អត្ថបទពាណិជ្ជកម្ម
ទីបំផុត​! កម្មវិធី The Perspectives Cambodia រកឃើញ​អ្នកឆ្នើមៗ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​
04, Jun 2018 , 3:06 pm        
រូបភាព
ដោយ:
​កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី​២ ដែលជា​វេទិកា​តស៊ូ​មតិ និង​និយាយ​សាធារណៈ​មួយ បាន​រកឃើញ​អ្នកឆ្នើមៗ ដើម្បី​ទៅ​ប្រជែង​យក​ពានរង្វាន់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ដែល​នឹង​រៀបចំ​នៅពេល​ឆាប់ៗ​ខាងមុខនេះ។ បេក្ខជន ដ៏ឆ្នើមៗ និងពោរពេញដោយសមត្ថភាព បានប្រកួតប្រជែងគ្នាយ៉ាង​ស្វិតស្វាញ​បំផុតនៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី ២​ខែមិថុនា កន្លងទៅ ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនេះ​។

​កម្មវិធី​តស៊ូ​មតិ​ថ្នាក់ជាតិ និង​និយាយ​ជា​សាធារណៈ The Perspectives Cambodia លើក​នេះ​មាន​ប្រធានបទ​សម្រាប់​តស៊ូ​មតិ ៤​សំខាន់ៗ​ដូចជា​៖

១. ការកើនឡើង​នៃ​តម្លៃ​អចល​ទ្រព្យ គឺជា​មូលហេតុ​ចម្បង​នៃ​ជម្លោះដីធ្លី​នៅ​កម្ពុជា​។
២. ការពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គឺជា​ចំណុច​អាទិភាព​សម្រាប់​ពង្រឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។
៣. និយាយ​ជា​សាធារណៈ ក្នុង​ប្រធានបទ​វិស័យ​អប់រំ ។​
៤. និយាយ​ជា​សាធារណៈ​ក្នុង​ប្រធានបទ វិស័យ​ព័ត៌មាន​។​


​    ​
​លោក ហួ តុលា នាយកកគ្រប់គ្រង​កម្មវិធី The Perspective Cambodia បាន​ឲ្យ​ដឹងថា The Perspective Cambodia ជាវេទិកាសង្គមមួយដែលបង្កើតឡើង ដើម្បីផ្តល់ឱកាសដល់យុវជន ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងភាពជាអ្នកដឹកនាំ តាមរយៈការងារជាក្រុម ការសិក្សាស្រាវជ្រាវ និងបណ្តុះផ្នត់គំនិតវិជ្ជមានសម្រាប់សង្គម។ លោក ហួ តុលា បានកត់សម្គាល់​បន្ថែមទៀតដូច្នេះ​​៖«​បេក្ខជន​កាន់តែ​បង្កើន​សមត្ថភាព​ខ្លាំង​ឡើងៗ ក្នុងការ​ប្រកួត​តស៊ូ​មតិ នៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ព្រោះ​ថាបើ​ឈ្នះ ក្នុងការ​ជម្រុះ​លើក​នេះ ពួកគេ​នឹង​ទៅ​ប្រកួត​វគ្គ​ពិសេស ដែលជា​វគ្គ​ផ្តាច់ព្រ័ត្រ​»​។
​    ​
​គួរ​រំលឹក​ដែរ​ថា កម្មវិធី The Perspective Cambodia បានផ្តល់​ជំនួយ​ដល់​បេក្ខជន ដោយមាន​គ្រូបង្វឹក​ជំនាញ​សម្រាប់​បណ្តុះបណ្តាល ព្រមទាំង​ណែនាំ​បេក្ខជន​ទាំងនោះ បាន​ជួប​អ្នកជំនាញ​ជាច្រើន​នៅ​កម្ពុជា​។ ប្រធានបទដែលលើកយកមកជជែក ពិភាក្សា សុទ្ធសឹងតែជាប្រធានបទទាក់ទងនឹងគោលនយោបាយជាតិ ដែលមាន​ដូចជាវិស័យសេដ្ឋកិច្ច​, អប់រំ​, យុត្តិធម៌​, នយោបាយ និង​វិស័យ​សង្គម​ជាច្រើន​ផ្សេងៗ​ទៀត​។ ពួកគាត់​ទាំងនេះ នឹង​ចូលមក​ចែកជា​ចំណេះដឹង ឬ​បេក្ខជន នឹង​ទទួលបាន​ឯកសារ​ផ្លូវការ និង​ទិន្នន័យ​សំខាន់ៗ សម្រាប់​ការសិក្សា​ស្រាវជ្រាវ ជាពិសេស​យកមក​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​ថែម​ទៀតផង​។ កម្មវិធី The Perspective Cambodia  រដូវ​កាល​ទី​២​នេះ មាន​បេក្ខជន​បេ​ក្ខ​នារី បានដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រមាណ​២​ពាន់​នាក់​។ កាន់តែពិសេសនោះ បេក្ខជន បេក្ខនារី ដែលចូលរួមប្រកួត សុទ្ធសឹងតែមានសមត្ថភាព មានទេពកោសល្យ ជាពិសេសភាពក្លហាន ក្នុងការបញ្ចេញមតិរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ ​

​កម្មវិធី The Perspective Cambodia ជា​វេទិកា​តស៊ូ​មតិ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​យុវជន​ឆ្នើម​ក្នុងការ​បញ្ចេញ​មតិយោបល់​អំពី​បញ្ហា​រួមមួយ ក៏ដូចជា​លើកទឹកចិត្ត​ឲ្យ​យុវជន​ដែលមាន​សមត្ថភាព អាច​បង្ហាញ​ពី​ទស្សនៈ​របស់​ពួកគេ​ជា​សាធារណៈ​។ The Perspective Cambodia ក៏​ជា​វេទិកា​មួយ​ជំរុញ​ឲ្យ​ពួកគេ ក្លាយជា​អ្នកដឹកនាំ​ដ៏​ល្អ នៅក្នុង​សង្គម​នា​ថ្ងៃ​អនាគត​ផងដែរ​។ អ្នករៀបចំ កម្ម​វី​ធី The Perspective Cambodia នេះ សង្ឃឹមថា មហាជន​បន្ត និង​បង្កើន​ការគាំទ្រ កម្មវិធី​តស៊ូ​មតិ​នេះ ដើម្បី​ផ្តល់ឱកាស និង​ចំណេះដឹង​ថ្មីៗ​ដល់​យុវជន​កម្ពុជា​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com