FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ត្រាំ ធានា​ដល់ FIFA ថា​នយោបាយ​អាមេរិក​មិន​ប៉ះពាល់​ដល់​ការធ្វើ​ម្ចាស់ផ្ទះ World Cup 2026 ឡើយ​
09, May 2018 , 9:19 pm        
រូបភាព
​ប្រ​ធានា​ធិប​តី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ធានា​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ  (FIFA) ថា​គោលនយោបាយ​រឹត​ត្បិតលើ​ការធ្វើដំណើរ​ចូលមក​សហ​រដ្ឋ​អាមេរិ​ក​ពី​បណ្តា​ប្រទេស​មូស្លីម​នឹងមិន​ប៉ះពាល់​ដល់​សក្តានុពល​នៃ​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០២៦ ពី​សំណាក់​ប្រទេស​អាមេរិក​ខាងជើង​ឡើយ​។​



​បើតាម​ការផ្សាយ​របស់ Yahoo Sport នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​កាលពី​សប្តាហ៍​មុន រដ្ឋបាល​លោក​ត្រាំ​បានសរសេរថា​ប្រសិនបើ​អាមេរិក​, ម៉ិ​ក​ស៊ិ​ក និង​កាណាដា ឈ្នះ​ការបោះឆ្នោត​ថ្ងៃទី ១៣ ខែមិថុនា​សម្រាប់​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២៦ មែន​នោះ «​អត្ត​ព​លិ​ក មន្ត្រី និង​អ្នកគាំទ្រ​មកពី​គ្រប់​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​នឹង​អាច​ចូលទៅ​កាន់​ទឹកដី​អាមេរិក​ដោយ​គ្មាន​ការរើសអើង​»​។​

​ប្រភព​ដដែល​បញ្ជាក់ថា លិខិត​នេះ​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះទេ​តែ​លោក Decio de Maria ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ិ​ក​ស៊ិ​ក​បានបង្ហាញ​ផ្នែក​ខ្លះ​នៅក្នុង​សុន្ទរកថា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​កាលពី​ថ្ងៃទី​៨ ខែឧសភា ដោយ​ចង់​បញ្ជាក់​ពី​ការប៉ុនប៉ង​បំបាត់​ការព្រួយបារម្ភ​អំពី​បញ្ហា​គោ​នយោបាយ​អន្តោប្រវេសន៍រ​បស់​អាមេរិក​។​

​លោក De Maria ដែលជា​សហប្រធាន​គណៈ​ក​ម្មា​ធិ​ការដេញថ្លៃ​ក្នុងចំណោម​ប្រទេស​ទាំង​៣​បាន​និយាយថា​៖ «​រដ្ឋាភិបាល​ទាំង​៣​របស់​យើង​បានផ្តល់​ការធានា​ដ៏​រឹងមាំ​ដែល​អ្នក​ទាំងអស់គ្នា​ត្រូវការ រួមទាំង​សុវត្ថិភាព​ដែល​អាច​ទុកចិត្តបាន និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​កីឡាករ និង​គ្រប់​អ្នកគាំទ្រ​ទាំងអស់​»​។​

​ដូច​អ្វីដែល​អាមេរិក​បាន​ធានា​រួចមកហើយ​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២៨ នៅ​ទីក្រុង Los Angeles នោះ ពួកគេ​លើកឡើងថា មានបំណង​ចេញ​ទិដ្ឋាការ​ទៅតាម​ច្បាប់​របស់​អាមេរិក​ដោយ​មិន​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ ឬ​ជនជាតិ​ណា​នោះទេ សម្រាប់​អ្នក​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពហុ​កីឡា​លំដាប់​ពិភពលោក​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com