កីឡាជាតិ
ជាតិ
​រតនគិរី រកបាន​មេដាយ​ដំបូង​ពី​កីឡា​ជាតិ​លើក​ទី​២
31, May 2018 , 10:52 am        
រូបភាព
លោក លើ វ៉ាន់ ព្រហស្បតិ៍ (អាវខ្មៅទី២ខាងឆ្វេង) ថតជាមួយក្រុមកីឡាការិនីម្ចាស់មេដាយសំរឹទ្ធ
លោក លើ វ៉ាន់ ព្រហស្បតិ៍ (អាវខ្មៅទី២ខាងឆ្វេង) ថតជាមួយក្រុមកីឡាការិនីម្ចាស់មេដាយសំរឹទ្ធ
ដោយ:
​ក្រុមកីឡា​ការិនី​ប៉េតង់​ខេត្តរតនគិរី ទទួលបាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​៣​ទល់​៣ កាលពី​ថ្ងៃទី​៣០ ខែឧសភា ហើយ​វា​ក៏​ជា​មេដាយ​ទី​១​ផងដែរ​សម្រាប់​ក្រុមកីឡា​មកពី​ភូមិភាគ​ឦសាន​មួយ​នេះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​ពីរ​។ សម្រាប់​លោក លើ វ៉ាន់​ព្រហស្បតិ៍ តំណាង​ប្រតិភូ​ដឹកនាំ​អត្ត​ព​លិ​ក​ខេត្ត​រតនគីរី វា​ជា​មោទកភាព​មួយ​របស់​ខេត្ត ទោះ​ត្រឹម​មេដាយ​សំរឹទ្ធ​ក៏ដោយ​។ ក្រសួងមហាផ្ទៃ​បន្ត​ឈរ​កំពូល​តារាង​មេដាយ​ក្រោយ​រកបាន​មេដាយមាស​ច្រើនជាងគេ ដែលមាន​រាជធានី​ភ្នំពេញ និង​ក្រសួងការពារជាតិ​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​។​



​ទោះបី​មេដាយ​លើកដំបូង​បាន​ត្រឹម​សំរឹទ្ធ​ក៏ដោយ ប៉ុន្តែ​ប្រតិភូ​ដឹ​ក​នាំ​ក្រុម​អត្ត​ព​លិ​ក​ខេត្តរតនគិរី​បាន​ចាត់ទុកថា ជា​មេដាយ​ដ៏​មានន័យ និង​ជា​មោទកភាព​សម្រាប់​ខេត្ត​របស់ខ្លួន​។ ការចាត់ទុក​បែបនេះ ព្រោះ​វា​ជា​មេដាយ​កីឡា​ជាតិ​លើកដំបូង​បំផុត​សម្រាប់​ខេត្ត​ដាច់​ស្រ​យាល​មួយ​នេះ​។ ម្យ៉ាងទៀត មេដាយ​នេះ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អត្ត​លិ​កមាន​មូលដ្ឋាន​នៅ​ខេត្ត​នេះ​ផ្ទាល់​។

«​ទោះបី​យើង​ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ​ក៏ដោយ ក៏​យើង​មាន​មោទកភាព​ដែរ ដោយសារ​ខេត្ត​យើង​ជា​ខេត្ត​ដាច់​ស្រ​យាល ហើយ​យើង​មាន​កីឡាករ​អាច​ចូលរួម​ប្រកួតប្រជែង​ដូច​គេ​ដូច​ឯង​។ ដូច្នេះ​មេដាយ​នេះ​ជា​មេដាយ​ដ៏​មានន័យ​សម្រាប់​រតនគិរី​»​។ នេះ​ជា​បញ្ជាក់់​របស់លោក លើ វ៉ាន់​ព្រហស្បតិ៍ ប្រតិភូ​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​ខេត្តរតនគិរី​។​



​ទន្ទឹមនឹងនេះ លោក​ទទួលស្គាល់ថា សមត្ថភាព​របស់​អត្ត​ព​លិ​ក​ខេត្ត​រតនគិរី​ហាក់​នៅមានកម្រិត​បើ​ធៀប​នឹង​ខេត្ត​ដទៃ ដែលមាន​មូលដ្ឋាន​នៅ​ជិត​រាជធានី​ភ្នំពេញ ព្រោះ​អត្ត​ព​លិ​ក​ខេត្ត​នេះ​មិនទាន់មាន​កីឡាករ​ជាប់​ជម្រើសជាតិ​នោះទេ​។ ម្យ៉ាងទៀត អត្ត​ព​លិ​ក​ក៏​មិនដែល​ទទួលបាន​ឱកាស​មក​ហ្វឹកហាត់​ជាមួយ​ក្លិប​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។ ជាមួយគ្នានេះ លោក​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា​និង​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់​លើ​ខេត្ត​ដាច់ស្រយាល​មួយ​នេះ តាមរយៈ​ការរៀបចំ​វគ​បណ្តុះបណ្តាល ឬ​ចាត់​ឲ្យ​អ្នកជំនាញ​ទៅ​ចែករំលែក​បទពិសោធន៍​នៅ​ទីនោះ​ជាដើម​។​

​មេដាយ​សំរឹទ្ធ​លើកដំបូង​របស់​ខេត្ត​រតនគិរី​រកបាន​លើ​ប្រភេទ​កីឡា​ប៉េតង់​លើ​វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​ផ្នែក​នារី​។ សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ ខេត្តរតនគិរី​បាន​បញ្ជូន​អត្ត​លិ​កជាង​១០០​នាក់​លើ​២៧​ប្រភេទ​កីឡា​ចូលរួម​។ មកទល់ពេលនេះ ប្រភេទ​កីឡា​មួយចំនួន​ត្រូវបាន​ប្រកួត​ចប់ ហើយ​មួយចំនួន​បាននិងកំពុង​ប្រកួត​។ ប្រតិភូ​ដឹកនាំ​ខាងលើ​រំពឹងថា បាល់ឱប​នឹង​រកបាន​មេដាយ​បន្ថែម​សម្រាប់​ខេត្ត​ដាច់ស្រយាល​មួយ​នេះ​។​



​ទន្ទឹមនឹង​រតនគិរី​រកបាន​មេដាយ​លើកដំបូង ខេត្ត​ចំនួន​៣​រួមមាន​មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង​នៅតែ​មិនអាច​រក​មេដាយ​បាន​ដដែល​។ ប្រសិនបើ​ខេត្ត​ទាំងបី​នេះ នៅតែ​មិនអាច​រក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ អាច​នឹងរង​ការស្តីបន្ទោស​ពី​សំណាក់​សម្តេច ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។ នា​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១​នៅ​ឆ្នាំ​២០១៦ ខេត្ត​ត្បូងឃ្មុំ បាន​រង​ការស្តីបន្ទោស​ធ្ងន់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​រឿង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​។  

​គិត​ត្រឹម​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ​បាន​បន្ត​ឈរ​កំពូល​តារាង​មេដាយ​ក្រោយ​ឈ្នះ​មេដាយមាស​៣១ ប្រាក់​១៧ និង​សំរឹទ្ធ​១៤​។ ចំណែក​រាជធានី​ភ្នំពេញ​ឈរ​លេខ​រៀង​ទី​២ ក្រោយ​អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស​២៥ ប្រាក់​២០ និង​សំរឹទ្ធ​១៦ និង​ក្រសួងការពារជាតិ​ឈរ​លេខ​រៀង​ទី​៣ ក្រោយ​ឈ្នះ​មេដាយមាស​១៧ ប្រាក់​១០ និង​សំរឹទ្ធ​១១៕    
 

Tag:
 កីឡា​ជាតិ​លើក​ទី​២
  រតនគីរី​
  ប៉េតង់​
  National Games
© រក្សាសិទ្ធិដោយ thmeythmey.com