FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2026៖ អតីត​មេ FIFA ជំទាស់​នឹង​សំណើ​ដេញថ្លៃ ដោយ​ឲ្យ​ប្រទេស​រួមគ្នា​ជា​ម្ចាស់ផ្ទះ​
13, May 2018 , 8:19 pm        
រូបភាព
រូបភាពី AFP, លោក Sepp Blatter អតីតប្រធាន FIFA
រូបភាពី AFP, លោក Sepp Blatter អតីតប្រធាន FIFA
​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) លោក Sepp Blatter បានបង្ហាញ​ទស្សន​ផ្ទាល់​របស់លោក ថា​ការប្រកួត​ពានរង្វាន់ FIFA World Cup គួរតែ​ធ្វើឡើង​នៅក្នុង​ប្រទេសមួយ​ជាជាង​រៀបចំ​ដោយ​ប្រទេស​ច្រើន​បញ្ចូល​គ្នា​។​


​លោក Blatter ដែល​បច្ចុប្បន្ន​មាន​វ័យ​៨២​ឆ្នាំ បាន​និយាយថា​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​បាន​ចាប់អារម្មណ៍​លើ​ការរៀបចំ​ការប្រកួត World Cup ដោយ​ឲ្យ​សហ​ប្រទេស​ជា​ម្ចាស់ផ្ទះ​រួម ព្រោះ​ពួកគេ​ចង់​បង្កើន​សមាជិក​ដល់ ៤៨​ក្រុម​។​
 
​ការបោះឆ្នោត​ដើម្បី​ប្រជែង​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ក្រុង​មូ​ស្គូ ពោលគឺ​មុន​មួយថ្ងៃ​នៃ​ការបើក​ផ្លូវការ​នៃ​ការប្រកួត World Cup លើក​ទី​២២ នៅ​រុស្ស៊ី​។​
 
​អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​កបាន​រួមគ្នា​ដេញថ្លៃ​ប្រជែង​ជាមួយ​ម៉ា​រ៉ុ​ក​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​
 
«​ដើម្បី​ឲ្យ​ប្រទេស​ធំៗ​៣​រួមគ្នា ... ពួកគេ​ត្រូវ​បង្ហាញថា​អាចធ្វើ​វា​តែឯង​បាន​ជាមុនសិន ហើយ​ត្រូវ​បញ្ជាក់​ពី​មូល​ហេតុថា ហេតុអ្វី​បានជា​ត្រូវ​រួមគ្នា​ទាំង​៣?»​។ Blatter បាន​ប្រាប់ BBC ដូច្នេះ​។​
 
​អតីត​ប្រធាន FIFA សញ្ជាតិ​ស្វេស ធ្លាប់​ទទួល​ភារកិច្ច​គ្រប់គ្រង​លើ​កីឡាបាល់ទាត់​អស់​រយៈពេល ១៧​ឆ្នាំ រហូត​ត្រូវបាន​ហាមឃាត់​និង​ធ្លាក់​ចេញពី​តំណែង​ដោយសារ​រឿងអាស្រូវ​អំពើពុករលួយ​ក្នុង​ឆ្នាំ​២០១៥​។​
 
​ក្រោម​ការដឹកនាំ​កន្លងមក Blatter ធ្លាប់​អនុ​ញ្ជា​ត​តែមួយ​លើក​ប៉ុណ្ណោះ​ក្នុងការ​ឲ្យ​ប្រទេស​ពីរ​រួមគ្នា​ដេញ​ថ្ងៃ​ធ្វើ​ម្ចាស់ផ្ទះ ដែល​កូរ៉េខាងត្បូង និង​ជប៉ុន​បាន​សិទ្ធិ​ដឹកនាំ​ក្នុង​ឆ្នាំ​២០០២​។ ការរៀបចំ​រួមគ្នា​កាលនោះ​លោក​ថា ជាការ​សម្រេចចិត្ត​ខុស និង​ជា​សុបិន​អាក្រក់​របស់ FIFA ទៀតផង​។​
 
​លោក Blatter បាន​បន្ថែមទៀតថា ការដេញថ្លៃ​រួមគ្នា​ក្រោយៗ​មកទៀត​ត្រូវបាន FIFA បដិសេធ​តែម្តង ដែល​ក្នុងនោះ​រួម​មានការ​ច្របាច់​ចូលគ្នា​រវាង​លី​ប៊ី និង​ទុយ​ណេ​ស៊ីក្នុង​ឆ្នាំ​២០១០, អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់​ឆ្នាំ​២០១៤ និង​ចុងក្រោយ ប៊ែ​ល​ហ្ស៊ិ​ក​រួម​នឹង​ហូ​ឡង់​សម្រាប់​ឆ្នាំ​២០១៨៕ 

Tag:
 បាល់ទាត់​
  FIFA World Cup
  Sepp Blatter
© រក្សាសិទ្ធិដោយ thmeythmey.com