កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Wenger អាច​បដិសេធ PSG ប៉ុន្តែ​ទំនង​ចាប់អារម្មណ៍​ជម្រើសជាតិ​បារាំង​
15, May 2018 , 8:39 am        
រូបភាព
​លោក Arsene Wenger បាន​ច្រានចោល​ឱកាស​កាន់តំណែង​អ្នកចាត់ការ​ទូទៅ​ក្រុម Paris Saint-Germain ដោយសារ​លោក​ចង់បាន​ការងារ​ជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង ក្រោយ​ចាក​ចេញពី Arsenal នៅ​បញ្ចប់​រដូវ​កាល ២០១៧-២០១៨​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ The Sun​។​



​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង បានប្រកាស​ពី​ការចាកចេញ​ពី Arsenal នៅ​ចុងរដូវ​កាល​នេះ កាលពី​ថ្ងៃទី​២០ ខែមេសា បន្ទាប់ពី​លោក​បាន​កាន់តំណែង​អស់​រយៈពេល​ជិត​២២​ឆ្នាំ​។​
​បើទោះបី​ការដឹកនាំ​របស់ Wenger ក្នុង​រដូវ​កាល​ចុងក្រោយ​របស់លោក​ មិន​អាចជួយ​ក្រុម​កាំភ្លើង​ធំ​ទទួលបាន​ជោគជ័យ​ក្តី ក៏មាន​បណ្តា​ក្លិប​ធំៗ​នៅ​អឺរ៉ុប​មួយចំនួន ​ចង់បាន​អ្នកចាត់ការ​វ័យ​៦៨​ឆ្នាំនេះ​ទៅ​ដឹកនាំ​ក្រុម​ដែរ​។​

​តួយ៉ាង​ដូចជា​ប្រធាន​ក្លិប PSG លោក Nasser Al-Khelaifi ដែល​បាន​ចិញ្ចឹ​ម​ចិត្ត និង​ព្យាយាម​ជា​ច្រើនដង​មកហើយ​ ក្នុងការ​ចង់បាន​គ្រូបង្វឹក​ដែលមាន​បទពិសោធ​ក្រាស់ក្រែល​បែបនេះ​មកកាន់​ទឹកដី Parc des Princes​។​



​បើតាម​របាយការណ៍​ពី​សារព័ត៌មាន​អន្តរជាតិ​បានលើកឡើង​ថា​ លោក Thomas Tuchel ជា​បេក្ខភាព​នាំមុខគេ​ ក្នុងការ​ជំនួស​តំណែង​លោក Unai Emery នៅ​រដូវ​កាល​ក្រោយ​។ ប៉ុន្តែ​ក្លិប​យក្ស​បារាំង​ចង់បាន Wenger ដើម្បី​ជួយ​ស្វែងរក​ជ័យជម្នះ​ក្នុង​ក្របខណ្ឌ Champions League​។​

​តែ​យ៉ាងណាក៏ដោយ ក្តីសង្ឃឹម​របស់ Al-Khelaifi ហាក់ដូចជា​បាត់​បង់អស់​ទៅហើយ ​ខណៈពេល​សារព័ត៌មាន Daily Star បានកត់សម្គាល់​ឃើញថា Wenger ចង់ទៅ​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​បន្ទាប់ពី​ការប្រកួត World Cup នៅ​រុស្ស៊ី​ត្រូវ​បញ្ចប់​។​

​ប្រភព​ដែល​ជិតស្និទ្ធ​នឹង Wenger បាន​និយាយ​ទៀតថា ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​ កំពុង​ចាប់អារម្មណ៍​ខ្លាំង​ ក្នុងការ​ឡើងទៅ​ជំនួស​កៅអី​ លោក Didier Deschamps ដែល​បាន​ដឹកនាំ​ក្រុម​រហស្សនាម​មាន់គក រ​យៈ​ពេល ៦ ឆ្នាំ​មកហើយ​នោះ​៕


Tag:
 បាល់ទាត់​
  Arsene Wenger
  Paris Saint-Germain
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com