ជាតិ
បោះឆ្នោត
អ្នកនាំពាក្យ​៖ តំណាងរាស្ត្រ ត្រូវគោរព​ក្រមសីលធម៌​ថ្មី ដើម្បី​ចៀសវាង​ការ​មានទោស​
30, May 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណៈកម្មការ​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា បានចេញ​សេចក្តីសម្រេច ស្ដីពី «​ក្រមសីលធម៌​របស់​តំណាងរាស្ត្រ​»  ដើម្បី​ឲ្យ​តំណាងរាស្ត្រ​គ្រប់​គណបក្សនយោបាយ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​នីតិកាល​ទី​៦​ខាងមុខ​។ តំណាងរាស្ត្រ ដែល​មិន​គោរព​ក្រមសីលធម៌​ថ្មី​នេះ នឹងត្រូវ​មានទោស​។



​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​និយាយថា មូល​ហេតុដែល​រដ្ឋសភា សម្រេច​ដាក់ចេញ​«​ក្រមសីលធម៌​របស់​តំណាងរាស្ត្រ​» ដើម្បី​ពង្រឹង​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ ក្នុងឋានៈ​ជា​អ្នក​បំពេញការងារ​ក្នុង​ស្ថាប័ន​កំពូល​មួយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឡេង ប៉េងឡុង បានបញ្ជាក់​ដូច្នេះ​ថា​៖ «​តំណាងរាស្ត្រ​ខ្លះ​កន្លងមក​មាន​អាកប្បកិរិយា​មិន​សមរម្យ​វា​ជា​រឿង​មួយ​ដែរ តែ​វា​មិនមែនជា​រឿង​ធំ​ទេ​។ មូលហេតុ​ដែល​យើង​ចេញ​ក្រមសីលធម៌​នេះ គឺ​ដើម្បី​ឲ្យ​សមស្រប តាម​សភា​នៅក្នុង​ពិភពលោក​ដែល​សុទ្ធ​តែមាន​ក្រមសីលធម៌​»​។​

​បន្ថែម​ពីនេះ​លោក ឡេង ប៉េងឡុង បាន​សង្កត់ធ្ងន់ថា ច្បាប់ក្រម​សីលធម៌​ថ្មី ដែល​បាន​ដកស្រង់​ខ្លឹមសារ​ពី​ច្បាប់​នានា​មកនេះ នឹងដាក់​ពិន័យ ឬ​អនុវត្ត​ទោស​លើ​តំណាងរាស្ត្រ​រូប​ណា ដែល​បានធ្វើ​ខុសពី​ក្រមសីលធម៌​ដែល​បានចែង​។ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រមសីលធម៌​នេះ​មិនត្រូវ​បានកំណត់​ពី​ទោសទណ្ឌ​ឡើយ ប៉ុន្តែ​តំណាងរាស្ត្រ​ណា​ដែរ​ប្រព្រឹត្តិ​ខុស​និង​ក្រមសីលធម៌ គឺ​ដូចជា​ខុស​និង​ច្បាប់កំពូលៗ​របស់​កម្ពុជា​ផងដែរ​»​។​

«​ក្រមសីលធម៌​របស់​តំណាងរាស្ត្រ​»​ថ្មី​នេះ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ តទៅ បន្ទាប់ពី​មាន​ក្រុមតំណាងរាស្ត្រ​ស្នើ​ដាក់​សេចក្ដីព្រាង​អស់​រយៈពេល​ប្រមាណ​៣​ខែ​។ សេចក្ដីសម្រេច​នេះ ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមតំណាងរាស្ត្រ​មកពី ៤​គណបក្ស ដែលមាន​នៅក្នុង​រដ្ឋសភា​បច្ចុប្បន្ន​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង បណ្ដា​ប្រទេស​ផ្សេងៗ​សុទ្ធសឹង​តែមាន​ក្រមសីលធម៌​របស់​អ្នកតំណាងរាស្ត្រ​ដែរ​។​

«​ក្រមសីលធម៌​របស់​តំណាងរាស្ត្រ​» នេះ ត្រូវបាន​រដ្ឋសភា​សម្រេច​ចំនួន​៩​ចំណុច រួមមាន​៖ ទី​១ តំណាងរាស្ត្រ​ត្រូវមាន​ឆន្ទៈ​មោះមុត ប្ដូរផ្ដាច់ រួបរួមគ្នា​ពង្រឹង​ឯកភាព​ជាតិ ផ្អែកលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ច្បាប់​ដោយ​ម៉ឹងម៉ាត់​។ ទី​២ ក្នុងពេល​ប្រតិបត្តិការ​ក្នុង​មុខតំណែង​របស់ខ្លួន តំណាងរាស្ត្រ​មិនត្រូវ​ធ្វើ​សកម្មភាព​ណា ទោះ​ដោយផ្ទាល់​ក្តី ដោយ​ប្រយោល​ក្តី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ឡើយ​។ តំណាងរាស្ត្រ​ត្រូវ​តម្កល់​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ជាធំ​។ នៅ​គ្រប់​កាលៈទេសៈ​ត្រូវ​ទុក​ផលប្រយោជន៍​ទៅ​ទៅ​ខ្ពស់ជាង​ផលប្រយោជន៍​បុគ្គល និង​បក្ខពួក​។ ទី​៣ តំណាងរាស្ត្រ​ត្រូវមាន​សេរីភាព ឯករាជ្យភាព ក្នុងការ​បំពេញការងា​រ​ក្នុង​នីតិកាល​របស់ខ្លួន ដោយ​មិន​ចំណុះ​ផ្នែក​ហិរញ្ញវត្ថុ សម្ភារៈ និង​ស្មារតី ជាមួយ​គ្រប់​បុគ្គល និង​មិន​ចំណុះ​បរទេស​។ ទី​៤ តំណាងរាស្ត្រ​មាន​កាត​ព្វ​ចូលរួម​ក្នុងការ​ប្រជុំ រក្សា​វប្បធម៌​នៃ​ការសន្ទនា ការបញ្ចេញមតិ និង​កិច្ច​ការរួម​របស់​រដ្ឋ​សភា​។ ទី​៥ តំណាងរាស្ត្រ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ឥរិយាបថ​ថ្លៃថ្នូរ សុជីវធម៌ សីលធម៌​ល្អ គោរព​តួនាទី និង​ភារកិច្ច​របស់ខ្លួន​។ ទី​៦ តំណាងរាស្ត្រ ត្រូវ​ប្រកាន់​សុចរិត​ភាព ដោយ​មិនត្រូវ​យល់ព្រម ឬ​ទទួល​នូវ​គ្រប់​រូបភាព​នូវ​ផលប្រយោជន៍​សម្ភារ ហិរញ្ញវត្ថុ និង​ស្មារតី ដើម្បី​ជួយ​ភាគី​អ្នក​ជួយ​នោះទេ​។ ទី​៧ តំណាងរាស្ត្រ ត្រូវ​តម្កល់​ជានិច្ច​នូវ​ចិត្ត​ស្មោះត្រង់ ដោយ​មិនត្រូវ​ស្ថិតនៅក្នុង​ទំនាស់​ផលប្រយោជន៍​។ ទី​៨ តំណាងរាស្ត្រ មិនត្រូវ​មាន​ភាព​ក្រ​អឹ​ត​ក្រ​ទម តែ​ត្រូវ​ថែរក្សា​ជានិច្ច នូវ​ភាពសាមញ្ញ រម្យទម​សុភាពរាបសា និង​ចុងក្រោយ ក្នុងឋានៈ​ជា​តំណាង​របស់​ប្រជាពលរដ្ឋ តំណាងរាស្ត្រ​គ្រប់រូប ត្រូវ​តាំងចិត្ត​ថា មិន​កេងប្រវ័ញ្ច​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្ខពួក ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​។​

​ក្រមសីលធម៌​នេះ ត្រូវបាន​ដកស្រង់​ចេញពី រដ្ឋធម្មនុញ្ញ​, ច្បាប់​ស្ដីពី លក្ខន្តិកៈ​តំណាងរាស្ត្រ និង​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​, និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ នេះ​បើតាម​សេចក្ដីសម្រេច​របស់​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨៕


Tag:
 ​រដ្ឋសភា​
 ​តំណាងរាស្ត្រ​
 ​ច្បាប់​ថ្មី​
 ​សេចក្ដីព្រាងច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com