ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​គ​.​ជ​.​ប​. បកស្រាយ​ថា ការបោះឆ្នោត មិន​កំណត់​ពី​ចំនួន​ពលរដ្ឋ​ឡើយ
07, May 2018 , 12:26 pm        
រូបភាព
លោក ស៊ិ​ក ប៊ុន​ហុក​ ប្រធានគ.ជ.ប. ឡើងថ្លែងក្នុងពីធីបញ្ជ្រាបការយល់ដឹងពីការបោះឆ្នោត ដែលរៀបចំនៅខេត្តតាកែវ។ រូបពីគ.ជ.ប.
លោក ស៊ិ​ក ប៊ុន​ហុក​ ប្រធានគ.ជ.ប. ឡើងថ្លែងក្នុងពីធីបញ្ជ្រាបការយល់ដឹងពីការបោះឆ្នោត ដែលរៀបចំនៅខេត្តតាកែវ។ រូបពីគ.ជ.ប.
ភ្នំពេញ៖ ការបោះឆ្នោត​នៅ​កម្ពុជា នៅតែ​ត្រូវបាន​ចាត់ទុកថា​បានការ ទោះជា​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​តិច​ឬ​ច្រើន​។ នេះ​ជាការ​អះអាង​របស់លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​។


 
​លោក ស៊ិ​ក ប៊ុន​ហុក ថ្លែងថា ច្បាប់​នៅ​កម្ពុជា រួមទាំង​នៅ​អឺរ៉ុប មិនបាន​ចែង​ឬ​កំណត់​ពី​ចំនួន​នៃ​អ្នក​ទៅ​បោះឆ្នោត​នោះទេ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​អឺរ៉ុប សូម្បីតែ​អ្នកបោះឆ្នោត មាន​ចំនួន​តែ​៣០​ភាគរយ ក៏​អឺរ៉ុប​មិន​បដិសេធ​ការបោះឆ្នោត​ដែរ​»​។ 
 
​ប្រធាន​គ​.​ជ​.​ប​. បន្ថែមថា ការបោះឆ្នោត​នៅតែ​ស្របច្បាប់​ដដែល ទោះជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក បកស្រាយ​ថា ច្បាប់​នៅ​កម្ពុជា មិនបាន​បែងចែក​ពី​គណបក្ស​តូច គណបក្ស​ធំ គណបក្សកាន់អំណាច ឬ​គណបក្សប្រឆាំង នោះទេ​។ 
 
​ការលើកឡើង​របស់លោក ស៊ិ​ក ប៊ុន​ហុក ខាងលើ គឺធ្វើឡើង​ក្នុង​កម្មវិធី​បញ្ជ្រាប​ការយល់ដឹង​អំពី​ការបោះឆ្នោត ដែល​រៀបចំ​នៅ​ខេត្តតាកែវ​។ អ្នកនាំពាក្យ​គ​.​ជ​.​ប​. អះអាង​កន្លងមក​ថា កម្មវិធី​នេះ នឹងត្រូវ​រៀបចំ​នៅ​គ្រប់​រាជធានី​-​ខេត្ត​។​
 
​ការបកស្រាយ​របស់​ប្រធាន​គ​.​ជ​.​ប​. គឺ​ស្រប​នឹង​ការអំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ពី​សំណាក់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី ដែល​កំពុង​និរទេស មិន​ត្រឹមតែ​អំពាវនាវ​តែ​មាត់​នោះទេ លោក​ថែមទាំង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ចែក​ខិត្តប័ណ្ណ​តៗ​គ្នា​ថែមទៀត ដើម្បី​កុំទៅ​ចូលរួម​បោះឆ្នោត​។ លោក បាន​ហៅ​ការបោះឆ្នោត ថា​ជាការ​បោះឆ្នោត​ក្លែងក្លាយ បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​ការ​អំ​នាវ​នាវ​របស់លោក សម រង្ស៊ី បាន​រង​ប្រតិកម្ម​ពីស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្សកាន់អំណាច​រូបនេះ បានចាត់ទុក​ការឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ថា​ជា​អំពើ​រំលោភច្បាប់​។ 
 
​ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ក៏​និយាយ​ច្រើនលើកច្រើនសា​ដែរ ជំវិញ​ការបោះឆ្នោត​។ លោក សន្និដ្ឋានថា ប្រជាពលរដ្ឋ​ភាគច្រើន នឹង​ទៅ​បោះឆ្នោត ដោយ​មិន​បោះបង់​ឱកាស​នេះ តាម​ការអំពាវនាវរ​បស់​អតីត​មេគណបក្ស​ប្រឆាំង​នោះទេ​។ 
 
​យ៉ាងណាក៏ដោយ សហគមន៍​អន្តរជាតិ​មួយចំនួន នៅតែ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​ពីរ និង​ផ្តល់ឱកាស​ឲ្យ​គណបក្ស​របស់លោក រស់​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត​។ សហគមន៍​អន្តរជាតិ យល់ថា ការបោះឆ្នោត នឹង​មិនមាន​ភាពស្រប​ច្បាប់ និង​មិន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ បើ​គណបក្សប្រឆាំង​ធំជាងគេ ត្រូវបាន​ផាត់​ចេញ​។ 
 
​បច្ចុប្បន្ន គ​.​ជ​.​ប​. កំពុង​ទទួល​ពាក្យ​របស់​គណបក្សនយោបាយ ដើម្បី​ចូលរួម​ប្រកួត​យក​អាសនៈ​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ មកដល់ពេលនេះ គណបក្សកាន់អំណាច និង​គណបក្ស​មួយចំនួនទៀត បានដាក់​ពាក្យ​ទៅ​គ​.​ជ​.​ប​. រួចហើយ ខណៈ​គណបក្ស​ផ្សេង​ពីនេះ កំពុង​បំពេញបែបបទ​។ ការចុះឈ្មោះ​គណបក្ស នៅ​គ​.​ជ​.​ប​. ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​៣០ ខែមេសា​មក នឹងត្រូវ​បិទ​បញ្ចប់​ទៅវិញ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨៕

Tag:
 ​បោះឆ្នោត​
  ស៊ិ​ក ប៊ុន​ហុក​
© រក្សាសិទ្ធិដោយ thmeythmey.com