FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ ព័រ​ទុយ​ហ្គា​ល់អាច​លើក​ពាន World Cup បាន ដោយសារ Ronaldo
09, May 2018 , 7:19 pm        
រូបភាព
Ronaldo និង Mourinho កាលជាគ្រូនិងសិស្សនៅ Real Madrid
Ronaldo និង Mourinho កាលជាគ្រូនិងសិស្សនៅ Real Madrid
​លោក Jose Mourinho ជឿជាក់ថា​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​មាន​សមត្ថភាព​ឈ្នះ​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ដោយសារ​មាន​វត្តមាន​កីឡាករ Cristiano Ronaldo​។ ក្រៅពីនេះ​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United ក៏បាន​សរសើរ​ក្រុម​អា​ហ្ស​ង់​ទីន​ដែលមាន Lionel Messi ដែរ​។  នេះ​បើតាម​ការចុះផ្សាយ​របស់ Goal.com​។​



​តារា​ឆ្នើម​របស់​ក្លិប Real Madrid បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​ព័រ​ទុយ​ហ្គា​ល់​ទទួលជោគជ័យ​នៅ Euro ឆ្នាំ​២០១៦ ដោយ​យកឈ្នះ​ម្ចាស់ផ្ទះ​បារាំង បើទោះបី​រូបគេ​បាន​រងរបួស​នៅ​ដើមតង់​ទី​១​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏ដោយ​។​

​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៥​ឆ្នាំ បាន​រម្លឹក​ពី​ស្នាដៃ​របស់​ម្ចាស់​ពានរង្វាន់ Ballon d'Or ៥​សម័យ​ក្នុង​ព្រឹត្តិ​ពាន​អឺរ៉ុប​នោះ ដោយ​លើកឡើងថា Ronaldo នៅតែមាន​ឥទ្ធិពល​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភពលោក​លើក​ទី​២២ នៅ​រុស្ស៊ី​ដដែល​។​

«​ព័រ​ទុយ​ហ្គា​ល់​មាន​សមាសភាព​កីឡាករ​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ប៉ុន្តែ​បើ​គ្មាន Ronaldo វា​នឹងមិន​អាចទៅរួច​នោះទេ​»​។ អតីត​អ្នកចាត់ការ Real Madrid បាន​ប្រាប់ ESPN ដូច្នេះ​។​
​ទន្ទឹមនឹង​នេះដែរ Mourinho ក៏​ជឿជាក់ថា​អា​ហ្ស​ង់​ទីន​ជា​គូប្រជែង​ដ៏​ខ្លាំងក្លា​មួយ​ដែរ​ដើម្បី​ដណ្តើម​ពានរង្វាន់​នេះ ដោយសារ​ពួកគេ​មាន​កីឡាករ​ឆ្នើម​ម្នាក់​គឺ Lionel Messi​។​

«​ខ្ញុំ​ជឿជាក់ថា​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​បើ​គ្មាន Messi ទេ​ពួកគេ​នឹង​មិនមែនជា​គូប្រយុទ្ធ​ដែល​គួរ​ឲ្យ​ខ្លាច​នោះទេ​»​។ អ្នកចាត់ការ​រហស្សនាម Special One និយាយ​ដូច្នេះ ដោយ​លើក​ហេតុផល​ថា​វត្តមាន​របស់​ក្រុម​លោក Jorge Sampaoli នៅ World Cup លើក​នេះ គឺ​ពឹង​ផ្អែកលើ​តារា​ឆ្នើម​របស់ Barcelona ទាំងស្រុង​។ ម្ចាស់​ពាន Ballon d'Or ៥​សម័យ វ័យ​៣១​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ឲ្យ​អា​ហ្ស​ង់​ទីន ទល់នឹង​អេ​ក្វា​ឌ័​រ ក្នុង​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាមេរិក​ឡាទីន ដើម្បី​បាន​កៅអី​ទៅ​រុស្ស៊ី​ខែក្រោយ​នេះ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Jose Mourinho
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com