ជាតិ
សង្គមជាតិ
សុខភាព
ក្នុង​មួយឆ្នាំ អ្នកស្លាប់​ដោយសារ​ជក់បារី​ជាង​១​ម៉ឺន​នាក់ និង​ស្លាប់​២​លាន​នាក់​ដោយសារតែ​ស្រូប​ផ្សែង​បារី​
03, Jun 2018 , 7:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  អ្នកស្លាប់​ដោយសារតែ​ជក់បារី មាន​ចំនួន ១​ម៉ឺន​នាក់ ខណៈ​អ្នកមាន​ជំងឺ​បេះដូង​ត្រូវបាន​ស្លាប់​ដោយសារតែ​ស្រូប​ផ្សែង​បារី​ពី​គេ មាន​ចំនួន ២​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​។

 
​បើតាម​ធានា​គារ​ពិភពលោក  ក្នុង​មួយឆ្នាំៗ​ពិភពលោក​ចំណាយ ទឹកប្រាក់​ចំនួន ២០០​ពាន់​លាន​ដុល្លារ សម្រាប់​ព្យាបាល​អ្នកជំងឺ​ដែល​បណ្តាលមកពី​ជក់បារី ដែល​ក្នុងនោះ​ទឹកប្រាក់​៥០​ភាគរយ​សម្រាប់​ចំណាយ​ទៅលើ​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​។​
 
​លោក លឹម ស៊ី​វុ​ត​ថា ឯកទេស​ជំងឺ​បេះដូង​សរសៃឈាម នៃ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​និយាយថា ការជក់បារី បង្ក​ឲ្យ​កក​ដុំ​កំណកខ្លាញ់​លើ​ផ្ទៃ​នៃ​សរសៃឈាម ដែលជា​ហេតុ​នាំ​ឲ្យ​ស្ទះ​សរសៃឈាម​បេះដូង​នៅពេល​ណាមួយ​។ ជាពិសេស​ស្ទះ​សរសៃឈាម​បេះដូង និង​ខួរក្បាល និង​សរសៃឈាម​ផ្សេងទៀត​ផងដែរ​។ 

 
​បើតាម​ការបន្ថែម​រប​ស់លោក​វេជ្ជបណ្ឌិត ដដែល​ថា​៖«​ទោះបី​អ្នកជំងឺ​បេះដូង សរសៃឈាម រួច​ផុតពី​ការបាត់បង់​ជិវិត​ក៏ដោយ ប៉ុន្តែ​ពួកគេ​មិនអាច​មានលទ្ធភាព​ដើម្បី​បំពេញការងារ​បានឡើយ​។ ព្រមទាំង​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​ទៀតផង ដូច្នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​»​។​
 
​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​ពិការ​ដែល​បណ្តា​លពី​ការជក់បារី គឺ​គេ​ត្រូវតែ​អនុវត្តន៍​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ទៅលើ​ការផលិត និង​ពង្រឹង​ភាព​ហ្មត់ចត់​លើ​ការបោះពុម្ព​សារ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការជក់បារី និង​ការហាម​ជក់បារី​នៅតាម​ទីសាធារណៈ ឬ​កន្លែងធ្វើការ​។ ជាមួយគ្នា​ផងដែរ ត្រូវមាន​ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់ និង​ការដំឡើង​ពន្ធ​ផលិត​ថ្នាំ​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកជំនាញ​ផ្នែក​ថ្នាំជក់​រូបនេះ​៕  
 

 

Tag:
 បារី​
 ​ កម្ពុជា​
 ​ លឹម ស៊ី​វុ​ត​ថា
© រក្សាសិទ្ធិដោយ thmeythmey.com