អន្តរជាតិ
អាជ្ញាធរ​ថៃ​ចាប់ខ្លួន​សង្ឃ​ជាន់ខ្ពស់​ជាច្រើន​អង្គ​ពាក់ព័ន្ធ​សំណុំរឿង​កេងប្រវ័ញ្ច​បច្ច័យ និង​លួច​
25, May 2018 , 8:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប៉ូលិស​ថៃ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា បាន​ឆ្មក់​ចូល​វត្ត​ចំនួន​៥​ក្នុង​រាជធានី​បាងកក និង​នៅ​ខេត្ត​នគរ​បឋម និង​បាន​ចាប់ខ្លួន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ជាច្រើន​អង្គ​ដែល​ពាក់ព័ន្ធ​សំណុំរឿង​កេង​បន្លំ​បច្ច័យ និង​លួច​។ នេះ​ជា​ប្រតិបត្តិការ​ដ៏​ធំ​បំផុត​មួយ​របស់​ប៉ូលិស​ថៃ ក្នុង​គោលដៅ​បោសសម្អាត​រឿងអាស្រូវ​ក្នុង​ពុទ្ធសាសនា​ដែល​ត្រូវបាន​គោរព​ដោយ​ប្រជាជន​ថៃ​ភាគច្រើន​។ មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ខ្លះ​បាន​រត់​ភៀស​ព្រះកាយ​មុន​ប៉ូលិស​ទៅដល់​។​



​ក្នុង​យុទ្ធនា​ការស្ដារ​មុខមាត់​ពុទ្ធសាសនា​ឡើងវិញ ប៉ូលិស​ថៃ​ច្រើនជាង​២០០​នាក់​បាន​ឃាត់​ព្រះកាយ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​នគរ​បឋម ក្នុង​ប្រតិបត្តិការ​វាយឆ្មក់​នៅ​ថ្ងៃទី​២៤ ខែឧសភា​។ កម្លាំង​ពិសេស​ថៃ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស ដែលមាន​ដីកាចាប់ខ្លួន​ក្នុង​ដៃ បាន​ចូល​ឆែកឆេរ​ក្នុង​វត្ត​ចំនួន​៥​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​

​ក្នុងចំណោម​ព្រះសង្ឃ​ដែល​ឃាត់​ព្រះកាយ​មាន ព្រះ Buddha Isara ដែល​គាំទ្រ​ចលនា​បិទ​ទីក្រុង​បាងកក​កាលពី​ឆ្នាំ​២០១៣-២០១៤ ត្រូវបាន​ប៉ូលិស​ឃាត់​ក្រោម​បទ​ចោទថា បាន​លួច​កាំភ្លើង​ប៉ូលិស​ក្នុងពេល​បាតុកម្ម​។ មេគណក្រុង​បាងកក ព្រះ Phrom Dilok ជា​សមាជិក​គណៈសង្ឃ​ជាន់ខ្ពស់ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ព្រះសង្ឃ​របស់​ថៃ ត្រូវបាន​ចាប់​ព្រះកាយ​ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​កេង​ប្រ​វញ្ច​បច្ច័យ​កសាង​វត្ត​។ ជំនួយការ​របស់​សង្ឃ​អង្គ​នេះ ក៏​ត្រូវបាន​ឃាត់ខ្លួន​ដែរ​។​

​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ពីរ​អង្គ​ទៀត ព្រះ Sri Khunaporn និង​ព្រះ Wichit Thammaporn ដែលជា​ចៅអធិការ​រង​វត្ត Saket ក្នុង​ទីក្រុង​បាងកក​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​នេះ​ដូចគ្នា ក្រោម​បទ​ចោទថា បាន​បន្លំ​បច្ច័យ​សាលារៀន​សម្រាប់​ព្រះសង្ឃ និង​លាយ​លុយកខ្វក់​។ ប៉ូលិស​ថៃ​កំពុង​ស្វែងរក​សមាជិក​ពីរ​អង្គ​ទៀត​នៃ​គណៈសង្ឃ​ថៃ គឺ ព្រះ Phrom Sitthi និង​ព្រះ Phrom Methee ដែល​បាន​រត់​ភៀស​ព្រះកាយ​។​

​ជុំវិញ​ការឃាត់​ព្រះកាយ​នេះ ប៉ូលិស​ថៃ​និយាយថា វា​ស្ថិតក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅឡើយ ហើយ​វា​ក៏​នឹង​នាំ​ដល់​ការស្វែងរក​ការពិត និង​ភស្តុតាង​ផង​។ ចំណែកឯ​ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វីត វង្ស​សុវណ្ណ និយាយ​ដែរ​ថា ការឃាត់​ព្រះកាយ​សង្ឃ​ជាន់ខ្ពស់​ទាំងនេះ នឹង​គាស់កកាយ​រឿងរ៉ាវ​នៃ​ការចោទប្រកាន់​ទាំងអស់​។

​រូបភាព​នៃ​ព្រះពុទ្ធសាសនា​នៅ​ថៃ ត្រូវបាន​បំផ្លាញ​ដោយ​រឿងអាស្រូវ​លាង​លុយ ថ្នាំញៀន និង​ផ្លូវភេទ​ដែល​ជាប់​ទាក់ទិន​និង​ព្រះសង្ឃ ខណៈដែល​វត្ត​អារាម​អាច​រក​ចំណូល​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​តាមរយៈ​ការដាក់​ទាន​។ របប​យោធា ដែល​កាន់អំណាច​តាំងពី​ឆ្នាំ​២០១៤ មក​នោះ បាន​លូកដៃ​ចូល​កិច្ចការ​សាសនា​ក្រោម​ហេតុផល​ថា ស្ថាប័ន​ដែល​គ្រប់គ្រង​ព្រះសង្ឃ​ជាង​បី​សែន​អង្គ ត្រូវការ​ការកែទម្រង់​ជាបន្ទាន់ ដើម្បី​លើក​មុខមាត់​ពុទ្ធសាសនា​ឡើងវិញ​៕ 


Tag:
 ថៃ​
  ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com