ជាតិ
បោះឆ្នោត
លោក ខឹម វាសនា​៖ ពង្រីក​គំនិត​ទៅកាន់​ពលរដ្ឋ មាន​ប្រយោជន៍​ជាង​ការវាយប្រហារ ឬ​លើកតម្កើង​លេខ​រៀង​បក្ស​
30, May 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​ដាក់​បេក្ខភាព​ទាំង​២៥​ខេត្ត​-​រាជធានី ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១០​ក្នុង​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ​។ ខណៈដែល​តំណាង​បក្ស​ជាច្រើន​បានលើកឡើង​ពី​លក្ខខណ្ឌ​វិជ្ជមាន​ទាក់ទង​នឹង​លំដាប់​លេខ​រៀង​របស់ខ្លួន ប្រធាន​បក្ស LDP លោក ខឹម វាសនា យល់ថា មិនមាន​ប្រយោជន៍​អ្វី​ឡើយ​ក្នុងការ​វាយប្រហារ ឬ​លើកតម្កើង​។​



«​មិនមាន​អ្វី​ជា​ប្រយោជន៍​អ្វី​ទេ​រឿង​វាយប្រហារ ឬ​លើកតម្កើង​លេខ​រៀង​គណបក្សនយោបាយ​នោះ​។ ធ្វើ​ការងារ​ពង្រីក​គំនិត​យើង​ទៅកាន់​ពលរដ្ឋ​ទៅ នោះ​ទើប​ជាការ​ងារ​ត្រឹមត្រូវ​របស់​យើង​»​។ នេះ​បើតាម​សំណេរ​របស់លោក ខឹម វាសនា ប្រតិកម្ម​ទៅលើ​រូបភាព​មួយ​ដែល​បានចាត់ទុក LDP ថា​ជា​មាស​ទឹក​១០ ដូច​ទៅនឹង​ចំណងជើង​បទ​ចម្រៀង​របស់លោក ស៊ីន ស៊ី​សាមុត​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដដែល លោក ខឹម វាសនា បានលើកឡើង​ពី​ករណី​បញ្ជី​ឈ្មោះ​បេក្ខជន​នៅក្នុង​បក្ស​របស់ខ្លួន​។ មេបក្ស​រូបនេះ បាន​បញ្ជាក់ថា​៖ «​ស្ទើរ​គ្រប់​បេក្ខជន​ឈរឈ្មោះ​លេខ​លើ​ក្បាល​បញ្ជី​ឈរឈ្មោះ​ក្នុង​តារាង​បេក្ខជន​តំណាងរាស្ត្រ​ទាំងអស់​គ្រប់​ខេត្ត​ក្រុង​របស់ LDP ដែល​បាន​បញ្ជូនទៅ​គជប​ថ្មីៗ​នេះ ខ្ញុំ​សុទ្ធតែ​បាន​និយាយ​ពន្យល់​សុំអោយ​ពួកគេ​ព្រម​ទទួលយក​អំ​រែក​នេះ​ទៅ​»​។​

​លោក​បាន​គូសបញ្ជាក់ថា អ្នកខ្លះ​បានប្រកែក​ទំរាំ​ព្រម​ទទួលយក​អំ​រែក ហើយ​លោក​មើលឃើញ​អ្នកខ្លះ សរសេរថា មិន​យុត្តិធម៌​ទាក់ទង​នឹង​លេខ​រៀង​បេក្ខភាព​។ លោក​លើកឡើងថា​៖ «​មនុស្ស​នេះ​នៅមាន​អារម្មណ៍​ថា​តួនាទី​តំណាងរាស្ត្រ​ជា​អ្វីដែល​បានមក​ខ្លួន មិនមែនជា​អំ​រែក ឬ​ការទទួលខុសត្រូវ​ដែលជា​ទម្ងន់​ទេ ហើយ​ខ្ញុំ​បាន​ចំណាំ​មុខ​អ្នកនោះ​ជាប់​ដោយ​កំណត់​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ដាច់ខាត​មិនអាច​ប្រគល់​មុខនាទី​ណាមួយ​ទៅ​ឲ្យ​ឡើយ​»​។​

​លោក ខឹម វាសនា ដែល​បាន​ដកខ្លួន​ចេញពី​បញ្ជី​បេក្ខភាព​តំណាងរាស្ត្រ​នោះ បាន​លើកឡើងថា ក្នុងនាម​ជា​ប្រមុខ​ដែលជា​តំណាង​ឲ្យ​មនុស្ស​ក្នុង​បក្ស​ទាំងមូល ការសម្រេច​ទាំងឡាយ​ដែល​មិន​ភ្ជាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន លោក​មិនដែល​ខ្លាច​ការប្រឆាំង​តប​ណាមួយ​ពី​សមាជិក​ឬ​អ្នកគាំទ្រ​របស់ខ្លួន​ឡើយ​៕


Tag:
 បោះឆ្នោត​
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com