កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Klopp ថា Liverpool លេង​ដូច «​ឆ្កួត​» តែ​បាន​ឡើងទៅ​ប៉ះ Real វគ្គ​ផ្តាច់ព្រ័ត្រ​
03, May 2018 , 11:18 am        
រូបភាព
លោក Klopp ទៅចាប់ដៃ Salah ក្រោយបញ្ចប់ការប្រកួត។ រូបថត AFP
លោក Klopp ទៅចាប់ដៃ Salah ក្រោយបញ្ចប់ការប្រកួត។ រូបថត AFP
​លោក Jurgen Klopp ថា Liverpool លេង​បាល់​ដូច «​ឆ្កួត​» បន្ទាប់ពី​ចាញ់ Roma ៤-២ ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ឈ្នះ​សរុប​ទាំងពីរ​ជើង ៧-៦ អាចឈាន​ទៅកាន់​វគ្គ​ផ្តាច់​ពានរង្វាន់ UEFA Champions League ជា​លើកដំបូង តាំងពី​ឆ្នាំ​២០០៧​មក​។​



​បើទោះបី​ចាញ់​ក្នុងការ​ប្រកួត​ជើង​ទី​២ នៅ​ទឹកដី Stadio Olimpico ក៏ដោយ ប៉ុន្តែ Liverpool ដែល​បាន​យកឈ្នះ Roma កាលពី​ជើង​ទី​១ នៅ​កីឡដ្ឋាន Anfield រហូត ៥-២ នោះ បាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ដែល​ធ្វើឡើង​នៅ​ក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន នា​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ​២០១៨​។​



​ក្រុម​ភ្ញៀ​វ Liverpool បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​ដោយ​កីឡាករ sadio Mane នៅ​នាទី​៩ មុនពេល Milner ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​៦​នាទី​បន្ទាប់​។ ចូលដល់​នាទី​២៦ ខ្សែបម្រើ Wijnaldum បានតែ​តបាល់​បញ្ចូល​ទី​ជួយ​ក្រុម​លោក Klopp នាំមុខ​ក្រុម​លោក Eusebio Di Francesco ២-១ នៅ​វគ្គ​ទី​១​។​

​ត្រឹម​១១​នាទី​នៅ​វគ្គ​ទី​២ ខ្សែប្រយុទ្ធ​ឆ្នើម Edin Dzeko បាន​វាយបក​តាម​ស្មើ​វិញ​ឲ្យ Roma មុនពេល​ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក Nainggolan ស៊ុត​២​គ្រាប់​ម្នាក់ឯង​នៅ​នាទី ៨៦ និង​៩០+ នាំ Roma ឈ្នះ Liverpool ៤-២​។

​ក្រោយ​បញ្ចប់​ការប្រកួត​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​រៀបរាប់ថា​៖«​ការប្រកួត​នេះ ស្វិតស្វាញ​ណាស់ ប៉ុន្តែ​វា​គួរ​ឲ្យ​រំភើប​បន្តិច​ដែរ ដែល​វា​លើសពី​អ្វីដែល​ខ្ញុំ​ចង់បាន​។ នេះ​ជាការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង​សម្រាប់​កីឡាករ​របស់​យើង ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ពួកគេ​មាន​ភាព​ពុះកញ្ជ្រោល ហើយ​លេង​បាល់​ដូច​ឆ្កួត​»​។​



Klopp បន្ថែមថា ក្រុម​របស់ខ្លួន​មានសំណាង​ប​ន្តិ​បន្តួច​ដែរ ដែល​អាច​ឡើងទៅ​កាន់​វ​គ្គ​ផ្តាច់ព្រ័ត្រ តែ​ក៏​មិន​ខុសពី​គូប្រជែង Real Madrid នោះដែរ​។

​ក្រុម​រហស្សនាម​ហង្ស​ក្រហម ជា​ក្រុម​មកពី​អង់គ្លេស​ដែលមាន​ប្រវត្តិ​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​នេះ​ច្រើនជាងគេ ពោលគឺ​៥​ដង​មកហើយ​។ ពួកគេ​លើក​ពាន​នេះ​លើកចុងក្រោយ​នៅ​ឆ្នាំ ២០០៥ ដោយ​ផ្តួល AC Milan ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​៕




Tag:
 ​បាល់ទាត់​
  UEFA Champions League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com