ជាតិ
សេដ្ឋកិច្ច
រដ្ឋ​រក​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​៥៥​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ខែ​
02, Jun 2018 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ ក្នុង​រយៈពេល​៥​ខែ ក្នុង​ឆ្នាំ​២០១៨ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រកបាន​ចំនួន​ជិត ៥៥​លាន​ដុល្លារ គឺ​ស្មើនឹង ៥៤,៩៩៣,៣៩១​ដ​ល្លារ​អាមេរិក​។ តាម​ការ​កក់​ត្រា​របស់​គ្រឹះស្ថាន​អង្គរ ចំនួន​នេះ​មានការ​កើនឡើង ១៩,៧៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។​

 
​រយៈពេល​៥​ខែ គឺ​ចាប់ពី​ខែមករា ដល់​ខែឧសភា មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១,២០៦,១៨៨​នាក់ ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ពី​គ្រឹះស្ថាន​អង្គរ​។ ចំនួន​នេះ​បាន​កើនឡើង​ជាង​១០​ភាគរយ ធៀប​នឹង​ឆ្នាំទៅ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចុះ​ថ្ងៃទី​១ មិថុនា បាន​បញ្ជាក់ថា ក្នុង​ខែ ឧសភា ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​នេះ​មាន​ចំនួន ៦,៧៣៨,០៧២​ដុល្លារ ក្នុង​ចំនួន​ភ្ញៀវទេសចរ​ចំនួន ១៥៥,១៩៦​នាក់​។ បើតាម​សេចក្តីប្រកាស​ដដែល ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រយៈពេល​៥​ខែ​នេះ បាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ២,៤១២,៣៧៦ ដុល្លារ​អាមេរិក​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​គ្រឹះស្ថាន​អង្គរ បានចេញ​ផ្សាយ​ពី​គោលការណ៍​តម្លៃ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ថ្មី​។ ក្នុង​សេចក្តីសម្រេច​ដែល​នឹង​ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៧​មក គឺ​តម្លៃ​សំបុត្រ​ក្នុង​មួយថ្ងៃ​ឡើង​ពី​២០ ទៅ​៣៧​ដុល្លារ ដែលមាន​សុពលភាព ៣​ថ្ងៃ សំបុត្រ​មាន​សុពលភាព​មួយ​សប្ដាហ៍ ឡើង​ពី​៤០ ទៅ​៦២​ដុល្លារ និង​សុពលភាព មួយ​សប្ដាហ៍ ឡើង​ពី ៦០ ទៅ​៧២​ដុល្លារ​។ ក្នុង​សេចក្តីសម្រេច​នោះបាន​បញ្ជាក់ថា រាល់​តម្លៃ​សំបុត្រ​មួយៗ​ត្រូវ​ដក​ចំនួន ២​ដុល្លារ ដើម្បី​បង់​ចូលក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

Tag:
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com