ជាតិ
អ្នកជំនាញ​៖ ក្នុង​រយៈពេល​ខ្លី កម្ពុជា​ត្រូវ​បន្ត​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​មហា​យ​ក្ស​ចិន ប៉ុន្តែ​ហាម​រឿង​បីយ៉ាង​
01, Jun 2018 , 4:25 pm        
រូបភាព
​កម្ពុជា​តែង​រង​ការរិះគន់​ខ្លាំង​ដោយសារ​មាន​និន្នាការ​ទៅរក​មហា​យក្ស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ បើតាម​អ្នកជំនាញ​កិច្ចការបរទេស​កម្ពុជា គេ​រិះគន់​កម្ពុជា​ដែល​ងាក​ទៅរក​ចិន​ដោយសារ​គេ​មិនបាន​យល់​ពី​ស្ថានភាព​កម្ពុជា​ច្បាស់​។ ក្នុងនាម​ជា​ប្រទេស​តូច ហើយ​កំពុង​អភិវឌ្ឍ កម្ពុជា​ចាំបាច់​ត្រូវអនុវត្ត​គោលនយោបាយ​ការបរទេស​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ ក្នុង​រយៈពេល​ខ្លី កម្ពុជា​ត្រូវ​បន្ត​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ចិន តែ​ត្រូវ​ធានា​រក្សា​គោលជំហរ​បីយ៉ាង​ពោលគឺ មិន​អនុ​ញ្ញ​ត​ឲ្យ​មាន​ការកសាង​មូលដ្ឋាន​យោធា​ចិន​លើ​ទឹកដី​ខ្លួន​, ការមិន​បង្កើត​សម្ព័ន្ធភាព​សន្តិសុខ និង មិន​ចូលរួម​ប្រតិបត្តិការ​យោធា​ជាមួយ​ចិន​។



​មហា​យក្ស​ចិន​កំពុង​ព្យាយាម​បង្កើន​ឡើង​ឥទ្ធិពល​គ្រប់​ទីកន្លែង​លើ​ពិភពលោក តាមរយៈ​ការអនុវត្ត​គម្រោង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​វិថី​មួយ​ចាប់ពី​ឆ្នាំ ២០១៣​។ ចំណែក​រដ្ឋបាល​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ​នៅតែ​មិនទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​នៅក្នុង​ការបន្ត​រក្សា​វត្ត​មាន​របស់ខ្លួន​នៅ​នៅ​អាស៊ី​ដែរ​។​

​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ាន​ដូចជា​ហ្វីលីពីន ឡាវ មី​យ៉ាន់​ម៉ា រួមទាំង​កម្ពុជា​សុទ្ធតែ​បង្ហាញ​និន្នាការ​ងាក​ទៅ​ចាប់​មហា​យក្ស​ចិន​។ បើ​វៀតណាម​ឯណោះ​វិញ ព្យាយាម​ឈោង​ចាប់​អាមេរិក​ធ្វើជា​ខ្នងបង្អែក​សន្តិសុខ តែ​ព្យាយាម​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដែរ​។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ កម្ពុជា​រង​ការរិះគន់​ខ្លាំងជាងគេ​ជុំវិញ​ការពង្រឹង​ទំនាក់ទំនង​ល្អជា​មួយ​ចិន​នេះ​ដោយ​កម្ពុជា​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ចិន​នៅ​ឆ្នាំ ២០១០​។ ខ្លះ​នាំគ្នា​ហៅ​កម្ពុជា​ថា ជា​កូនជឹង​របស់​ចិន ដែល​តែងតែ​បង្កបញ្ហា​ឲ្យ​អាស៊ាន​ថែមទៀត​។

​លោក  ជឺ​ន​បូរាណ ច័ន្ទបូរី ដែលជា​បេក្ខជន​ថ្នាក់បណ្ឌិត​ខាង​ការសិក្សា​នយោបាយ និង​យុទ្ធសាស្ត្រ​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (ANU) នៅ​ក្រុង​កង់​បេ​រ៉ា បានលើកឡើង​ក្នុង​ប​ឋ​កថា​សាធារណៈ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី ២១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថា វា​ជា​រឿង​មិន​សមរម្យ​ឡើយ​ដែល​គេ​តែង​រិះគន់​ជំហរ​កម្ពុជា​បែបនេះ​។ គេ​រិះគន់​ព្រោះ​គេ​មិនបាន​យល់ច្បាស់​ពី​ស្ថាន​ភាពលំបាក​ក្នុងភូមិ​សាស្ត្រ​នយោបាយ​របស់​កម្ពុជា​ឡើយ​។​

 អ្នកជំនាញ​រូបនេះ​បន្តថា ការ​ស្រវា​ចាប់​មហា​យក្ស​អាស៊ី​ចិន​នេះ ជា​ជម្រើស​យុទ្ធសាស្ត្រ​របស់​ជា​រដ្ឋ​តូចតាច​ហើយ​ទន់ខ្សោយ​ដូច​កម្ពុជា ព្រោះ​ចិន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការធានា​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច រួមទាំង​សន្តិសុខ​របស់​កម្ពុជា​ផងដែរ​។ ចំណែក​អាមេរិក​ឯណោះ​វិញ មិនមែនជា​មហាអំណាច​ល្អឥតខ្ចោះ​ដែល​កម្ពុជា​ត្រូវ​ភ្ជាប់​ខ្លួន​ដែរ ព្រោះ​វា​មាន​ហេតុផល​សំខាន់ៗ​ជាច្រើន​ជាពិសេស​កង្វះ​ការទុកចិត្ត​គ្នា​រវាង​ក្រុងភ្នំពេញ​និង​ក្រុង​វ៉ាស៊ីនតោន និង​ជាពិសេស​បញ្ហា​ប្រវត្តិសាស្ត្រ​ជូរចត់​នោះ​។​

 ប៉ុន្តែ​លោក ច័ន្ទបូរី បានផ្តល់​អនុសាសន៍​ថា កម្ពុជា​គួរ​មាន​គោលនយោបាយ​ការបរទេស​បត់បែន​ដោយមាន​រយៈពេល​ខ្លី និង​រយៈពេល​វែង​ដើម្បី​ដោះស្រាយ​បញ្ហា​យុទ្ធសាស្ត្រ និង​ការលំបាក​ផ្សេងទៀត​ដែល​នឹង​អាច​កើតមាន​ក្នុងពេល​បង្កើត​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​មហា​យក្ស​ចិន​នេះ​។​

១.​គោលនយោបាយ​រយៈពេល​ខ្លី​៖ «​សម្ព័ន្ធភាព​ធូររលុង​»​ជាមួយ​ចិន​
​បើតាម​ការ​ពន្យល់ថារ​ប​ស់លោក ចន្ទ​បូរី គោលនយោបាយ​ការបរទេស​រយៈពេល​ខ្លី​របស់​កម្ពុ​ជាមាន​បី​ចំណុច​ធំៗ​។ ទីមួយ​គឺ បង្កើត​«​សម្ព័ន្ធភាព​ធូររលុង​» (Loose Alignment) ជាមួយ​មហា​យក្ស​ចិន​។  សម្ព័ន្ធភាព​ធូររលុង​នេះ​គឺ លោក​ចង់​សំដៅលើ​ការបន្ត​បង្កើន​ទំនាក់ទំនង​ល្អ​លើ​វិស័យសេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ជាមួយ​មហាអំណាច​សេដ្ឋកិច្ច​លេខ​រៀង​ទី​ពីរ​នេះ​។​

​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ មហា​យក្ស​ចិន​ជា​មហាអំណាច​តែមួយគត់​ដែល​អាច​ធានាបាន​ទាំង​ការលូតលាស់​និង​វិបុលភាព​នៃ​សេដ្ឋកិច្ច ក៏ដូចជា​ធានា​សន្តិសុខ ស្ថិរភាព និង​សន្តិភាព​របស់​កម្ពុជា បើ​ផ្អែក​តាម​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា​។

​និយាយ​ដល់​ភូមិសាស្ត្រ​នយោបាយ កម្ពុជា​ស្ថិតនៅ​ចន្លោះ​ប្រទេសជិតខាង​គីឡូ​ធ្ងន់​ដូចជា​វៀតណាម និង​ថៃ​ដែល​សុទ្ធ​តែមាន​ជម្លោះព្រំដែន និង​ធ្លាប់មាន​ប្រវត្តិ​ជា​គូបដិបក្ខ​ជាជាង​មិត្ត​ជិតខាង​ល្អ​នោះ​។ ការយក​ចិន​ជា​មិត្ត និង​ខ្នងបង្អែក កម្ពុជា​នឹង​អាច​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ និង​យោធា​ដែលមាន​និរន្ត​ភាព​យូរអង្វែង​។ វា​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើ​កម្ពស់​ការកសាង​សមត្ថភាព​យោធា​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​។ តិច​ឬ​ច្រើន វា​ជួយ​ធ្វើ​ឲ្យ​ប្រទេសជិតខាង​ទាំងពីរ​នេះ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​ចំពោះ​កម្ពុជា​ផងដែរ​។​

​ប៉ុន្តែ​ស្របពេល​ងាក​ទៅ​កាន់តែ​ស្និទ្ធ​នឹង​ចិន កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​គោលជំហរ​សំខាន់​បីយ៉ាង​ដូចជា មិន​អនុញ្ញាត​ឲ្យ​មាន​ការកសាង​មូលដ្ឋាន​យោធា​ចិន​លើ​ទឹកដី​ខ្លួន​, ការមិន​បង្កើត​សម្ព័ន្ធភាព​សន្តិសុខ និង មិន​ចូលរួម​ប្រតិបត្តិការ​យោធា​ជាមួយ​ចិន (​លើកលែង​ការធ្វើ​លំ​ហាត់​យោធា​ប៉ុណ្ណោះ​)​។ ធ្វើបែបនេះ វា​ធានាបាន​នូវ​គោលការណ៍​ឯករាជ្យ អ​ព្យា​ក្រឹត្យ និង មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ប្រទេស​ដទៃ​ដែលមាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ ១៩៩៣​។

​មាត្រា ៥៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ច្បាស់​ថា កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានការ​បង្កើត​មូលដ្ឋាន​យោធា បរទេស​ណាមួយ​លើទឹក​ដី​កម្ពុជា ឬ​មូលដ្ឋានទ័ព​កម្ពុជា​នៅ​បរទេស​ឡើយ លើកលែងតែ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​។

 ចំណុច​ទី​ពីរ កម្ពុជា​ត្រូវ​បន្ត​តួនាទី​សកម្ម​ក្នុងការ​លើកស្ទួយ​អង្គការ​តំបន់​«​អាស៊ាន​» ដោយសារ​វា​ផ្តល់ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មហា​អំណាច និង​ដោះស្រាយ​បញ្ហា​ហានិភ័យ ឬ​ស្ថាន​ភាពមិនច្បាស់លាស់​ក្នុង​តំបន់​។

​ចំណុច​ទី​បី គឺ ការបន្ត​ធ្វើ​ពិពិធ​កម្ម​ដៃគូ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​នៅ​អាស៊ី​ក៏ដូចជា​ប្រទេស​នៅក្រៅ​តំបន់​។  លោក ចន្ទ​បូរី បាន​លើកឡើងថា កម្ពុជា​ផ្តល់​អាទិភាព​លើ​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​មហាអំណាច​ដូចជា​ជប៉ុន បារាំង និង​រុស្ស៊ី រួមជាមួយ​មហាអំណាច​គីឡូ​មធ្យម​ដូចជា អូស្ត្រាលី និង​កូរ៉េខាងត្បូង​ផងដែរ​។ ការពង្រឹង​ចំណងមិត្តភាព​ជាមួយ​ប្រទេស​មហាអំណាច​ទាំងនេះ មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ដៃគូ​សំខាន់បំផុត​របស់ខ្លួន មហា​យក្ស​ចិន​ឡើយ​។​

២.​គោលនយោបាយ​រយៈពេល​វែង​៖ លើកស្ទួយ​សណ្តាប់ធ្នាប់​តំបន់​ដែល​ពឹង​ផ្អែកលើ​ច្បាប់​អន្តរជាតិ​
​ក្នុង​រយៈពេល​យូរអង្វែង​ទៅមុខ លោក ចន្ទ​បូរី យល់ឃើញថា​កម្ពុជា​ចាំបាច់​ត្រូវមាន​គោលនយោបាយ​ការបរទេស​មួយ​ដែលមាន​ទិសដៅ​ច្រើន និង​កំណត់​យក​ការលើកកម្ពស់​សណ្តាប់ធ្នាប់​អន្តរជាតិ​ពឹងផ្អែក​លើ​ច្បាប់ (Rule Based Regional Order) ជា​រឿង​អាទិភាព​។

​លោក​គូសបញ្ជាក់ថា វា​ជា​រឿង​សំខាន់​ដែល​កម្ពុជា​ត្រូវមាន​ធនធានមនុស្ស​ដែលមាន​ចំណេះដឹង​ខ្ពស់ និង​មាន​សមត្ថភាព​ដើម្បី​ទទួលខុសត្រូវ​លើ​ការបង្កើត និង​អនុវត្ត​គោលនយោបាយ​ការបរទេស​ផង​។

«​ចុងក្រោយ គោលនយោបាយ​ការបរទេស​កម្ពុជា​ត្រូវការ​ការពង្រឹង​បន្ថែម​តាមរយៈ​ការកែទម្រង់​ស្ថាប័ន និង​ការជ្រើសរើស​មន្ត្រីការទូត​ដែលមាន​សមត្ថភាព និង​ចំណេះដឹង​ខ្ពស់បំផុត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចន្ទ​បូរី​៕

អត្ថបទទាក់ទង



Tag:
 ជឺ​ន​បូរាណ ច័ន្ទបូរី
  កម្ពុជា​
 ​ចិន​
  ភូមិសាស្ត្រ​នយោបាយ​
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com