កីឡាអន្តរជាតិ
Man Utd រកចំណូលបាន​ច្រើនជាង ម្ចាស់​ជើងឯក Man City
19, May 2018 , 6:29 pm        
រូបភាព
​ក្រុម Manchester United បើទោះបី​ទទួលបាន​ត្រឹម​ជើងឯក​រង​ប៉ុន្តែ​ពួកគេ​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង Manchester City ដែល​ឈ្នះ​ជើងឯក Premier League ប្រចាំ​រដូវ​កាល ២០១៧-២០១៨​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​ក្រុម​របស់លោក Jose Mourinho ដែល​បានបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​លេខ ២ ទទួលបាន​ប្រាក់ចំណូល​សរុប​ពី​ក្របខណ្ឌ​កំពូល​អង់គ្លេស​ចំនួន ១៤៩,៧៧ លាន​ផោន (២០២.៣៤​លាន​ដុល្លារ​) លើស​ក្រុម​លោក Pep Guardiola ប្រហែល ៤៥​ម៉ឺន​ដុល្លារ​។​
 
​ការទូទាត់​ប្រាក់ចំណូល​របស់​ក្រុម​ទាំង​២០ នៅ Premier League ត្រូវបាន​ចែកចេញជា​៣​ផ្សេងគ្នា ដោយ​ក្នុងនោះ​ប្រាក់​៥០​ភាគរយ​ត្រូវ​ផ្តល់​ឲ្យ​ក្រុម​និ​មួយៗ​ស្មើគ្នា ២៥​ភាគរយ​ត្រូវ​បង់​ឲ្យ​ក្រុម​ដោយ​ផ្អែកលើ​ចំនួន​ការប្រកួត​ដែល​បាន​ផ្សាយ​ផ្ទាល់​ក្នុង​កញ្ជក់​ទូរទស្សន៍​នៅ​ចក្រភព​អង់គ្លេស ហើយ​២៥​ភាគរយ​ទៀត ត្រូវ​បង់​ឲ្យ​ក្រុម​ដោយ​គិត​តាម​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​២០ រួមទាំង​ពាណិជ្ជកម្ម និង​ការផ្សព្វផ្សាយ​។ 
​រាល់​ការផ្សាយ​ផ្សាយ​ផ្ទាល់​មួយ​លើក ក្រុម​និ​មួយៗ​ទទួលបាន ៣​លាន​ដុល្លារ ហើយ​បើ​សរុប​ការផ្សាយ​របស់​ក្រុម​ទាំងអស់​ក្នុង​រដូវ​កាល​នេះ​មាន​ចំនួន​ទឹកប្រាក់​រហូតដល់ ៣.២៧​ពាន់​លាន​ដុល្លារ​ឯណោះ​។​


 
​ក្រុម​រហស្សនាម​បិសាច​ក្រហម​បាន​ផ្សាយ​ការប្រកួត​នៅលើ​ទឹកដី​អង់គ្លេស​បាន​ចំនួន​២៨​លើក​ក្នុង​រដូវ​កាល​នេះ ដែល​ស្មើ Liverpool និង​Arsenal ហើយ Man City បាន​២៦​លើក​។​
​ក្រុម​មេឃ​ខៀវ​ទ​ទួ​បាន​ទឹកប្រាក់ ៣៨.៦៣​លាន​ផោន (៥២.១៩​លាន​ដុល្លារ​) ក្នុងនាម​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទី​១ នៃ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស លើស​ក្រុម Man Utd ចំនួន ២.៦១​លាន​ដុល្លារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com