ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី បញ្ជា​ឲ្យ​មន្ទីរ​កសិកម្ម ទប់ស្កាត់​ការចែក​ចាយ​ថ្នាំ​កម្ចាត់​ស្មៅ​ជា​បណ្ដោះអាសន្ន​
02, Jun 2018 , 9:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ បន្ទាប់ពី​ក្រសួងកសិកម្ម​ចេញ​លិខិត​ឲ្យ​ផ្អាក​នាំចូល និង​ចែកចាយ​ថ្នាំ​កម្ចាត់​ស្មៅ​ជា​បណ្ដោះអាសន្ន ម្ដង​រួចមកហើយ ឥឡូវនេះ​រដ្ឋមន្ត្រីក្រសួង​បានស្នើ​ទៅ​មន្ទីរ​ក្រោម​ឱវាទ ឲ្យ​បន្ត​ចុះ​អនុវត្ត​កិច្ចការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។ វិធានការ​លើ​ថ្នាំ​កសិកម្ម​កម្ចាត់​ស្មៅ​ខុសច្បាប់​នេះ ធ្វើឡើង​ក្រោយពី​មាន​ករណី​ពលរដ្ឋ​ពុល​នៅ​ខេត្តក្រចេះ​កន្លងមក​។​


​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឲ្យ​មន្ត្រី​មន្ទីរ​កសិកម្ម ត្រូវ​ចុះ​ត្រួតពិនិត្យ​ដេប៉ូ​លក់ដុំ លក់រាយ​ថ្នាំ​កសិកម្ម ក្នុង​មូលដ្ឋាន​រាជធានី ខេត្ត​សាមី ដោយ​ត្រូវ​ពន្យល់​ទៅ​អាជីវករ​ឲ្យ​ផ្អាក​ផ្គត់ផ្គង់​ចែកចាយ​ថ្នាំ​កសិកម្ម​ប្រភេទ​កម្ចាត់​ស្មៅ​ជា​បណ្ដោះអាសន្ន​។ លិខិត​រដ្ឋមន្ត្រីក្រសួង​កសិកម្ម នៅ​ថ្ងៃទី​៣០​ខែឧសភា បន្តថា ក្នុងករណី​ថ្នាំ​កម្ចាត់​ស្មៅ​មាន​ស្រាប់​នៅក្នុង​ដេប៉ូ ឬ​ឃ្លាំង គឺ​តម្រូវ​ឲ្យ​អាជីវករ​រក្សាទុក​ថ្នាំ​កសិកម្ម​នោះ​សិន ដោយ​រង់ចាំ​មានការ​សម្រេច​ជាថ្មី​ពី​ក្រសួង​។ 
 
​លិខិត​នេះ​បញ្ជាក់ថា នៅពេល​ចុះ​ពិនិត្យ មិន​តម្រូវ​ឲ្យ​មានការ​ដកហូត ឬ​ផាកពិន័យ​អន្តរការណ៍​ទៅតាម​ច្បាប់​នោះទេ ចំពោះ​ថ្នាំ​កសិកម្ម​កម្ចាត់​ស្មៅ​ដែលមាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម លើកលែងតែ​ជា​ថ្នាំ​កសិកម្ម​ខុសច្បាប់ ដែល​ត្រូវ​អនុវត្តតាម​នីតិវិធី​ច្បាប់​។ មន្ត្រី​មន្ទីរ​កសិកម្ម ត្រូវ​ពន្យល់​កសិករ​អំពី​ការប្រើ​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ ជាពិសេស​ថ្នាំ​កម្ចាត់​ស្មៅ​។ នេះ​បើតាម​លិខិត​ខាងលើ​៕
 

Tag:
 ថ្នាំ​កម្ចាត់​ស្មៅ​
© រក្សាសិទ្ធិដោយ thmeythmey.com