នៅ​ថ្ងៃ​បើកឆាក​នោះ​ផងដែរ​។​

​កីឡា​អាស៊ី (Asian Games) លើក​ទី​១៨ នឹងធ្វើ​ឡើង​ក្នុង​ក្រុង​ហ្សា​កាតា និង​ប៉ាល​បាង (Palembang) ប្រទេស​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃទី ១៨ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨៕


Tag:
 កីឡា​អាស៊ី​
  Asian Games
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com