ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
មុន​បោះឆ្នោត នាយករដ្ឋមន្ត្រី ប្រាប់​ឲ្យ​បរទេស គោរព «​រាល់​ការសម្រេច​របស់​កម្ពុជា​»
29, May 2018 , 8:18 pm        
រូបភាព
ភ្នំពេញ៖ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ធុញទ្រាន់​នឹង​បរទេស​មួយចំនួន ដែល​នៅតែ​បង្គាប់​ឲ្យ​​កម្ពុជា ធ្វើ​នេះ ឬ​ធ្វើ​នោះ​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ ចង់ឲ្យ​បរទេស​ទាំងនោះ ឈប់​លូក​មាត់​លូ​កក​ពី​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​នឹង​ឈាន​មកដល់ នៅ​រយៈពេល​តែ​៦០​ថ្ងៃ​ទៀត​។


  
​សម្តេច ហ៊ុន សែន លើកឡើងថា បរទេស​អាច​បញ្ចេញយោបល់​បាន​ជុំវិញ​ការបោះឆ្នោត​។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​កម្ពុជា សង្កត់ធ្ងន់ថា បរទេស​ទាំងនោះ មិន​អាចធ្វើ​សេចក្តីសម្រេច​ជំនួស​ប្រជាពលរដ្ឋ លើ​ដំណើរការ​បោះឆ្នោត​ជាដាច់ខាត​។  
 
​ធ្វើជា​អធិបតី​ក្នុង​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម​ប្រមាណ​ជិត​៥​ពាន់​នាក់ មកពី​ទូទាំងប្រទេស នៅ​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន បាន​រម្លឹក​ពី​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​កម្ពុជាធ្លាប់​ជួបប្រទះ ​ដោយសា​រតែ​ការ​លូកដៃ​របស់​បរទេស​។ សម្តេច ហ៊ុន សែន ប្រកាសថា សូម្បីរហូតមកដល់​ពេលនេះ ក៏មាន​បរទេស​ខ្លះ នៅតែ​ចង់​បំផ្លិចបំផ្លាញ​កម្ពុជា​។ 
 
​មេដឹកនាំ​កម្ពុជា​រូបនេះ ផ្ញើ​សារ​ទៅកាន់​បរទេស​ទាំងឡាយ ដែល​ចូលចិត្ត​ធ្វើ​អន្តរាគមន៍​មកលើ​ផ្ទៃក្នុង​របស់​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គ្រាន់តែ​មានបំណង​រម្លឹក​អំពី​អតីតកាល​របស់​កម្ពុជា ដែលមាន​ការឈឺចាប់​។ វា គ្រប់គ្រាន់​ណាស់​ទៅហើយ​។ សូមកុំ​បំផ្លាញ​យើង​ទៀត​។ សូមមេត្តា​គោរព​ដល់​សេចក្តីសម្រេច​របស់​យើងខ្ញុំ​។ ខ្ញុំ​អត់​មាន​សូម​អ្វី​ទេ​។ ខ្ញុំ ចង់​ឲ្យ​តែ​ប្រទេស​កម្ពុជា មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​សេចក្តីសម្រេច​ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ និងមាន​អធិបតេយ្យភាព​ប៉ុណ្ណោះ​»​។ 
 
​បន្ទាប់ពី​ដាស់តឿន​បរទេស​រួចហើយ សម្តេច ហ៊ុន សែន ក៏​ឆ្លៀត​និយាយ​ទៅកាន់​គណបក្ស​១៩​ទៀត ដែល​ចូលរួម​ប្រកួតប្រជែង​យក​អាសនៈ​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​នេះ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ ប្រាប់​ទៅ​គណបក្ស​ទាំងនោះ​ថា ទោះជា​ទទួលបាន​អាសនៈ​ប៉ុន្មាន​ក៏ដោយ ក៏ត្រូវ​តែ​គោរព​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​។ 
 
​សហគមន៍​អន្តរជាតិ​ខ្លះ មិនសូវ​សាទរ​នោះទេ ចំពោះ​ការបោះឆ្នោត​ក្នុង​នីតិកាល​នេះ ដ្បិត​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​។ ពួកគេ យល់ថា ការបោះឆ្នោត ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​បែបនេះ ​នឹង​មិនមាន​ភាពស្របច្បាប់ និង​មិន​ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រជាធិបតេយ្យ​ឡើយ​។  
 
​លើសពីនេះ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គ​សហប្រជាជាតិ បាន​ហៅ​ការបោះឆ្នោត ដែល​អវត្តមាន​គណបក្ស​ប្រឆាំងធំជាងគេ ថា​មិនមែនជា​ការបោះឆ្នោត​ពិត​ប្រាកដ​នោះទេ​។ 
 
​ចំណែកឯ​លោក សម រង្ស៊ី និងក្រុមប្រឆាំង​នៅក្រៅ​ប្រទេស បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត មកកាន់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា កុំ​ឲ្យ​ទៅ​បោះឆ្នោត​នាពេលខាងមុខ​។ លោក សម រង្ស៊ី ប្រាប់​ប្រជាពលរដ្ឋ​ថា ការបោះឆ្នោត ដែល​គ្មាន​គណបក្សប្រឆាំង ថា​ជា​ការបោះឆ្នោត​ក្លែងក្លាយ​។ 
 
​ស្ថាប័ន​មាន​សមត្ថកិច្ច អះអាងថា ការអំពាវនាវ​របស់​ក្រុមប្រឆាំង គឺ​ស្មើនឹង​ការរារាំង​ប្រជាពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត ដែលជាទង្វើ​ខុស​នឹង​ច្បាប់​។ រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​ចាត់​វិធា​ការ​ផ្លូវច្បាប់​ចំពោះ​ក្រុមប្រឆាំង ដែល​បន្ត​ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​៕ 
 
 

Tag:
 ​បោះឆ្នោត​
  ហ៊ុន សែន​
  បរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com