ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​សមាជិក​បក្ស​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ល្អ ជាង​លាប​ពណ៌​ថា ពួកគេ​ជា​ក្រុមប្រឆាំង​
02, Jun 2018 , 4:07 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ឲ្យ​បំពេញ​សកម្មភាព និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ត្រឹមត្រូវ ចៀសវាង​ការដើរ​បង្កបញ្ហា ហើយ​ចោទ​ពលរដ្ឋ​ថា ជា​ក្រុមប្រឆាំង​។​

 
​សម្ដេច ហ៊ុន សែន ដែល​បានដឹង​ព័ត៌មាន​នេះ បាន​រំឭក​ដល់​មន្ត្រី និង​សមាជិក​បក្ស​ខ្លួន ឲ្យ​មាន​កែប្រែ​រាល់​ចំណុច ដែល​ធ្លាប់​បង្ក​ភាព​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ​នោះ មកជា​ការបំពេញ​ការងា​រ​ឲ្យ​បានល្អ ក្នុងនាម​ជា​អ្នកបម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​វិញ​។​
 
​បើតាម​សារព័ត៌មាន​Fresh News ដែល​បាន​ស្រង​សម្ដី​ប្រមុខ​រដ្ឋាភិបាល ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ស្រុក​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០២ ខែមិថុនា​នេះ  បានបញ្ជាក់​ដូច្នេះ​ថា​៖« មាន​ក្រុមការងារ​ពង្រឹង នៅតាម​មូលដ្ឋាន​ខ្លះទៀត មិន​បង្កបញ្ហា​ដល់​ប្រជាពលរដ្ឋ​នៅ​កន្លែង​ខ្លួន​ចុះ​ពង្រឹង​ការងារ​ទេ តែ​បែរជា​ទៅ​បង្កបញ្ហា​ជាមួយ​ប្រជាពលរដ្ឋ នៅ​តំបន់​ផ្សេង​ទៅវិញ​។​នៅមាន​មេភូមិ មេឃុំ​ខ្លះទៀត បង្កបញ្ហា​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ដូចជា​ជម្លោះដីធ្លី​ជាដើម​ហើយ​លាប​ពណ៌​គេ​ថា ជា​បក្សប្រឆាំង​។ ចំណុច​នេះ​ជា​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​បក្ស​»​។​
 
​ត្រង់ចំណុច​នេះ​នាយករដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​សមាជិក​គណបក្ស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ ដូចជា​ការផ្តល់​សេវាសាធារណៈ ទាំង​ការធ្វើ​សំបុត្រកំណើត សំបុត្រ​អា​ពិពាហ៍​ពិពាហ៍​ជាដើម​។​
 
​ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ពេលនេះ ធ្វើឡើង​បន្ទាប់ពី​បញ្ហា​សេវាសាធារណៈ​ថ្នាក់មូលដ្ឋាន​មួយចំនួន ត្រូវបាន​គេ​មើលឃើញថា មានការ​អនុវត្ត​តួនាទី​មិនបាន​ត្រឹមត្រូវ ពី​សំណាក់​អាជ្ញាធរ ដោយសារ​ការរើសអើង​និន្នាការ​នយោបាយ មកលើ​ពលរដ្ឋ​៕
 

Tag:
 ហ៊ុន សែន​
  ប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com