ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន អំពាវនាវ​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​ពលរដ្ឋ ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​
03, Jun 2018 , 3:52 pm        
រូបភាព
គំនរសម្រាមក្បែស្តុបផ្សារដើមគរកាលពីកន្លងមក
គំនរសម្រាមក្បែស្តុបផ្សារដើមគរកាលពីកន្លងមក
ក្រសួងបរិស្ថាន នឹង​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ ស្របគ្នា​ជាមួយនឹង​ទិវា​បរិស្ថាន​ពិភពលោក នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ។ ទិវា​នេះ គឺជា​ការ​ប្រារព្ធ​លើក​ទី​៤៦ នៃ​ទិវា​បរិស្ថាន​ពិភពលោក និង​ទី​២២ សម្រាប់​ទិវា​បរិស្ថាន​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៩៦ មក​។


​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ត្រូវបាន​រៀបចំឡើង​ជា​ង​រៀងរាល់ឆ្នាំ ក្នុង​បំណង លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ អំពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ធាន​ធាន​ធម្មជាតិ​ប្រក​ដោយ​និរន្តរភាព ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គុណភាព       បរិស្ថាន សំដៅលើ​ការលើកកម្ពស់​សុខភាព​សាធារណៈ​។ ទិវា​នេះ ក៏​ប្រារព្ធ​ឡើង ដើម្បី​ចូលរួម​គាំពារ​បរិស្ថាន ការអភិរក្ស​ចម្រុះ ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​ការ​បំផុត​ចលនា​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​ធម្មជាតិ និង​កែលម្អ​គុណភាព សោភណភាព​ទីក្រុង ទីប្រជុំជន ជនបទ​ភូមិដ្ឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌល​សេដ្ឋកិច្ច​-​ល​-​។​
 
​ដើម្បី​ជំរុញ​ឲ្យ​ចលនា​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​ទិវា​បរិស្ថាន​ពិភពលោក ប្រព្រឹត្តទៅ​យ៉ាង​ផុសផុល ក្រសួងបរិស្ថាន ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ចូលរួម​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​អនាម័យ​បរិស្ថាន ដាំ​ដើមឈើ និង​ទុកដាក់ និង​វេច​ខ្ចប់​សំណល់​រឹង និង​សំរាម ក្នុង​ធុងសំរាម ឬ​នៅ​ទីតាំង​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការដុត ឬ​បោះចោល​មិន​ត្រឹមត្រូវ ដែល​អាច​បង្ក​ការប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​គុណភាព​បរិស្ថាន​។​
 
​ក្រសួង​ស្ថាប័ន គ្រឹះស្ថាន​នានា សាលារៀន វត្ត​អារាម និង​មន្ទីរពេទ្យ ក៏ត្រូវ​ចាត់ចែង​ធ្វើ​អនាម័យ​ទាំង​ក្នុង និង​ក្រៅ​បរិវេណ​អង្គភាព​របស់ខ្លួន ក៏ដូចជា​ចូលរួម​ផ្សព្វផ្សាយ​តាមរយៈ​ការធ្វើ​ក្បួន​ដង្ហែ​កង់ ការប្រគំ​តន្ត្រី​បៃតង ការនិពន្ធ​អត្ថបទ និង​ការប្រកួត​ផ្ទាំង​រូបភាព​នៅក្នុង​សាលារៀន កា​ដាំ​ដើមឈើ ការកែច្នៃ​នានា យុទ្ធនាការ​សម្អាត​ជាដើម​។ ចំណែកឯ រមណីយដ្ឋាន ម​ជ្ឈ​ម​ណ្ឌ​កម្សាន្ត ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ក៏​តោង​យកចិត្តទុកដាក់ លើ​ការ​សន្សំសំចៃ​ថាមពល ចូលរួម​ថែរក្សា​ការពារ​ជីវចម្រុះ និង​ធនធាន​ធ​ម​ម​ជាតិ ចូលរួម​ធ្វើ​អនាម័យ និង​គ្រប់គ្រង​សំណល់​រឹង សំណល់​រាវ ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​៕
 
 
 

Tag:
 បរិស្ថាន​
 ​ អនាម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com