ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួលបាន​ថវិកា ៦៤​លាន​ដុល្លារ ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​
31, May 2018 , 9:19 am        
រូបភាព
រូបភាព បានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាព បានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
​មូលនិធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) បានផ្តល់​ថវិកា​ចំនួន ៦៤​លាន​ដុល្លារ ដល់​កម្ពុជា​។ ក្នុង​ចំនួន​ថវិកា​នេះ មាន​១២​លាន​ដុល្លារ សម្រាប់​បន្ថែម​លើ​គម្រោង​ដែល​កំពុង​អនុវត្ត និង ៥២​លាន​ដុល្លារ​ទៀត សម្រាប់​គម្រោង​ថ្មី ដែល​ផ្តោតលើ​ការជំរុញ «​ទីផ្សារ​កសិកម្ម និង​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ កសិកម្ម និង​ជនបទ​» ដោយ​គ្រោង​អនុវត្ត​ពី​ឆ្នាំ ២០១៩-២០២១​។​



​ចំនួន​ថវិកា​ខាងលើ ដែល​ផ្តល់​ឲ្យ​កម្ពុជា បានធ្វើ​ឡើង​ក្នុង​ជំ​នូ​ប រវាង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ជាមួយ លោក ណាយ​ជែ​ល ប្រេត​(Nigel Brett) នាយក​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក របស់​មូលនិធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD)  ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក ណាយ​ជែ​ល ប្រេត  បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដឹកនាំ និង​គ្រប់គ្រង​លើ ការអនុវត្ត​គម្រោង​ក្រោម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​របស់ IFAD ប្រកបដោយ​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​។ បន្ថែម​ពីនេះ IFAD នឹង​សហការ​ជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​សម្រាប់​ឆ្នាំ ២០២១-២០២៦ ក្នុង​ទំហំ​ហិរញ្ញប្បទាន​ធំ​ជាង​មុន ។​

​ជាមួយនឹង​គ្នា​នេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​សង្កត់ធ្ងន់ ចំពោះ​ទិសដៅ​យុទ្ធសាស្ត្រ​នៃ​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ IFAD សម្រាប់​ពេលខាងមុខ គឺ​មិន​ត្រឹមតែ​ផ្តោតលើ​ផលិតកម្ម​ដើម្បី សន្តិសុខ​ស្បៀង​ប៉ុណ្ណោះ​ទេ ពោល​ផ្តោតលើ « ការលើកកម្ពស់​ផលិតភាព​កសិកម្ម ពា​ណិ​ជ្ជូ​ប​នីយកម្ម និង​ពិពិធ​កម្ម​កសិកម្ម » ដើម្បី​លើកស្ទួយ​ជីវភាព និង​វិបុលភាព​របស់​ប្រជាកសិករ​កម្ពុជា​៕


Tag:
 អូន ព័ន្ធមុនីរ័ត្ន​
  ណាយ​ជែ​ល ប្រេត​
  IFAD
© រក្សាសិទ្ធិដោយ thmeythmey.com