អន្តរជាតិ
ភ្នាក់ងារ​ស៊ើ​អង្កេត​៖ លុយ​ដែល​រឹបអូស​ពី​ខុន​ដូ​កូនលោក ណា​ជីប មានតម្លៃ​សរុប ២៩​លាន​ដុល្លារ​
25, May 2018 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ចំណាយពេល​បី​ថ្ងៃ​រាប់​លុយ​ដែល​រឹបអូស​បាន​ពី​ខុន​ដូ​កូន​អតីត​នាយករដ្ឋមន្ត្រី​លោក ណា​ជីប រ៉ា​ហ្សា​ក់​នោះ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ពាណិជ្ជកម្ម​បានប្រកាសថា លុយ​ទាំងនោះ​មាន​ទំហំ​សរុប ២៩ លាន​ដុល្លារ​ឯណោះ​។ ចំណែក​នាឡិកា និង​គ្រឿងអលង្ការ​ជាច្រើន​ផ្សេងទៀត​នោះ គេ​មិនទាន់​កំណត់​តម្លៃ​សរុប​បាន​នៅឡើយ​ទេ​។​



​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប៉ូលិស​រឹបអូស​យក​កាបូប​សរុប​ទាំងអស់ ៧២ ក្នុងនោះ​មាន​កាបូប ៣៥ មាន​ផ្ទុក​លុយ​ពេញ ហើយ​កាបូប ៣៧ ផ្សេងទៀត​នោះ​មាន​ផ្ទុក​នាឡិកា និង​គ្រឿងអលង្ការ​ប៉ុណ្ណោះ​។

អត្ថបទទាក់ទង


​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ទំហំ​លុយ​នៅក្នុង​កាបូប​ទាំង ៣៥ នោះ​ត្រូវបាន​គេ​ដឹង​ច្បាស់​ហើយ​នៅ​ថ្ងៃ​សុក ដោយ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ពាណិជ្ជកម្ម​Amar Singh បានបញ្ជាក់​ដោយផ្ទាល់​។​

​លោក Amar Singh បាន​បកស្រាយ​ថា លុយ​ដែល​រឹបអូស​បាន​នោះ​មាន​មកពី ២៦ ប្រទេស​ផ្សេងគ្នា​។  វា​ត្រូវបាន​គេ​រាប់​ចាប់ពី​ថ្ងៃ ២១ ដល់​ថ្ងៃ ២៣ បាន​អស់ ដោយ​ប្រើប្រាស់​បុគ្គលិក​ធនាគារ ២២​នាក់ (​ធនាគារជាតិ និង​ធនាគារ​ម៉ាឡេស៊ី ឥស្លាម​) និង​ប្រើ​ម៉ាស៊ីន​រាប់ ១២ គ្រឿង​ផង​។

​ក្រោយ​រាប់​រួចរាល់ គេ​រកឃើញថា លុយ​ទាំងនោះ​មានតម្លៃ​សរុប​រហូតដល់ ២៩ លាន​ដុល្លារ​ឯណោះ​។ ប៉ុន្តែ​ចំពោះ​នាឡិកា និង​គ្រឿងអលង្ការ​នៅក្នុង​កាបូប ៣៧ ផ្សេងទៀត​នោះ​មិនទាន់​ត្រូវបាន​អ្នកជំនាញ​វាយតម្លៃ​ជារួម​ឡើយ​។

​តាមពិតទៅ លុយ​និង​គ្រឿងអលង្ការ​ទាំងអស់នោះ​ត្រូវបាន​រឹបអូស​ពី​ខុន​ដូ​ចំនួន​បី​ផ្សេងគ្នា ដោយ​ខុន​ដូ​ពីរ​ជា​របស់​កូនប្រុស និង​កូនស្រី​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែលជា​អតីត​នាយករដ្ឋមន្ត្រី និង​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ក្នុង​មូលនិធិ 1MDB នោះ​។ ចំណែក​ខុន​ដូ​ទី​បី​នោះ​មិនមាន​មនុស្ស​រស់នៅ​ឡើយ​។​

​លោក Sign ក៏បាន​បកស្រាយ​ផងដែរ​ថា ការ​ចែកចាយ​រូបភាព​មួយចំនួន​ដែល​បង្ហាញ​ពី​លុយ​នៅតាម​ជញ្ជាំង និង​ដុំ​មាស តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កន្លងមក​នោះ​ជា​រូបភាព​ក្លែងក្លាយ​។ ប្រធាន​ក្រុម​ស៊ើបអង្កេត​នេះ​បាន​សង្កត់ធ្ងន់ថា រូបភាព​មិនត្រូវ​បាន​គេ​ថត​ឡើយ​ពេល​ចុះ​រឹបអូស​វត្ថុតាង​ទាំងនោះ ហើយ​មន្ត្រី​ទាំងអស់​លើកលែងតែ​មេក្រុម និង​អនុប្រធាន​ប៉ុណ្ណោះ​ដែលមាន​ទូរ​សព្ទ​ព្រោះ​ពួកគេ​ត្រូវ​ទំនាក់ទំនង​មក​លោក​ពេល​ចុះ​ប្រតិបត្តិការ​។

​លោក Sign ក៏បាន​ស្នើសុំ​ឲ្យ​សាធារណជន​បញ្ឈប់​ការ​ចែកចាយ​រូបភាព​ក្លែងក្លាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបអង្កេត​ទៀត​ដែរ​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប៉ូលិស​បាន​រឹបអូស​បាន​វត្ថុតាង​ជាច្រើន​ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ 1MDB​។ ក្រៅពី​កាបូប​ចំនួន ៧២ ដែលមាន​ដាក់​លុយ និង​គ្រឿងអលង្ការ​ពេញ​នោះ ប៉ូលិស​បាន​ក៏​រឹបអូស​បាន​កាបូបយួរ​ថ្លៃៗ​ចំនួន ២៨៤ ផ្សេងទៀត​មាន​ខ្លះ​ជា​ម៉ាក​ល្បីៗ​ដូចជា Hermes និង Louis Vuitton​។​

-​បក្ស UMNO សុំ​ឲ្យ​ប៉ូលិស​ប្រគល់​លុយ​ឲ្យ​បក្ស​វិញ​
​ស្រប​ពេលដែល​ប៉ូលិស​បន្ត​ស៊ើបអង្កេត និង​ចេញផ្សាយ​តម្លៃ​លុយ​ដែល​គេ​រឹបអូស​បាន​ពី​តាំង​ពាក់ព័ន្ធ​អតីត​ប្រធាន​បក្ស UMNO និង​នាយករដ្ឋមន្ត្រី ណា​ជីប គណបក្ស UMNO ដែលមាន​មេដឹកនាំ​ថ្មី​នោះបាន​ស្នើ​ឲ្យ​ប៉ូលិស​ប្រគល​លុយ​ឲ្យ​បក្ស​វិញ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សេចក្តីថ្លែងការណ៍រ​បស់​គណបក្ស​នេះ​ដូច្នេះ​៖« លុយ​ទាំងនោះ​ជា​វិភាគទាន​របស់​សមាជិក​បក្ស​ដែល​នៅសល់​ក្រោយ​ការឃោសនាបោះឆ្នោត ហើយ​វា​ត្រូវបាន​រឹបអូស​ស្រប​ពេលដែល​វិភាគទាន​ទាំងនោះ​ត្រូវ​ផ្ទេរ​ទៅ​មេដឹកនាំ​បក្ស​ថ្មី​»​។​

​សេចក្តីថ្លែងការណ៍​ដដែល​នោះ​បន្តថា​៖«​ដូច​ហេតុនេះហើយ ខាង​គណបក្ស​សូម​ស្នើសុំ​ឲ្យ​ខាង​សមត្ថកិច្ច​ជួយ​ប្រគល់​វិភាគទាន​ទាំងនោះ​ត្រឡប់មក​បក្ស​វិញ ក្រោយ​ពេលដែល​ខ្លួន​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​ហើយ​នោះ​»​។​

​លោក ណា​ជីប ចុះ​ចេញពី​តំណែង​ជា​ប្រធានបទ ក្រោយ​ពេលដែល​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ដឹកនាំ​ដោយ​លោក មហា​ធៀ មហាម៉ាត់​ឈ្នះឆ្នោត​ថ្ងៃ ៩ ខែឧសភា​។ លោក ណា ជីប ទទួលស្គាល់​លទ្ធផល ប៉ុន្តែ​លោក​អះអាងថា ការបោះឆ្នោត​មិន​យុត្តិធម៌​ឡើយ​សម្រាប់​បក្ស​លោក​។​

​ដោយឡែក កាលពី​ឆ្នាំ ២០០៣ ពេលដែល​លោក មហា​ធៀ មហាម៉ាត់ ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ចេញពី​តំណែង​ជា​ប្រធាន​បក្ស​លោក ក៏បាន​ផ្ទេរ​ហិរញ្ញវត្ថុ​ដែលមាន​ទំហំ ៣០១ លាន​ដុល្លារ​របស់​បក្ស​ទៅ​ឲ្យ​បក្ស​វិញ​ដែរ​៕


Tag:
 ណា​ជីប រ៉ា​ហ្សា​ក់​
  Amar Signh
© រក្សាសិទ្ធិដោយ thmeythmey.com