ជាតិ
បោះឆ្នោត
លេខ​៧ អំណោយផល​ដល់ GDP?
29, May 2018 , 12:35 pm        
រូបភាព
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ចាប់បាន​លំដាប់​លេខ​រៀង​ទី​៧ លើ​សន្លឹកឆ្នោត ដែល​ពីមុន​ជា​លេខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​ពិធី​ចាប់ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត ដែលមាន​សម្តេច​សង្ឃ​ទាំងពីរ​គណៈ ជា​អ្នក​ចាប់ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​។


  
​លោក ហេង សំ​អ៊​ន ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទៅ​ចូលរួម​ក្នុង​ពិធី​ចាប់លេខ​រៀង បាន​ឆ្លៀត​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ថ្មីៗ​ថា ការចាប់​បាន​លេខ​៧​នេះ គឺជា​គុណ​ស​ម្ប​តិ្ត​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឆាប់​ស្គាល់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពីព្រោះ​លេខ​នេះ ធ្លាប់​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើតាម​ការយល់ឃើញរ​ប​ស់លោក អារម្មណ៍​របស់​អ្នកបោះឆ្នោត​មួយចំនួន អាច​គិតថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ពេលនេះ មាន​លេខ​៧​ជា​តំណាង នឹង​ដើរតួ​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​។  
 
​លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​លេខ​៧ ស្រួល​បង្ហាញ​ទៅ​ប្រជាពលរដ្ឋ ដូចជា​យើង​លើក​ម្រាមដៃ​ចំនួន​៧ ជាដើម​។ ហើយ​លេខ​៧​ហ្នឹង អាចជួយ​បាន​ខ្លះ​ដែរ អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់ ដោយសារ​តែមាន​ប្រជាជន​ប្រហែល​៣​លាន​នាក់ ស្គាល់​លេខ​៧​ចាស់ [​គណបក្ស​សង្គ្រោះ​ជាតិ​] អ៊ីចឹង​លេខ​៧​ថ្មី [​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​] ពួកគាត់ អាច​នឹង​ស្គាល់​ដែរ​។ យើង អាច​នឹង​បាន​សំឡេង​ខ្លះ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន ព្រោះ​គោលនយោបាយ​របស់​យើង​ល្អ​»​។  
 
​យ៉ាងណាក៏ដោយ លោក ហេង សំ​អ៊​ន អះអាងថា ការ​ប្រជែង​យក​អាសនៈ​រដ្ឋសភា មិនមែន​ពឹង​ផ្អែកលើ​លេខ​រៀង​នោះទេ​។ លោក បញ្ជាក់ថា គោលនយោបាយ និង​ការដឹកនាំ​របស់​គណបក្ស ទើប​ជា​អ្វីដែល​ត្រូវ​យកទៅ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ 
 
​កាលពី​បោះឆ្នោត​ឆ្នាំ​២០១៣ លេខ​៧ មាន​ប្រជាប្រិយភាព​ខ្លាំងណាស់ សម្រាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ កាលនោះ លេខ​៧​នេះ គឺ​តំណាង​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​លទ្ធផល​នៃ​ការចាប់​លេខ​រៀង​គណបក្ស​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨ បង្ហាញថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ លេខ​រៀង​ទី​១ គណបក្ស​មាតុភូមិ​យើង លេខ​រៀង​ទី​២ គណបក្ស​ពន្លឺ​ថ្មី លេខ​រៀង​ទី​៣ គណបក្ស​សញ្ជាតិ​កម្ពុជា លេខ​រៀង​ទី​៤ គណបក្ស​ខ្មែរ​ក្រោក លេខ​រៀង​ទី​៥ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៦ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លេខ​រៀង​ទី​៧ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លេខ​រៀង​ទី​៨ គណបក្ស​រស្មី​ខេមរា លេខ​រៀង​ទី​៩ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លេខ​រៀង​ទី​១០ គណបក្ស​ខ្មែរ​សាធារណរដ្ឋ លេខ​រៀង​ទី​១១ គណបក្ស​ខ្មែរ​ឈប់​ក្រ លេខ​រៀង​ទី​១២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លេខ​រៀង​ទី​១៣ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លេខ​រៀង​ទី​១៤ គណបក្ស​យុវជន​កម្ពុជា លេខ​រៀង​ទី​១៥ គណបក្ស​ធម្មាធិបតេយ្យ លេខ​រៀង​ទី​១៦ គណបក្ស​ឆន្ទៈ​ខ្មែរ លេខ​រៀង​ទី​១៧ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា លេខ​រៀង​ទី​១៨ គណបក្ស​ខ្មែរ​តែមួយ លេខ​រៀង​ទី​១៩ និង​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០៕
 
 

Tag:
 ​បោះឆ្នោត​
  GDP
  ហេង សំ​អ៊​ន​
© រក្សាសិទ្ធិដោយ thmeythmey.com