កីឡាអន្តរជាតិ
អន្តរជាតិ
ទោះបី​មិនបាន​លេង​ឲ្យ PSG បី​ខែ តែ Neymar នៅតែ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​
14, May 2018 , 12:06 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
Neymar ខ្សែប្រយុទ្ធ​របស់ Paris Saint-Germain ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ (French player of the year prize) នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​បារាំង Ligue 1 ក្នុង​រដូវ​កាល​ដំបូង​របស់ខ្លួន បើទោះជា​អវត្តមាន​ពី​ការរង​បួស​ជើង​រយៈពេល​ជាង​៣​ខែ​ក៏ដោយ​។



​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​ដែល PSG ទិញ​ពី Barcelona កាលពីដើម​រដូវ​កាល រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ១៩ គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ក្នុង​លី​ក ២០​ប្រកួត មុនពេល​រងរបួស​ជើង​កាលពី​ចុងខែ​កុម្ភៈ​ដែល​តម្រូវ​ឲ្យ​រូបគេ​វះកាត់​នៅ​ប្រេ​ស៊ី​ល និង​អាក់ខាន​ចូល​ទីលាន​ប្រកួត​តាំងពី​ពេលនោះ​មក​។​

​បើទោះបី​មិនបាន​ជួយ​ក្រុម​ក្នុង​រយៈពេល​ចុងក្រោយ​ក្តី ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​នៅ​ដើមរដូវ​កាល​សម្រាប់​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុងប៉ារីស​ដើម្បី​ឈ្នះ​ពាន French player of the year prize ក្នុង​រដូវ​កាល​ដំបូង​របស់គេ​នៅ​បារាំង​។​

«​ខ្ញុំ​ពិតជា​រំភើប និង​សប្បាយរីករាយ​ណាស់​ជាមួយនឹង​រដូវ​កាល​របស់​យើង ហើយ​វា​ជា​កិ​ត្ដិ​យស​មួយ​ដោយមាន​ការចូលរួម​ពី​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​។ ខ្ញុំ​នឹងមិន​ទទួលបាន​ពាននេះ​ទេ ប្រសិនជា​មិនមាន​ពួកគាត់​»​។ នេះ​ជាការ​លើកឡើង​របស់ Neymar ក្រោយ​ទទួលពាន​ពី​មិត្ត​រួម​ជាតិ Ronaldo នៅឯ​ពិធី​ប្រគល់​ពានរង្វាន់​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០១៨​។​



​អតីត​សមាជិក​ក្រុម Sao Paulo ក៏​ត្រូវបាន​អ្នកការ​សែត​សួរ​សំណួរអំពី​អនាគត​របស់គេ​ក្រោយ​លេចលឺ​ដំណឹង​ពី​ការចង់បាន​ពី​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ Neymar បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកកាសែត​នោះឡើយ​។​

«​យើង​និយាយ​អំពី​រឿង​ទាំងនេះ​គ្រប់​ពេលមុន​ទ្វារ​ដូរ​ដោះ​កីឡាករ​ជិត​ចូលមក​ដល់​។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​នៅពេលនេះ​ទេ​។ អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ហេតុអ្វី​បានជា​ខ្ញុំ​មក​ទីនេះ និង​អ្វី​ដែលជា​គោលបំណង​របស់ខ្ញុំ​។ ឥឡូវនេះ​ខ្ញុំ​ផ្តោត​តែ​លើ World Cup ប៉ុណ្ណោះ រឿង​ផ្ទេរ​ខ្ញុំ​មិន​ចង់​និយាយ​ទេ​»​។ Neymar ប្រាប់​អ្នកការ​សែត​ដូច្នេះ​៕


Tag:
 បាល់ទាត់​
  Neymar
  Paris Saint-Germain
  player of the year prize
© រក្សាសិទ្ធិដោយ thmeythmey.com