FIFA
កីឡាជាតិ
ជាតិ
World Cup៖ FIFA នឹង​ឧបត្ថម្ភ​បន្ថែម ១០​លាន​ដុល្លារ ដល់​ក្រុម​ពី​តំបន់​អាហ្វ្រិក​
06, May 2018 , 8:39 pm        
រូបភាព
 សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នឹង​ផ្តល់ប្រាក់​លើកទឹកចិត្ត​ចំនួន ១០​លាន​ដុល្លារ​ដល់​ក្រុម​មកពី​អាហ្វ្រិក ៥ ដែល​ឈានទៅ​កាន់ការ​ប្រកួត FIFA World Cup នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ ដើម្បី​ជួយ​ពួកគេ​ត្រៀម​រៀបចំខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក (CAF)​។​


​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ អេ​ហ្ស៊ី​ប ម៉ា​រ៉ុ​ក នី​ហ្សេ​រី​យ៉ា សេ​ណេ​ហ្គា​ល់ និង ទុយ​ណេ​ស៊ី នឹង​ទទួលបាន​ប្រាក់​ក្នុង​មួយក្រុម ២​លាន​ដុល្លារ​ពី FIFA ដើម្បី​យកទៅ​ផ្គត់ផ្គង់​ដល់​កីឡាករ​មុនពេល​ធ្វើដំណើរ​ទៅ​រុស្ស៊ី​នៅ​ពាក់កណ្តាល​ខែមិថុនា​ខាងមុខនេះ​។​
 
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក​លោក Ahmad Ahmad បាន​លើកឡើងថា ការផ្តល់ប្រាក់​សម្រាប់​មុន​ចំនួន​២​លាន​ដុល្លារ​សម្រាប់​ក្រុម​នៅ​អាហ្វ្រិក​នេះ ដោយសារ​ធ្លាប់មាន​បញ្ហា​រួចមកហើយ​អំពី​ការទូទាត់​លើ​ប្រាក់​ចំណាយ​ទៅលើ​កីឡាករ​មិន​គ្រប់​តាម​តួលេខ​ពិតប្រាកដ ក្នុង​ព្រឹត្តិការណ៍ World Cup កន្លងមក​ដែល​ផ្តល់​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​រូបភាព​កីឡាបាល់ទាត់​អាហ្វ្រិក និង​ការប្រកួត​របស់​ពួកគេ​។​
 
​បញ្ចា​ខាងលើនេះ បានកើត​ឡើងលើ​ក្រុម​នី​ហ្សេ​រី​យ៉ា​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់ Confederations Cup ឆ្នាំ ២០១៣ នៅ​ប្រ​ស៊ី​ល និង​បន្ត​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការប្រកួត World Cup ឆ្នាំ​២០១៤ ថែមទៀត​។ បញ្ហា​ស្រដៀង​គ្នា​នេះ ក៏បាន​កើត​ឡើងលើ​ក្រុម​អាហ្វ្រិក​ដទៃទៀត​ផងដែរ​។​
 
​សូមបញ្ជាក់ថា ក្រុម​ទាំង ៣២ ដែល​បាន​កៅអី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​លើក​ទី​២២ នៅ​រុស្ស៊ី ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នឹង​ទទួលបាន​ក្នុង​មួយក្រុម ១.៥ លាន​ដុល្លារ​ពី FIFA ហើយនឹង​ប្រាក់រង្វាន់​បន្ថែមទៀត​យ៉ាងហោចណាស់ ៨​លាន​ដុល្លារ​នៅក្រោយពេល​បញ្ចប់​ព្រឹត្តិការណ៍​៕
 

Tag:
 បាល់ទាត់​
  FIFA World Cup
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com