ជាតិ
អតីត​អ្នកកាសែត​អាស៊ីសេរី ត្រូវបាន​ហៅ​ទៅ​សួរ​រឿង​មួយទៀត ជុំវិញ​ការផលិត​វីដេអូ​អាសអាភាស​
31, May 2018 , 8:39 pm        
រូបភាព
លោក អ៊ួន ឈិន (ខាងឆ្វេង) លោក យាង សុជាមេត្តា (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក អ៊ួន ឈិន
លោក អ៊ួន ឈិន (ខាងឆ្វេង) លោក យាង សុជាមេត្តា (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក អ៊ួន ឈិន
ដោយ: ថ្មីៗ
​លោក  អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ត្រូវ​មន្ត្រី​ពន្ធនាគារ ដឹក​ទៅ​ឲ្យ​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នេះ ដើម្បី​ឆ្លើយបំភ្លឺ​ករណី​មួយ​បន្ថែមទៀត គឺ​ការផលិត​វីដេអូ​អាសអាភាស​។



​លោក កែវ វ៉ា​ន្នី មេធាវី​របស់​អ្នក​ទាំងពីរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក ក៏បាន​ចូលរួម​ស្តាប់​ការសាកសួរ​នោះដែរ​។ ប៉ុន្តែ លោក មិនអាច​បង្ហើប​បានឡើយ ជុំវិញ​សំណួរ​និង​ចម្លើយ រវាង​កូនក្តី និង​ចៅក្រម​ស៊ើបសួរ ដោយ​លោក អះអាងថា ជា​នីតិវិធី ដែល​មិនអាច​បង្ហាញ​ដល់​សាធារណជន​។

​ការផលិត​វីដេអូ​អាសអាភាស គឺជា​បទល្មើស​ទី​ពីរ ដែល​លោក  អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវ​ចោទប្រកាន់​។ កន្លងមក អ្នក​ទាំងពីរ ត្រូវបាន​ហៅ​ទៅ​សួរ​តែ​បទល្មើស​ទីមួយ​ប៉ុណ្ណោះ គឺ​បទ​ប្រគល់​ឲ្យ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ  ក្រោយ​តុលាការ រកឃើញថា​បាន​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផលិត​ព័ត៌មាន ហើយ​បញ្ជូនទៅ​ឲ្យ​ស្ថាប័ន​របស់ខ្លួន ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន​នៃ​សហរដ្ឋអាមេរិក​។

​បច្ចុប្បន្ន សំណុំរឿង​របស់​ពួកគេ ក៏​ស្ថិតក្នុង​ដៃ​តុលាការ​កំពូល​ដែរ​។ មេធាវី បានដាក់​បណ្តឹងសាទុក្ខ នៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ដោះលែង​កូនក្តី​ជា​បណ្តោះអាសន្ន​។
​កន្លងមក មេធាវី បានដាក់​សំណើ​នេះ​ជា​ហូរហែ ទាំង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​។ ប៉ុន្តែ សំណើសុំ​នៅក្រៅ​ឃុំ​ទាំង​ប៉ុន្មាន​លើក​នោះ សុទ្ធតែ​ត្រូវបាន​ច្រានចោល​។

​មកដល់ពេលនេះ លោក  អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា បាន​ជាប់ឃុំ​លើសពី​៦​ខែ​ហើយ​៕


Tag:
 តុលាការ​
  អាស៊ីសេរី​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com