ជាតិ
សង្គមជាតិ
មនុស្ស​ស្លាប់​និង​របួស​១៤៣​នាក់ ខណៈ​ផ្ទះជាង​២​ពាន់​ខ្នងរងការខូចខាត ដោយសារ​គ្រោះធម្មជាតិ ក្នុង​រយៈពេល​៥​ខែ​
02, Jun 2018 , 2:02 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ មនុស្ស​ស្លាប់ និង​រងរបួស​១៤៣​នាក់ ខណៈ​ផ្ទះសម្បែង​រង​ការខូចខាត​២២៧៩​ខ្នង ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ដែល​បាន​កើតឡើង​១០៧​លើក ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨​នេះ​។​


 
​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បញ្ជាក់ថា គ្រាន់តែ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ នៅ​ខែឧសភាកន្លងមក បានកើត​ឡើង ៥៤​លើក ដែល​បានធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ដួល​រំលំ​ធ្ងន់ធ្ងរ ២៨៣​ខ្នង និង​ខូចខាត​មធ្យម ៩៩៨​ខ្នង រួមទាំង​សាលារៀន ៦​អាគារ ។ គ្រោះធម្មជាតិ​នេះ ក៏បាន​បណ្ដាល​ឲ្យ​ប្រជា​ពល​ស្លាប់​១​ម្នាក់ និង​របួស ២៩​នាក់​។
 
​ចំណែកឯប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​រន្ទះបាញ់ ៤៣​នាក់ និង​របួស ៣៤​នាក់ ហើយ​និង​គោក្របី​ងាប់ ៥៤​ក្បាល​។ នេះ​បើតាម​លោក កែវ វី ដែល​បាន​បន្ថែមថា ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​ក្នុងខែឧសភា មានការ​កើនឡើង​ប្រមាណ​៣០​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំមុន​។​
 
​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រូបនេះ បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​ពី​រដូវប្រាំង ទៅ​រដូវវស្សា ជា​រៀងរាល់ឆ្នាំ គឺ​តែងតែ​កើតមាន​នូវ​ខ្យល់ព្យុះ ផ្គរ​រន្ទះ ជាពិសេស​ចន្លោះ​ខែមេសា ទៅ​ខែមិថុនា ។ 
 
​ងាក​មក​បញ្ហា​ទឹកជំនន់​តាម​ទន្លេមេគង្គ​វិញ លោក កែវ វី បាន​បញ្ជាក់ដូច្នេះថា៖ «​នៅ​ខែឧសភា មាន​ចលនា​ទឹកបាន​ឡើង​បន្តិច​តាមរយៈ​ភ្លៀង​ធ្លាក់​។ ប៉ុន្តែបើ​ជំនន់​ខ្លាំង​គឺ​ចាប់ពី​ខែកក្កដា​។ ឆ្នាំនេះ​នៅ​ស្ថានីយ​ចតុមុខ ទឹក​អាច​ឡើង ១០.០៥​ម៉ែត្រ កម្រិត​នេះ​មិនទាន់​ដល់​ការប្រកាស​ប្រុងប្រយ័ត្ន​ទេ​គ្រាន់តែ​ជា​ជំនន់​ធំ​ធម្មតា ប៉ុន្តែ​បើ​ទឹក​ឡើងដល់ ១០.៥០​ម៉ែត្រ​ទើប​អាច​ប្រកាសអាសន្ន​»​។​
 
​បើតាម​អ្នកនាំពាក្យ​រូបនេះ រដ្ឋាភិបាល​បាន​ត្រៀម​បម្រុង​នូវ​អង្ករ ១០,០០០​តោន ស្រូវពូជ ២​ពាន់​តោន និង​គ្រាប់​បន្លែ​ចម្រុះ​ប្រភេទ ៥​តោន ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះមហន្តរាយធម្មជាតិ​៕
 

Tag:
 ​កែវ វី​
 ​គ្រោះធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com