ជាតិ
សេដ្ឋកិច្ច
សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រើនរំឭក​ឲ្យ​សមាជិក​ខ្លួន​ប្រុងប្រយ័ត្ន​ក្នុង​ការចេញ​ឥណទាន​កម្ចី​
01, Jun 2018 , 7:59 pm        
រូបភាព
រូប​ថតពីគេហទំព័រសមាគម​​មីក្រូហិរញ្ញវត្ថុកម្ពុជា។ (រូប Screenshot)
រូប​ថតពីគេហទំព័រសមាគម​​មីក្រូហិរញ្ញវត្ថុកម្ពុជា។ (រូប Screenshot)
ដោយ: VOA
 ភ្នំពេញ ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានចេញ​ការព្រមាន​ដល់​សមាជិក​របស់ខ្លួន​ម្តងទៀត​ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឃោសនា​ដែលថា នឹងមាន​ការលុបចោល​បំណុល​ដែល​ពលរដ្ឋ​បាន​ជំពាក់​រដ្ឋ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ ដែល​បានចេញ​ផ្សាយ​នៅក្នុង​សប្តាហ៍​នេះ​។​



​យោងតាម​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ សមាគម​មីក្រូហិរញ្ញវត្ថុ ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​ជាង​១០០ បានបញ្ជាក់​ឲ្យ​ដឹង​សារជាថ្មី​តាម​អត្ថន័យ​ដើម​ថា​៖«​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​គ្រឹះស្ថាន​ឯកជន​សុទ្ធសាធ និង​ធ្វើ​ប្រតិបត្តិការ​សំដៅ​ទទួលបាន​ប្រាក់ចំណេញ ហើយ​អតិថិជន​ដែល​ទទួល​ប្រាក់កម្ចី​ត្រូវមាន​កាតព្វកិច្ច​សង​ត្រឡប់​តាម​កិច្ចសន្យា​កំណត់​»​។​

​សមាគម​មីក្រូ​ហិរញ្ញ​វត្ថ​បាន​ថ្លែង​សង្កត់ធ្ងន់​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា គ្រឹះស្ថាន​ជា​សមាជិក និង​មន្ត្រី​ឥណទាន​ទាំងអស់​ត្រូវធ្វើ​ការបញ្ជា​ក់​ឲ្យ​ច្បាស់​ប្រាប់​ប្រជាពលរដ្ឋ​ថា លុយ​ដែល​ពលរដ្ឋ​ខ្ចី​ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ​នោះឡើយ​។​

​សេចក្តីប្រកាស​របស់​ស​មា​គម​ដដែល​បាន​សរសេរ​បន្ត​ក្នុងន័យ​ដើម​ថា​៖«​សមាគម​សូមបញ្ជាក់​បន្ថែមថា ការផ្សព្វផ្សាយ​ពី​ការ​លុប​បំណុល ឬ​ការផ្សព្វផ្សាយ​ស្រដៀង​គ្នា​គឺជា​សកម្មភាព​ប្រជាភិថុតិ ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចីប្រាក់​ហួស​ពី​តម្រូវការ បង្ក​ជា​បញ្ហាលំបាក​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​និង​សង្គម​»​។​

​លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រតិ​ប​តិ្ត​ករ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលជា​សមាជិក​របស់​សមាគម បានធ្វើ​កិច្ចការងារ​ច្រើន​រួចទៅហើយ​ដើម្បី​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់​ពី​ការប្រើ​សេវា​ឥណទាន ហើយ​ពលរដ្ឋ​ខ្លួនឯង​ក៏បាន​ដឹង​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ចំពោះ​ការប្រើ​ឥណទាន​នោះ​។ តែ​ដើម្បី​រក្សាបាន​ការយល់ដឹង​នេះ សមាគម​បាន​ខិតខំ​បន្ត​ក្រើនរំឭក​ទាំង​ប្រតិបត្តិ​ករ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អ្នកប្រើប្រាស់​ឥណទាន អំពី​ការភាន់ច្រឡំ ដែលថា លុយ​ដែល​ពលរដ្ឋ​បាន​ខ្ចី​នោះ​ជា​លុយ​របស់​រដ្ឋ​។​

«​ទីមួយ​គឺ​យើង​ចង់​ក្រើនរំឭក​ដល់​ប្រតិបត្តិ​ករ ជាពិសេស​ទៅដល់​សមាជិក​របស់​ស​មា​គម ឲ្យ​ធ្វើ​ម៉េច ផ្តល់​សេវា​ដែល​យក​អតិថិជន​ជា​មូលដ្ឋាន គាំពារ​ការពារ​ផលប្រយោជន៍ និង​លើកកម្ពស់​ការយល់ដឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ផលិតផល​សេវាកម្ម​។ ទី​ពីរ​យើង​ចង់​បញ្ជ្រាប​ចំណេះដឹង​ហ្នឹង​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់ ហាក់ដូចជា​បង្កើន​នូវ​ការ​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា កម្ចី​នេះ​នៅពេលដែល​យើង​ទទួល​សេវា ជាពិសេស​សេវា​កម្ចី​ហ្នឹង យើង​ត្រូវតែមាន​ការទទួលខុសត្រូវ ក្នុងនាម​យើង​ជា​អតិថិជន ហើយ​ត្រូវតែ​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា នេះ​ជា​កម្ចី​ពី​គ្រឹះស្ថាន​ឯកជន ដែលជា​គ្រឹះស្ថាន​ស្វែងរក​ប្រាក់ចំណេញ​»​។​

​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់​ធនាគារជាតិ​ក​ម្ពុ​ជា​បានបញ្ជាក់​ឲ្យ​ដឹងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែ​បន្ត​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការពង្រីក​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ ដោយបាន​រួមចំណែក​ក្នុងការ​លើកស្ទួយ​កម្រិត​ជីវភាព​រស់នៅ​ឲ្យ​មាន​ភាពប្រសើរឡើង​។​

​ក្រៅពីនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើ​ពិពិធ​កម្ម​សេវា​ហិរញ្ញវត្ថុ រួមមាន​សេវា​ផ្ទេរប្រាក់ សេវា​ធនាគារ​ចល័ត សេវា​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ (ATM) និង​សេវា​ណែនាំ​ធានារ៉ាប់រង​ខ្នាតតូច​ជាដើម​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើ​ប្រតិបត្តិការ​គ្របដណ្តប់​ទូទាំង​២៥​រាជធានី​-​ខេត្ត ដោយមាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​៧៦ ខេត្ត​ចំនួន​២៦២ ក្រុង​ចំនួន​២០០ និង​ស្រុក​ចំនួន​៧៦៨ ព្រមទាំង​បានផ្តល់​ការងារ​ដល់​បុគ្គលិក​ចំនួន​២៩.១១១​។​

​របាយការណ៍​បន្តទៀត​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កេណ្ឌ ប្រមូលប្រាក់​បញ្ញើ​សរុប​ចំនួន​ប្រមាណ​៨,១​ទ្រី​លាន​រៀល គឺ​កើនឡើង​ចំនួន​៣៥,៦​ភាគរយ (​ឆ្នាំ​លើ​ឆ្នាំ​) និង​ទទួលបាន​ពី​អ្នក​ផ្ញើ​ប្រា​ក់ជាង​១,៧​លាន​នាក់ និង​បានផ្តល់​កំណើន​ឥណទាន​ចំនួន​២៥,៥​ភាគរយ​គឺមាន​ចំនួន​សរុប​ប្រមាណ​១៥,៩​ទ្រី​លាន​រៀល ដល់​អតិថិជន​ចំនួន​១,៧៥​លាន​នាក់ ក្នុងនោះ​អតិថិជន​ជា​ស្ត្រី​មាន​ចំនួន​៧៧,៤​ភាគរយ​។ ឥណទាន​ត្រូវបាន​បែងចែក​ទៅ​វិស័យ​កសិកម្ម​២៦,៩​ភាគរយ ពាណិជ្ជកម្ម​១៨,៦​ភាគរយ ក្រុមគ្រួសារ​៣៣,២​ភាគរយ សេវាកម្ម​១០,៣​ភាគរយ ដឹកជញ្ជូន​៤,៥​ភាគរយ សំណង់​៣,៣​ភាគរយ ស្ថាប័នហិរញ្ញវត្ថុ​០,១​ភាគរយ និង​ផ្សេងៗ​ទៀត​២,២​ភាគរយ​។​

​លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបញ្ជាក់ ប្រាប់ VOA ថា ទំហំ​ឥណទាន​សរុប​ដែល​បានដាក់​ឲ្យ​ប្រតិបត្តិ​ការគិត​ត្រឹម​ដំណាច់​ខែមីនា​ឆ្នាំមាន​ចំនួន​ប្រមាណ​៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អ្នក​ខ្ចី​ចំនួន​១,៨​លាន​នាក់​។ អ្នកជំនាញ​ខាង​មីក្រូហិរញ្ញវត្ថុ​រូបនេះ​អះអាងថា រហូតមកដល់​ពេលនេះ​ការខូចខាត​កម្ចី​ឥណទាន​គឺ​នៅមាន​តិច​នៅឡើយ ទោះបី​មានការ​ឃោសនា​ថា នឹងមាន​ការ​លុប​បំណុល​ដែល​ពលរដ្ឋ​ជំពាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្តី​។​

«​ប្រទេស​កម្ពុជា​យើង គុណភាព​នៃ​កម្ចី គុណភាព​ឥណទាន​នៅ​ប្រទេស​កម្ពុជា បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​សាកលលោក​នេះ យើង​មាន​ភាពល្អប្រសើរ​មែនទែន​។ យើង កម្ចី​របស់​យើង​មានគុណ​ភាព​រហូត​ទៅដល់​៩០ ជិត​៩៩​ភាគរយ បានន័យថា ក្នុងចំណោម​១០០​ឥណទាន ១០០​កម្ចី​ហ្នឹង​មាន​តែមួយ​កម្ចី​ទេ ដែលមាន​បញ្ហា​។ ហើយ​មែន​បានន័យថា បញ្ហា​ហ្នឹង ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​យើង​គាត់​អាច​បង់​យឺត ខ្វះខាត មាន​បញ្ហា​ផ្លាស់ប្តូរ​ក្នុង​គ្រួសារ ឬមួយ​ក៏មាន​បញ្ហា​អាជីវកម្ម​អីហ្នឹង ប៉ុន្តែ​មិនមែន​បានន័យថា ខូច ហើយ​មិនអាច​យកមក​វិញ​បានទេ​។ អីចឹង​បានន័យថា គុណភាព​កម្ចី​ឥណទាន​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ មាន​ភាពល្អប្រសើរ​មែនទែន​»​។​

​លោក យុន សុ​វណ្ណា មានប្រសាសន៍​បន្តថា ទាក់ទិន​ការឃោសនា ដែលថា នឹងមាន​ការ​លុប​បំណុល​នោះ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹងមាន​វិធានការ​ទៅតាម​សកម្មភាព​ល្មើស​ដែល​បុគ្គល ឬ​ក្រុម​ណាមួយ​បាន​ប្រព្រឹត្ត​។ លោក​ថា សមាគម​នឹង​បន្ត​លើកកម្ពស់​ការយល់ដឹង​អំពី​ការប្រើប្រាស់​ឥណទាន ដែលមាន​បុព្វហេតុ​ចម្បង​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការបង្កើន​ការគោរព​ច្បាប់ ដែលមាន​ចែង​ឲ្យ​ប្រើ​ក្នុង​វិស័យនេះ​។ ជាមួយនឹង​ការបោះឆ្នោតជាតិ ដែល​កំពុង​ខិតជិត​មកដល់​នោះ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​រូបនេះ​ជឿថា ស្ថិរភាព​ក្នុង​មីក្រូហិរញ្ញវត្ថុ​ដែល​កំពុង​លូតលាស់​នេះ នឹង​បន្ត​កើតមាន ហើយក៏​មិនមាន​សញ្ញា​ណាមួយ ដែល​អាច​បញ្ជាក់ថា វិស័យនេះ​នឹង​អាច​ជួប​ហានិភ័យ​នោះឡើយ​។​

«​យើង​ជឿថា ទៅ​ថ្ងៃមុខ រួមទាំង​ឆ្នាំ​២០១៨​នេះ​ផង វិស័យនេះ​នឹង​បន្ត​មាន​និរន្តរភាព ហើយ​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​យល់ច្បាស់​អំពី​កាតព្វកិច្ច និង​សិទ្ធិ​របស់ខ្លួន​ជា​អតិថិជន ហើយ​ប្រតិបត្តិ​ករ​ត្រូវតែ​ប្រកួតប្រជែង​ឲ្យ​ស្មើភាព មាន​តម្លាភាព ហើយនឹង​យក​អតិថិជន​ជា​មូលដ្ឋាន ក្នុង​ការផ្តល់សេវា​។ អីចឹង យើង​ត្រូវតែ​បន្ត​លើកកម្ពស់ ហើយ​ជំរុញ​ឲ្យ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ មាន​ភាពល្អប្រសើរ ព្រោះ​ការផ្តល់សេវា​នេះ​គឺ​គោលបំណង​ដ៏​ធំចម្បង​នោះ គឺ​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាព និង​ជំរុញ​កំណើន​អាជីវកម្ម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អតិថិជន​។ ហើយ​យើង​គិតថា ក្នុង​ឆ្នាំ​ហ្នឹង​ក៏ដូចជា​ឆ្នាំ​បន្ទាប់ យើង​នៅតែ​ល្អប្រសើរ​គុណភាព​របស់​កម្ចី​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​យើង​។ ហើយ​ជាពិសេស បើទោះបី​ឆ្នាំនេះ​ជា​ឆ្នាំ​បោះឆ្នោត​មែន ប៉ុន្តែ​បើ​យើង​សង្កេតមើល​ពី​សង្គម​ពី​សេដ្ឋកិច្ច​ហាក់ដូចជា​ល្អប្រសើរ ហើយ​យើង​អាច​ព្យាករណ៍​បាន​ពី​ស្ថិរភាព ហើយ​និង​កំណើន​ដែល​នឹង​បន្ត​ទទួលបាន​ពី​ឆ្នាំនេះ​ទៅ​ឆ្នាំក្រោយ បាទ​»​។​

​នៅ​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​មួយចំនួន​ត្រូវគេ​សង្កេតឃើញថា បាន​ឆ្លៀត​ប្រើប្រាស់​សេវា​ឥណទាន ក្រៅផ្លូវការ ដែល​មិនមាន​ការដឹងឮ​តាម​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្របច្បាប់​កម្ពុជា​។ សមាគម​មីក្រូហិរញ្ញវត្ថុ​ក៏​ធ្លាប់​បានចេញ​ការព្រមាន​ថា ការខ្ចីប្រាក់​ក្រៅ​សេវា​ស្របច្បាប់​ពិត​ជាមាន​ភាពងាយស្រួល តែ​គ្រោះថ្នាក់​ខាង​ហិរញ្ញវត្ថុ និង​សង្គម​ក៏មាន​ច្រើន​ដែរ តួយ៉ាង អ្នក​ខ្ចី​អាច​ប្រឈម​គុណវិបត្តិ​ជាច្រើន រួមមាន គេ​អាច​បោក​បញ្ឆោត អូសទាញ​ឲ្យ​អ្នក​លង់​ជឿ​ព្រម​តាម​គេ គិត​បញ្ចូល​ការប្រាក់​ដោយ​គា្មន​បាន​ចរចា​គា្ន មិន​កំណត់​ថៃ្ល​ដើម​ចុង​ច្បាស់លាស់ កាលកំណត់​សង​ប្រាក់​មាន​រយៈពេល​ខី្ល​-​ខី្ច​ថៃ្ង​នេះ អាច​នឹងត្រូវ​បង់​សង​វិញ​ថៃ្ង​សែ្អ​ក​ក៏មាន ប្រឈម​នឹង​ការ​ជំរិត​ទារប្រាក់ ឬ​ការ​រឹបអូស​ដែល​នាំ​ឲ្យ​គេ​ដឹង​ឮជា​សារ​ធារ​ណៈ ហើយ​អ្នក​ត្រូវ​ខ្មាស​គេ មិនសូវមាន​ការគោរព ឬ​គា្មន​ការគោរព​ចំពោះ​អតិថិជន​។​

​ក្នុងស្ថានភាព​នយោបាយ​វិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវ​អង្គភាព​ព័ត៌មាន​ក្នុងស្រុក Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​រាយការណ៍​មក​ថា លោក​បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការឃោសនា​របស់​អ្នកនយោបាយ​មួយរូប​ដែល​លោកនាយក​រដ្ឋមន្ត្រី​មិន​បញ្ចេញ​ឈ្មោះ តែ​គេ​ស្គាល់​ថា​ជា​ព្រះអង្គ​មា្ច​ស់​នរោត្តមរណឫទ្ធិ​នោះ បាន​មាន​ព្រះបន្ទូល​ទៅកាន់​ប្រជាពលរដ្ឋ​នៅឯ​ខេត្តតាកែវ​កាលពីពេល​ថ្មីៗ​នេះ​ថា «​នៅពេល​ព្រះអង្គ​ឈ្នះឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល ព្រះអង្គ​នឹង​ដោះស្រាយ​បំណុល​ជូន​ប្រជាពលរដ្ឋ​»​។​

​អង្គភាព​ព័ត៌មាន​នេះ​បាន​ស្រង់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុងន័យ​ដើម​ថា​៖«​មាន​អ្នកខ្លះ​ថា បើ​គេ​ឈ្នះឆ្នោត គេ​នឹង​សងបំណុល​ជួស​ប្រជាជន​ទាំងអស់​។ នេះ​ជា​អំពើ​បោកប្រាស់​មួយ ដែល​គួរ​ឲ្យ​ខ្មាស់អៀន​ខ្លាំងណាស់​។ ប៉ុន្មាន​អាទិត្យ​មុន​សរសេរ​សំបុត្រ​មកសុំ​ខ្ចីលុយ​ខ្ញុំ​សោះ ស្រាប់តែ​ឥឡូវ​បែរជា​សន្យា​សងលុយ​ជំនួស​ប្រជាជន​ទាំងអស់​ទូទាំងប្រទេស​ចំពោះ​ធនាគារ​។ តើ​ប្រទេស​ណា​ដែល​គេ​អាចធ្វើ​អីចឹង​ទៅរួច​។ បើ​ធ្វើ​អីចឹង​ទៅបាន​ចាំបាច់​អី ខ្ចីលុយ​ពី​បរទេស​មក​កសាង​ផ្លូវ មក​កសាង​ប្រឡាយទឹក មក​កសាង​មន្ទីរពេទ្យ​ក្នុងប្រទេស​របស់​យើង​។ យើង​មិន​យកលុយ​ទាំង​នោះមក​កសាង​តែម្តងទៅ ប៉ុន្តែ​ដោយសារ​យើង​ក្រ អត់លុយ​នោះ​ហើយ​ទើប​យើង​ខ្ចីលុយ​បរទេស​»​។​

​ជា​ផ្នែក​មួយ​នៃ​ការរក្សា​លំនឹង​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៧ បានសម្រេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយបាន​បង្កើត​ពិ​ដាន​អត្រា​ការប្រាក់​ត្រឹម​១៨​ភាគរយ​ក្នុង​មួយឆ្នាំ​។ ពិ​ដាន​អត្រា​ការប្រាក់​នេះ​បាន​ទទួលរង​ការរិះគន់​ពី​អ្នកជំនាញ​ហិរញ្ញវត្ថុ​ក្នុងប្រទេស ដោយហេតុថា វា​នឹង​មិនអាច​រក្សា​និរន្ត​ភាព​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នោះទេ តែ​នឹងធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្នាតតូចៗ​ប្រឈម​ហានិភ័យ​ខ្ពស់​ខាង​ហិរញ្ញវត្ថុ ឬ​ត្រូវ​ប្រឈម​នឹង​ការបិទទ្វារ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com