កីឡាជាតិ
ជាតិ
រស់ សំអឿន ជួយ​វិសាខា​យកឈ្នះ​ណាហ្គា​វើ​ល និង​រួមចំណែក​ជួយ​បឹងកេត​ឈរ​កំពូល​តារាង​
03, Jun 2018 , 1:59 pm        
រូបភាព
ដោយ:
 ក្រុម​ចំណូល​ថ្មី​វិសាខា​បាន​យកឈ្នះ​ក្រុម​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៣-០ សម្រាប់​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​សប្តាហ៍​ទី​៨ ដោយមាន​ការរួមចំណែក​ពី​ខ្សែការពារ រស់ សំអឿន ចំនួន​ពីរ​គ្រាប់​។ ជ័យជម្នះ​របស់​វិសាខា​នេះ បានរួម​ចំណែក​ជួយ​ឲ្យ​បឹងកេត ដែល​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤-០ ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​២០​ពិន្ទុ​។ ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​បាន​ត្រឹម​ស្មើ​ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ១-១​។

 
​ខ្សែការពារ រស់ សំអឿន សម្រេចបាន​ពីរ​គ្រាប់​ម្នាក់ឯង ដើម្បី​រួមចំណែក​ជួយ​ឲ្យ​ក្រុម​ចំណូល​ថ្មី​វិសាខា​យកឈ្នះ​ក្រុម​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៣-០ ខណៈ​មួយ​គ្រាប់​ទៀត​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង សាន គឹម​ហេង​។ ជ័យជម្នះ​របស់​វិសាខា បានធ្វើ​ឲ្យ​ក្រុម​ឈរ​កំពូល​តារាង​សប្តាហ៍​ទី​៧​ណាហ្គា​វើ​ល​ស្គាល់​បរាជ័យ​ជា​លើកដំបូង​។ 
 
​នា​ការប្រកួត​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ខ្សែការពារ រស់ សំអឿន បាន​ស៊ុត​បាល់​ពី​ចម្ងាយ បំប៉ោង​សំណាញ់​ទី​ណាហ្គា​វើ​ល​យ៉ាង​ល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម​វិសាខា​នាំមុខ ១-០ នៅ​នាទី​ទី​២២​។ ឱកាស​មាស​បែបនេះ​បាន​កើតឡើង​ម្តងទៀត​នៅ​នាទី​ទី​៥៤ បន្ទាប់ពី​អ្នកចាំទី​ណាហ្គា​វើ​ល សំរឹទ្ធ សីហា បាន​បង្កកំហុស​តាមរយៈ​ការបោក​បាល់​ឲ្យ រស់ សំអឿន សម្រេច​គ្រាប់​ទី​២​យ៉ាង​ស្រួល​សម្រាប់​វិសាខា​។ បន្ទាប់មក​នៅ​នាទី​ទី​៨៤​ខ្សែប្រយុទ្ធ​វ័យក្មេង សាន គឹម​ហេង បានសម្រេច​គ្រាប់​ទី​៣ ដែលជា​គ្រាប់​ជ័យជម្នះ ៣-០ សម្រាប់​វិសាខា​។ 
 
​ជ័យជម្នះ​របស់​ក្រុម​វិសាខា ក៏បាន​រួមចំណែក​ជួយ​ឲ្យ​បឹងកេត ដែល​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤-០ ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​២០​ពិន្ទុ ប្រចាំ​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ជ័យជម្នះ ៤-០ របស់​បឹងកេត​មិនមាន​គ្រាប់​បាល់​រួមចំណែក​ពី​កីឡាករ​កម្ពុជា​នោះទេ​។ ក្នុងនោះ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Esoh Paul Omogba បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​បឹងកេត​នៅ​នាទី​ទី​៤៥​។ 
 
​នៅ​នាទី​ទី​៦៩ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Bgenga Samuel Ajayi បាន​គ្រាប់​ទី​២​សម្រាប់​បឹងកេត​។ បន្ទាប់មក​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Rogerio Silva Calijuri រកបាន​ពីរ​គ្រាប់​បន្ថែម​ជា​បន្តបន្ទាប់​នៅ​នាទី​ទី​៧២, ៧៩ ដើម្បី​នាំ​ជ័យជម្នះ ៤-០ សម្រាប់​បឹងកេត​តែម្តង​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Befolo Mbarga Jean Marie Privat សម្រេច​គ្រាប់​បាល់​សម្រាប់​ម្ចាស់ផ្ទះ ខណៈ​កីឡាករ នួន បូរី សម្រេច​គ្រាប់​បាល់​សម្រាប់​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​៕    
 
 
 

Tag:
 Cambodian League 2018
  រស់ សំអឿន​
  វិសាខា​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com