កីឡាជាតិ
ជាតិ
វិសាខា​ដែល​ទើប​នាំចូល កែវ សុខ​ផេង និង សុខ សុវណ្ណ ប្រជែង​ជាមួយ​ណាហ្គា​វើ​ល​ល្ងាច​នេះ​
02, Jun 2018 , 12:27 pm        
រូបភាព
ដោយ:
 ក្រុម​ចំណូល​ថ្មី​វិសាខា ដែល​ទើប​ចុះកិច្ចសន្យា​នាំចូល​ខ្សែប្រយុទ្ធ កែវ សុខ​ផេង និង​ខ្សែការពារ សុខ សុវណ្ណ ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល សម្រាប់​ជំនួប​សប្តាហ៍​ទី​៨​ពានរង្វាន់​លី​គ​កំពូល នា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ នៅ​ស្តា​ត​ចាស់​នេះដែរ បឹងកេត​ត្រូវ​តតាំង​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ នា​វេលា​ម៉ោង​៣​រសៀល ខណៈ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ស្វាគមន៍​អគ្គស្នងការ​នគរបាល​ជាតិ​។​

 
​កាលពី​ថ្ងៃទី​៣០ ខែឧសភា ក្លិប​វិសាខា​បាន​ចុះកិច្ចសន្យា​នាំចូល​កីឡាករ កែវ សុខ​ផេង អតីត​ខ្សែប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោ​ន និង​កីឡាករ សុខ សុវណ្ណ អតីត​ខ្សែការពារ​បឹងកេត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​លី​គ​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ នា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២ ខែមិថុនា​នេះ វិសាខា​ត្រូវ​ប្រជែង​ជាមួយ​ណាហ្គា​វើ​ល សម្រាប់​ជំនួប​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ប៉ុន្តែ​មិនមាន​វត្តមាន​កីឡាករ កែវ សុខ​ផេង និង សុខ សុវណ្ណ ក្នុង​ក្រុម​វិសាខា​នោះទេ ដោយសារ​រដូវ​កាល​ដោះដូរ​កីឡាករ​មិនទាន់​ត្រូវបាន​អនុញ្ញាត​។​
 
 
​បច្ចុប្បន្ន​វិសាខា​ឈរ​លេខ​រៀង​ទី​៣​មាន​១៣​ពិន្ទុ រីឯ​ណាហ្គា​វើ​ល​ឈរ​កំពូល​តារាង​មាន​១៩​ពិន្ទុ​។ សម្រាប់​ជំនួប​សប្តាហ៍​មុន​វិសាខា​បាន​ប្រកួត​ចាញ់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ៣-១ ខណៈ​ណាហ្គា​វើ​ល​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ២-០​។ នា​ការប្រកួត​សប្តាហ៍​ទី​៦​កន្លងទៅ វិសាខា​ក៏បាន​យកឈ្នះ​ក្រសួង​ការពារ​ក្នុង​លទ្ធផល ២-០ ដូចគ្នា​។ 
 
​មុន​មក​រួមរស់​ជាមួយ​វិសាខា​ខ្សែប្រយុទ្ធ កែវ សុខ​ផេង បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី PKNP F.C សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​។ ប៉ុន្តែ​រូបគេ​ត្រូវបាន​ក្លិប​នេះ បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់ ក្រោយ​រួមរស់​ជាមួយគ្នា​ប្រមាណ​៣​ខែ ក្រោម​ហេតុផល​ធ្វើ​មិនបាន​ដូច​ការរំពឹងទុក​រប​ស់​ក្លិប​។ សម្រាប់​ការប្រកប​អាជីព​នៅ​ម៉ាឡេស៊ី សុខ​ផេង សម្រេចបាន​មួយ​គ្រាប់​សម្រាប់ PKNP F.C ដើម្បី​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ ដែល​អាច​រក​គ្រាប់​បាល់​ក្នុង​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី​។​
 
 
​មុន​ផ្ទេរ​ទៅកាន់​ម៉ាឡេស៊ី​ខ្សែប្រយុទ្ធ កែវ សុខ​ផេង បាន​ចំណាយពេល​រួមរស់​ជាមួយ​ក្លិប​ភ្នំពេញ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧​។ រូបគេ​បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ល​ខេ​ម​បូ​ឌា​ន​លី​គ​ម្តង​កាលពី​ឆ្នាំ​២០១៥​។ ពី​ឆ្នាំ​២០១២-២០១៥ សុខ​ផេង បាន​ជ្រក​ក្រោម​ដំបូល​ក្លិប​របស់​បឹងកេត និង​បាន​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​លី​គ​កំពូល​កម្ពុជា​នៅ​ឆ្នាំ​២០១២​។ សម្រាប់​ការរួមរស់​៤​ឆ្នាំ​ជាមួយ​បឹងកេត សុខ​ផេង រក​គ្រាប់​បាល់​បាន​ចំនួន​២១​គ្រាប់​។ 
 
​ដោយឡែក ខ្សែការពារ សុខ សុវណ្ណ មុន​ចូលរួម​ជាមួយ​វិសាខា​បានរួម​រស់​ជាមួយ​បឹងកេត​ពី​ឆ្នាំ​២០១៣-២០១៧ ដោយបាន​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​លី​គ​កំពូល​កម្ពុជា​បាន​ពីរលើក​នៅ​ឆ្នាំ​២០១៦, ២០១៧​។ មុន​មក​រួមរស់​ជាមួយ​បឹងកេត សុវណ្ណ ធ្លាប់​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​ពី​ឆ្នាំ​២០០៧-២០១៣ ដោយបាន​ជួយ​ឲ្យ​ក្រុម​លើក​ពាន​លី​គ​កំពូល​បាន​៥​លើក​នៅ​ឆ្នាំ​២០០៨, ២០១០, ២០១១, ២០១៤ និង​២០១៥​។​
 
 
​កីឡដ្ឋាន​ស្តា​ត​ចាស់​ក៏​ជាទី​តាំង​កាត់សេចក្តី​ជំនួប​រវាង​ក្រុម​បឹងកេត​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រនា​វេលា​ម៉ោង​៣​រសៀល​នេះ​ផងដែរ​។ បឹងកេត​ឈរ​លេខ​រៀង​ទី​២​មាន​១៧​ពិន្ទុ​ក្រោយ​ស្មើ ១-១ ជាមួយ​អគ្គិសនី​កម្ពុ​ជានា​ជំនួប​សប្តាហ៍​មុន​។ រីឯ​អង្គ​រថា​យ​ហ្គឺ​រ​ឈរ​លេខ​រៀង​ទី​៧​មាន​១០​ពិន្ទុ បន្ទាប់ពី​បាន​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ២-០​។ 
 
​នា​ម៉ោង​៣​រសៀល​នេះដែរ ក្រុម​អាស៊ី​អឺរ៉ុប​ដែល​យក​ស្មើ ១-១ ជាមួយ​ភ្នំពេញ​ក្រោ​ន​សប្តាហ៍​មុន ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​យកឈ្នះ​វិសាខា ៣-១​។ បច្ចុប្បន្ន​អាស៊ី​អឺរ៉ុប​ឈរ​លេខ​រៀង​ទី​៨​មាន​៨​ពិន្ទុ រីឯ​អគ្គស្នងការ​នគរបាល​ជាតិ​ឈរ​លេខ​រៀង​ទី​៤​មាន​១៣​ពិន្ទុ​៕
 
 

Tag:
 បាល់ទាត់​
  វិសាខា​
  ណាហ្គា​វើ​ល​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com