កីឡាអន្តរជាតិ
អន្តរជាតិ
ជា​ការដឹងគុណ ក្លិប​បាល់ទាត់កំពូល​មួយ​នៅ​អ៊ីស្រាអែល ដាក់ឈ្មោះ​លោក «​ត្រាំ​»
14, May 2018 , 5:41 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់ Beitar Jerusalem F.C នៃ​លី​ក​កំពូល​អ៊ីស្រាអែល បាន​ប្តូរ​ឈ្មោះ​ទៅជា Beitar Trump Jerusalem F.C វិញ ដើម្បី​ជាការ​អបអរ​ដល់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បាន​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​អេ​មេ​រិ​ក​ប្រចាំ​នៅ​អ៊ីស្រាអែល​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។



​សារព័ត៌មាន Theguardian បាន​ផ្សាយ​ថា ស្របពេល​ក្រុង​ហ្ស៊​រុយ​សា​ឡិ​ម​បានរៀបចំ​ពិធី​សម្ពោធ​ស្ថានទូត​អាមេរិក​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃ​ចន្ទ​ទី​១៤ ខែឧសភា​នេះ ក្រុមកីឡា​បាល់ទាត់​ដ៏​ល្បីឈ្មោះ​បំផុត​ប្រចាំ​នៅ​ទីក្រុង​នេះ​បានប្រកាសថា​ខ្លួន​បាន​ប្តូរ​ឈ្មោះ​ក្លិប​ដើម្បី​ជាការ​ផ្តល់​កិត្តិយស​ដល់​លោក​ត្រាំ​។​

​កាលពី​ខែធ្នូ​កន្លងទៅ ប្រធានាធិបតី​អាមេរិក​រូបនេះ​ប្រកាស​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ទីក្រុង​តែ​ល​អា​វីវ​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ ដែល​ធ្វើ​ឲ្យ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន នៅ​ជុំវិញ​ពិភពលោក​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង ប៉ុន្តែ​លោក​ហៅ​ការសម្រេចចិត្ត​នេះ​ជាការ​ទទួលស្គាល់​ការពិត​ប៉ុណ្ណោះ​។​



​ក្លិប Beitar Jerusalem បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា​៖«​អស់​រយៈពេល ៧០​ឆ្នាំ​មកហើយ​ដែល​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​បាន​កំពុង​រង់ចាំ​ការទទួលស្គាល់​ជា​អន្តរជាតិ​រហូតដល់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ មានចិត្ត​អង់អាច​ក្លាហាន​ហ៊ាន​ទទួលស្គាល់​ទីក្រុង​មួយ​នេះ​ជា​របស់​អ៊ីស្រាអែល​។ លោក Trump បានបង្ហាញ​ភាពក្លាហាន​និង​ក្ដី​ស្រលាញ់​ពិតប្រាកដ​ចំពោះ​ប្រជាជន​អ៊ីស្រាអែល និង​រដ្ឋធានី​របស់​ពួកគេ​ហើយ​សព្វថ្ងៃនេះ​ប្រទេស​ដទៃទៀត​កំពុង​ដើរ​តាម​ការដឹកនាំ​របស់លោក​ក្នុងការ​ផ្តល់​ឲ្យ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នូវ​ឋានៈ​ត្រឹមត្រូវ​របស់ខ្លួន ... ប្រធាន​ក្លិប​លោក Eli Tabib និង​នាយក​ប្រតិបត្តិ លោក Eli Ohana បានសម្រេច​ចិត្ត​បន្ថែម​ឈ្មោះ​របស់​ក្លិប​នេះ​ឲ្យ​មានឈ្មោះ​Trump ដែល​លោក​បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​អ៊ីស្រាអែល ហើយ​ចាប់ពីពេលនេះ​ទៅ​ក្លិប​នឹង​ត្រូវគេ​ហៅថា Beitar Trump Jerusalem វិញ​»​។​



​តែ​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា តើ​ការផ្លាស់ប្តូរ​ឈ្មោះ​នេះ​ជា​អចិន្ត្រៃយ៍​នោះឡើយ​។​
​ក្រុម Beitar ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​លំដាប់​កំពូល​អ៊ីស្រាអែល Israel Premier League ៦​លើក ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ២ ក្នុង​តារាង​៕


Tag:
 បាល់ទាត់​
  ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  អ៊ីស្រាអែល​
  ហ្ស៊េ​រុយ​សា​ឡិ​ម
© រក្សាសិទ្ធិដោយ thmeythmey.com