ជាតិ
សង្គមជាតិ
កម្ពុជា ស្ថិតក្នុង​ប្រទេស​បំបែក​ឯក​ត្ត​ករ​ពិភពលោក ដែល​សម្រេច​គោលដៅ​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍
02, Jun 2018 , 6:59 pm        
រូបភាព
រូបភាព បានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាព បានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
​ភ្នំពេញ​៖ កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំង​៧ លើ​ពិភពលោក ដែល​សម្រេចបាន​នូវ​គោលដៅ ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍ តាម​ផែនការ​របស់ UNAIDS ។ នេះ​ជាការ​បញ្ជាក់​របស់លោក អេ​មុន មើ​ហ្វី (Eamonn Murphy) នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​កម្មវិធី​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍ (UNAIDS) ក្នុងជំនួប​ជាមួយ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ថ្ងៃទី​៣០ ខែឧសភា​។​

 
​លោក អេ​មុន មើ​ហ្វី  បាន​បញ្ជាក់ថា UNAIDS នឹង​បន្ត​គាំទ្រ​កម្ពុជា លើ​ការងារ​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍ និង​ផ្តល់​កិច្ចសហការ​ពេញលេញ ដើម្បី​គាំទ្រ​ការអនុវត្ត «​កម្មវិធី​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍ និង​របេង​នៅ​កម្ពុជា ឆ្នាំ​២០១៨ -២០២០» ជា​ហិរញ្ញប្បទាន​ដោយ​មូលនិធិ​សកល ឲ្យ​កាន់តែ​ជោគជ័យ​បន្ថែមទៀត​។​
 
​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក បានបញ្ជាក់​ដូច្នេះ​ថា​៖ «​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំង​៧ លើ​ពិភពលោក ដែល​បំបែក​ឯក​ត្ត​កម្ម សម្រេចបាន​នូវ​គោលដៅ ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍​»​។​
 
​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ថ្វី​ត្បិត​ការប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍​នៅ​កម្ពុជា មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ក៏ពិតមែន ប៉ុន្តែ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​អេដស៍​នេះ នៅតែ​បន្ត​អនុវត្ត ព្រោះ​ជាការ​ងារ​ដែល​ពាក់ព័ន្ធ​នឹង ការកែប្រែ​ឥរិយាបទ​របស់​បុគ្គល​។ 
 
​ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា កំពុង​តៀម​ខ្លួន​ឆ្លើយតប ចំពោះ​និន្នាការ​ធ្លាក់ចុះ​នៃ​ថវិកា​ពី​ដៃគូ ដោយ​កំពុង​រៀបចំ «​យុទ្ធសាស្ត្រ​អន្តរកាល​» ដែលមាន​លក្ខណ​ប្រយ័ត្នប្រយែង​, ប្រទាក់ក្រឡា និង​គ្រប់​ជ្រុងជ្រោយ ។​
 
«​យុទ្ធសាស្ត្រ អន្តរកាល​» នេះ គឺ​គិតគូរ​ឡើងវិញ​អំពី​វិធីសាស្ត្រ​នៃ​ការធ្វើអន្តរាគមន៍​, នីតិវិធី និង​យន្តការ​គ្រប់គ្រង និង​ការអនុវត្ត ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ចំណាយ​ខ្ពស់​ជាមុន និង​ពិនិត្យ​លទ្ធភាព​បង្កើន​ថវិការដ្ឋ​ទៅតាម​លទ្ធភាព​ដែលមាន​ជាក់ស្តែង​៕
 
 
 

Tag:
 ភ្នំពេញ​
  អូន ព័ន្ធមុនីរ័ត្ន​
  អេ​មុន មើ​ហ្វី​
  UNAIDS
© រក្សាសិទ្ធិដោយ thmeythmey.com