ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល បើកសវនាការ​លើ​សំណុំរឿង​លោក កឹម សុខា នៅ​ព្រឹក​នេះ
07, May 2018 , 9:14 am        
រូបភាព
​តុលាការ​កំពូល កំពុងដំណើរការ​សវ​នា​ការ នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨​នេះ លើ​សំណុំរឿង​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។


 
​សវនាការ​នេះ មានតែ​ក្រុម​មេធាវី​របស់លោក កឹម សុខា ប៉ុណ្ណោះ​។ ប៉ុន្តែ ​លោក កឹម សុខា មិន​ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​ដឹក​មក​ចូលរួម​ក្នុង​សវនាការ​នោះទេ​។ 
 
​ការបើក​សវនាការ​នេះ គឺធ្វើឡើង​តាម​បណ្តឹងសាទុក្ខ​របស់​ក្រុម​មេធាវី ដែល​សុំ​ជំទាស់​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ក្នុងការ​សម្រេច​ឲ្យ​លោក កឹម សុខា បន្ត​ជាប់ឃុំ​រយៈពេល​៦​ខែ​ទៅមុខទៀត​។ គោលបំណង​របស់​ក្រុម​មេធាវី គឺ​ចង់​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បណ្តោះអាសន្ន​។ 


 
​ជា​នីតិវិធី ជន​ត្រូវ​ចោទ មិនអាច​ត្រូវ​បានដាក់​ឲ្យ​ជាប់ឃុំ​លើសពី​៦​ខែ​ឡើយ​។ ក្នុងអំឡុង​រយៈពេល​៦​ខែ នៃ​ការ​ជាប់ឃុំ ចៅក្រម​ស៊ើបសួរ ត្រូវ​សម្រេច​ថា ដោះលែង​ជន​ត្រូវ​ចោទ ឬក៏​បញ្ជូនទៅ​ជំនុំជម្រះ​។ យ៉ាងណាក៏ដោយ ចៅក្រម​ស៊ើបសួរ នៅតែ​អាច​សម្រេច​ជា​លើក​ទី​២ ដើម្បី​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ ជាប់ឃុំ​រយៈពេល​៦​ខែ​ទៀត ប្រសិនបើ​យល់ថា សំណុំរឿង ត្រូវការ​ភស្តុតាង​បន្ថែម​។ 
 
​សមត្ថកិច្ច បាន​ចាប់​លោក កឹម សុខា កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​ការសង្ស័យថា បាន​គប់គិត​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​តុលាការ ចាត់ទុកជា​អំពើ​ក្បត់ជាតិ​៕



Tag:
 ​កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com