ជាតិ
ប៉ូលិសបន្ទាយមានជ័យកម្ទេចគ្រឿងក្នុងជ្រូកខូចគុណភាពជាង១តោនដែលនាំចូលពីថៃ
× បេះដូងជ្រូក អណ្តាតជ្រូក ក្រពះជ្រូក ក្រលៀនជ្រូក ជើងជ្រូក ត្រចៀកជ្រូក និងពោះវៀនជ្រូក ដែលមានទម្ងន់សរុបជាង១តោន ត្រូវបានដុតកម្ទេចចោលកាលពីថ្ងៃទី៣ ខែឧសភា នៅទីលានចាក់សំរាមក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នគរបាលខេត្តបានរឹបអូសទំនិញខូចគុណភាពទាំងនេះ ពីរថយន្តដែលបានដឹកចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
យោងតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តពីរគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុងសិរីសោភ័ណ។ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអះអាងថា ក្រៅពីការដុតបំផ្លាញគ្រឿងក្នុងជ្រូកដែលខូចគុណភាពទាំងនោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនឈ្មួញដែលនៅពីក្រោយ។
បច្ចុប្បន្ន អាជ្ញាធរ បានបញ្ជូនម្ចាស់រថយន្តជាអ្នកបើកបរស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកល្មើសច្បាប់នោះ ទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការតាមផ្លូវច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com