អន្តរជាតិ
ប្រមុខ​UN ៖ សង្គម​មួយ​មិនអាច​មាន​តម្លាភាព​បានឡើយ បើ​មន្ត្រី​សាធារណៈ គិត​រឿង​ប្រយោជន៍ ជាង​កាតព្វកិច្ច​
26, May 2018 , 8:39 pm        
រូបភាព
ដោយ:
​ប្រមុខ​អង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើង​ពី​បញ្ហា​អំពើពុករលួយ ដែល​នៅតែ​ចាក់​ឬ​ស​នៅក្នុង​សង្គម​ដោយសារតែ​ការគិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​រដ្ឋាភិបាល និង​មន្ត្រី​សាធារណៈ​។ ប្រមុខ​រូបនេះ ចង់ឃើញ​មេដឹកនាំ​ពិ​ភ​លោក​ផ្លាស់ប្តូរ​ឥរិយាបថ​បែបនេះ ជំនួស​ដោយ​ការធ្វើ​គំរូ​ល្អ​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​។



​នា​ពិធី​នៃ​ការ​គំ​ប់​ខួប​លើ​ទី​១៥ នៃ​ការបង្កើត​អនុសញ្ញា​ប្រឆាំង​អំពើពុករលួយ​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​២៣ ឧសភា លោក​អគ្គលេខាធិការ António Guterres បាន​ថ្លែងថា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ អ្វីដែល​រដ្ឋាភិបាល ត្រូវ​ចាប់ផ្តើម​ដំបូងបង្អស់​នោះ​គឺ​គំរូ​ល្អ​ខ្លួន​ផ្ទាល់ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ ក៏បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« សង្គម​មួយ មិនអាច​ដំណើរការ​ដោយ​សមធម៌ និង​សក្តិ​សិទ្ធ​ភាព​បានឡើយ បើ​មន្ត្រី​សាធារណៈ ដែល​រាប់​តាំងពី គ្រូពេទ្យ ប៉ូលិស ចៅក្រម និង​អ្នកនយោបាយ យក​ផលប្រយោជន៍​ពួកគេ​ជាធំ ជាជាង​ការបំពេញ​កាតព្វកិច្ច​ខ្លួន​ជាមួយនឹង​សុ​ច្ចរិតភាព​នោះ » ។

​សម្រាប់​លោក​អគ្គលេខាធិកា​រ អនុសញ្ញា​ប្រឆាំង​អំពើពុករលួយ ដែល​បានអនុម័ត​តាំងពី​ឆ្នាំ​២០០៣​មក គឺជា​ឈ្នាន់​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដែល​ពិភពលោក ត្រូវ​សម្រេច​ដើម្បី​អាច​បាន​ទៅដល់​នូវ​គោលដៅ​រួម​របស់ខ្លួន​ទាំង​លើ​អភិបាលកិច្ច​ល្អ ស្ថិរភាព និង​ភាព​ចម្រុងចម្រើន ។

​នា​វេទិកា​ដដែល​នោះ ប្រធាន​វិលជុំ​នៃ​មហាសន្និបាទ​អង្គការសហប្រជាជាតិ លោក Miroslav Lajčák ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​នៃ​អំពើពុករលួយ ដោយ​លោក មើលឃើញថា បញ្ហា បាន​បំផ្លាញ​គ្រប់​កោសិកា​ទាំងអស់​របស់​សង្គម ហើយ​អ្នក​ដែល​រងគ្រោះ​បំផុត​នោះ គឺ​ប្រជាជន​សាមញ្ញ​តែម្តង ៕

​ប្រភពដើម ៖ https://news.un.org/en/story/2018/05/1010472

Tag:
 UN
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com