ជាតិ
ទារិកា​ម្នាក់ ត្រូវបាន​ប្រទះឃើញ​លើ​គំនរ​សំរាម ក្នុង​ខណ្ឌឫស្សីកែវ​
01, Jun 2018 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​រើស​អេតចាយ បាន​ប្រទះឃើញ​ទារិកា​ទើបនឹង​កើត​ម្នាក់ ដែល​ត្រូវបាន​រុំ​នឹង​សារុង ហើយ​យកទៅ​ចោល​នៅលើ​គំនរ​សំរាម នៅមុខ​អគ្គិសនី​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ កាលពី​យប់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។​



​បន្ទាប់មក ប្រជាពលរដ្ឋ​មួយចំនួន ក៏​ឈូឆរ​ទៅ​មើល​ទារិកា​នោះ​។ បើតាម​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ព័ត៌មាន​បន្ទាន់ៗ​ក្នុងសង្គម​» ស្ត្រី​ម្នាក់ អះអាងថា​ចង់បាន​ទារិកា​នោះ​ទៅ​ចិញ្ចឹម ប្រសិនបើ​សមត្ថកិច្ច​ប្រគល់​ឲ្យ​។ ចំណែកឯ អ្នក​រើស​អេតចាយ ដែលជា​អ្នកឃើញ​ទារិកា​នោះ ក៏​ចង់​បានដែរ​។ 
​យ៉ាងណាក៏ដោយ សមត្ថកិច្ច សម្រេច​បញ្ជូន​ទារិកា​ខាងលើ ទៅកាន់​មន្ទីរពេទ្យ​ជាមុនសិន  ដោយ​ពុំទាន់​ប្រគល់​ឲ្យ​អ្នកណា​ឡើយ​។

​អធិការ​ខណ្ឌឫស្សីកែវ លោក ទៀង ចាន់​សារ មិនទាន់​អាច​បញ្ជាក់បាន​នោះទេ ចំពោះ​ករណី​ទារិកា​នេះ ព្រោះ​លោក មិនទាន់​ទទួលបាន​ព័ត៌មាន​នៅឡើយ​។ លោក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​អត់​ទាន់​ដឹង​ទេ ចាំ​ខ្ញុំ​សួរ​គេ​សិន​»៕


Tag:
 ទារិកា​
© រក្សាសិទ្ធិដោយ thmeythmey.com