ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី បង្កើត​ខិត្តប័ណ្ណ ដែល​បង្ហាញថា បើ​មិន​ទៅ​បោះឆ្នោត គឺ​គាំទ្រ CNRP បើ​ទៅ គឺ​គាំទ្រ CPP
02, May 2018 , 11:42 am        
រូបភាព
រូបពីហ្វេសបុករបស់លោក សម  រង្ស៊ី
រូបពីហ្វេសបុករបស់លោក សម រង្ស៊ី
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​បង្ហោះ​ខិត្តប័ណ្ណ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ជម្រើស​ពីរ​យ៉ាង ដល់​ប្រជាពលរដ្ឋ គឺ​ទី​១ ទៅ​បោះឆ្នោត និង​ទី​២ មិន​ទៅ​បោះឆ្នោត​។



​ខ្លឹមសារ​ក្នុង​ខិត្តប័ណ្ណ​របស់លោក សម រង្ស៊ី បញ្ជាក់ថា អ្នក​ដែល​ជ្រើស​រើសយក​ជម្រើស​ទី​១ គឺ​បង្ហាញ​ពី​ការគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) ក្នុង​ចិត្ត ហើយ​ចង់​ឲ្យ​គណបក្ស​នេះ ដឹកនាំ​ប្រទេស ឯ​អ្នក​ដែល​ជ្រើស​រើសយក​ជម្រើស​ទី​២ គឺ​បង្ហាញ​ពី​ការគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​។ លោក បាន​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា​៖«​សូម​ចែកចាយ​ខិត្តប័ណ្ណ​នេះ ជុំវិញ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​គ្រប់គ្នា​»​។​

 



​លោក សម រង្ស៊ី ដែល​កំពុង​និរទេស បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ប្រសិនបើ​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក បាន​ហៅ​ការបោះឆ្នោត ដែល​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ​។

​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ថែមទាំង​ចាត់ទុក​ការចូលរួម​របស់​គណ​បក្ស​ដទៃ ថា​គ្រាន់តែ​ដើម្បី​លម្អ​ឆាកល្ខោន​ឲ្យ​របប​ដឹកនាំ​សព្វថ្ងៃ បាន​បន្ត​កាន់អំណាច​ប៉ុណ្ណោះ​។  សម្រាប់​លោក ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ដទៃ មិនមែនជា​ដៃគូ​ប្រកួត​របស់​គណបក្ស​កាន់អំណាច​ឡើយ​។ 

​ផ្ទុយ​ពី​លោក សម រង្ស៊ី និង​ក្រុមប្រឆាំង គណបក្សកាន់អំណាច បាន​សម្តែង​ស្វាគមន៍​ចំពោះ​គណបក្ស​នានា ដែល​យកពាក្យ​ទៅ​ដាក់​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត (​គ​.​ជ​.​ប​.) ដើម្បី​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​។ ចំពោះ​ការយល់ឃើញ​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ការចូលរួម​របស់​គ​ណ​បក្ស​ទាំងនោះ គឺ​បង្ហាញថា​កម្ពុជា កំពុង​គោរព​និង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។

​ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ទោះជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​ការបោះឆ្នោត នៅតែ​ដំណើរការ​តាម​គោលការណ៍​ច្បាប់ និង​ប្រជាធិបតេយ្យ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ សន្និដ្ឋានថា ប្រជាពលរដ្ឋ​ភាគច្រើន នឹង​ទៅ​បោះឆ្នោត ដោយ​មិន​បោះបង់​ឱកាស​នេះ តាម​ការអំពាវនាវរ​បស់​មេគណបក្ស​ប្រឆាំង​ឡើយ​។

​មកដល់ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​មួយចំនួនទៀត បាន​យកពាក្យ​ទៅ​ដា​ក់នៅ​គ​.​ជ​.​ប​. រួចហើយ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។ ការចុះឈ្មោះ​នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨៕
 

Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com