អន្តរជាតិ
លោក ម៉ា​ក្រុង​ផ្តល់​សញ្ជាតិ​ដល់​បុរស​ម៉ាលី​ដែល​បាន​ប្តូរជីវិត​ទៅ​សង្គ្រោះ​កុមារ​ម្នាក់​
28, May 2018 , 8:13 pm        
រូបភាព
ដោយ: ធីតា
លោក Mamoudou Gassama បាន​លោត​តាម​ជញ្ជាំង​ពីមួយ​ជាន់​ទៅមួយ​ជាន់​ដើម្បី​សង្គ្រោះ​កុមារ​អាយុ​៤​ឆ្នាំ​ម្នាក់ ដែល​ប្រឹង​តោង​យ៉រ​ផ្ទះ​ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្រោម​។ សកម្មភាព​របស់​យុវជន​អន្តោប្រវេសន៍​ខុសច្បាប់​ម៉ាលី​រូបនេះ ទទួលបាន​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ហើយ​គ្រប់​គ្នាបានចាត់ទុក​លោក​ជា​វីរបុរស ឬ​បុរស​ពីងពាង​។​



​រូបភាព​វីដេអូ ស្តីពី​សកម្មភាព​របស់​លោក Gasama កាលពី​ថ្ងៃ​សៅរ៍ បាន​ផ្សព្វផ្សាយ​ពេញ​ប្រទេស​បារាំង និង​ពាសពេញ​ពិភពលោក​។ នៅ​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ហៅ​វីរបុរស​នេះ​ទៅ​ជួប​។

​បើតាម​ការផ្សាយ​របស់ AFP ប្រមុខ​វិមាន Elysee បានសម្រេច​ផ្តល់​សញ្ជាតិ​បារាំង ដល់​ជនអន្តោប្រវេសន៍​ម៉ាលី​រូបនោះ និង​ព្រមទាំង​បញ្ចូល​ឈ្មោះ​ទៅក្នុង​ក្រុមការងារ​ពន្លត់​អគ្គិភ័យ​ផងដែរ​។​

​លោក Benjamin Griveaux អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង បានបញ្ជាក់​នៅលើ Twitter របស់ខ្លួន​ថា សកម្មភាព​របស់លោក Gassama ដែល​ប្រឹង​តោងទៅ​ជាន់​ទី​បួន​ដោយ​ដៃទទេ ដើម្បី​ជួយសង្គ្រោះ​កុមារ ពិតជា​មានតម្លៃ​ខ្ពស់​ខ្លាំងណាស់ និង​ជា​គំរូ​ដល់​មនុស្សជាតិ​។​

​តំណាង​អង្គការក្រៅរដ្ឋាភិបាល លើកឡើងថា ទង្វើ​លោក Gassama សរ​បញ្ជាក់​ឲ្យ​ឃើញថា មនុស្ស​ដែល​ស្ថិតក្នុង​ស្ថាន​ភាពមិន​ប្រសើរ ក៏​ជា​មនុស្ស​មានតម្លៃ​ខ្ពស់​ផងដែរ ជាពិសេស​ភាពក្លាហានរ​បស់​គាត់​។​
​កាលពី​ថ្ងៃទី​២០ ខែឧសភា មនុស្ស​ជាច្រើន​បានឃើញ​កុមារ​ម្នាក់​ប្រឹង​តោង​យ៉រ​ផ្ទះ​នៅ​ជាន់​ទី​បួន ភាគ​ខាងជើង​នៃ​ទីក្រុង​ប៉ារីស​។ មុន​វត្តមាន​ភ្នាក់ងារ​សង្គ្រោះ បុរស​ម្នាក់​បាន​ស្ម័គ្រចិត្ត​ប្តូរជីវិត​ទៅ​ជួយ​កុមារ ដោយ​ឡើង​ពីមួយ​ជាន់​ទៅមួយ​ជាន់​យ៉ាង​លឿន​ដូចជា​ពីងពាង​។



ទីបំផុត Gassama អាយុ​២២​ឆ្នាំ បាន​ជួយសង្គ្រោះ​កុមារ​ដោយ​សុវត្ថិភាព​។ គេ​បាន​ថ្លែងប្រាប់ AFP ថា​៖ «​ខ្ញុំ​បានឮ​សំឡេង​មនុស្ស​ជាច្រើន​កំពុង​ស្រែក រថយន្ត​កំពុងរោទិ៍​ម៉ាស៊ីន​។ ខ្ញុំ​បន្ត​ឡើង ហើយ​អរគុណ​ព្រះ​ជា​ម្ចាស់ ខ្ញុំ​បាន​សង្គ្រោះ​កុមារ​ទាន់ពេល​»​។​

​ជុំវិញ​ករណីនេះ ឪពុក​របស់​កុមារ ត្រូវបាន​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​ប៉ូលិស ហើយ​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស ខណៈពេល​នោះ ម្តាយ​របស់​កុមារ​មិនបាន​ស្ថិតនៅក្នុង​ក្រុងប៉ារីស​ឡើយ​។

Gassama បានរៀបរាប់ថា គេបាន​ចាកចេញពី​ម៉ាលី​នៅ​ឆ្នាំ​២០១៣ ដោយ​ធ្វើដំណើរ​ឆ្លង​ប្រទេស​នី​ហ្សេ ប៊ួ​គី​ណា​ហ្វា​សូ លី​ប៊ី ហើយ​បន្ត​តាម​ទូក​ចូលដល់​អ៊ីតាលី មុននឹង​ទៅដល់​បារាំង ក្នុងនាម​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​៕




© រក្សាសិទ្ធិដោយ thmeythmey.com