អន្តរជាតិ
អង់គ្លេស​និង​បារាំង នឹង​បញ្ជូន​នាវាចម្បាំង​ចូល​សមុទ្រ​ចិន​ខាងត្បូង​
04, Jun 2018 , 11:19 pm        
រូបភាព
ដែនកោះមួយនៃសមុទ្រចិនខាងត្បូង (រូបភាព AFP)
ដែនកោះមួយនៃសមុទ្រចិនខាងត្បូង (រូបភាព AFP)
​មហាអំណាច​ពិភពលោក​ពីរ គឺ​អង់គ្លេស និង​បារាំង នឹង​បញ្ជូន​កប៉ាល់ចម្បាំង​រប​ស់​ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ​។ ក្នុងជំនួប​សន្តិសុខ​នៅ​សិង្ហ​បុរី រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស និង​បារាំង​និយាយ​នៅ​ថ្ងៃទី​៣ ខែមិថុនា ថា ការបញ្ជូន​កប៉ាល់​ទៅកាន់​ដែនទឹក​មាន​ជម្លោះ​នេះ ព្រោះ​វា​ជា​តំបន់​ដែនសមុទ្រ​អន្តរជាតិ និង​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​អន្តរជាតិ​នៅ​ទីនោះ​ផង​។ ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ត្រៀម​ចាត់វិធានការ​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​យោ​ធូប​នីយកម្ម​របស់​ចិន​។​



​កិច្ចសន្ទនា​សន្តិសុខ Shangri-La នៅ​សិង្ហ​បុរី បានក្លាយ​វេទិកា​ឆ្លើយឆ្លង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​ជាមួយនឹង​ចិន​ជុំវិញ​បញ្ហា​នៅ​សមុទ្រ​ខាងត្បូង​។ អាមេរិក​បាន​យក​កិច្ចប្រជុំ​នេះ​ដើម្បី​ប្រកាស​ជំហរ​បង្កើន​ការតបត​ទៅនឹង​សកម្មភាព​របស់​ចិន ឯ​ចិន​វិញ​បាន​ប្រាប់​គេឯង​ពី​កម្មសិទ្ធិ​របស់ខ្លួន​លើ​ដែនទឹក​នៃ​សមុទ្រ​មួយ​នេះ​។ អង់គ្លេស និង​បារាំង​វិញ​ក៏​បង្ហាញ​ជំហរ​ស្របតាម​អាមេរិក និង​ត្រៀម​បញ្ជូន​កប៉ាល់ចម្បាំង​ចូល​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​

​យោងតាម​សារព័ត៌មាន South China Sea Morning Post រដ្ឋមន្ត្រី​កងទ័ព​បារាំង Florence Parly និយាយថា ក្រុមការងារ​សមុទ្រ​បារាំង ដែល​អមដោយ​ឧទ្ធម្ភាគចក្រ និង​កប៉ាល់​របស់​អង់គ្លេស នឹង​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​នៅ​សប្ដាហ៍​ក្រោយ ហើយ​បន្តដំណើរ​ទៅកាន់​តំបន់​ជាក់លាក់​ខ្លះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ចិន លោកស្រី Parly ទទួលស្គាល់ថា កងទ័ព​បារាំង និង​អង់គ្លេស​នឹង​ចូលក្នុង​ដែនទឹក​របស់​ប្រទេសមួយ តែ​មេទ័ព​បារាំង​ក៏​ប្រាប់ថា វា​ជា​ដែនទឹក​អន្តរជាតិ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​ប្រចាំឆ្នាំ​មួយ​នេះ ប្រមុខ​ការពា​តិ​បារាំង​ដដែល​បញ្ជាក់ថា ទោះ​បារាំង​មិនមែនជា​ភាគី​ទាមទារ​ដែនទឹក​មែន តែ​ការបញ្ជូន​កងទ័ព​មួយក្រុម​នេះ​ដែល​ធ្វើឡើង​ជាប្រចាំ​ជាមួយ​សម្ព័ន្ធមិត្ត បានរួម​ចំណែក​ដល់​ការគោរព​ច្បាប់​។ ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Gavin Williamson ក៏បាន​ប្រាប់​ជំនួប​សន្តិសុខ​នេះដែរ​ថា អង់គ្លេស​នឹង​បញ្ជូន​នាវាចម្បាំង​បី​គ្រឿង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន និង​ការពារ​ច្បាប់​អន្តរជាតិ​សម្រាប់​រយៈពេល​វែង​។​

​ពី​វេទិកា​សន្តិសុខ Shangri-La នេះដែរ ប្រតិភូ​របស់​ចិន​មិន​ជំទាស់​គម្រោង​របស់​អង់គ្លេស និង​បារាំង ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដូចគ្នា​ឡើយ​។ មន្ត្រី​យោធា​ចិន​អះអាងថា សមុទ្រ​ចិន​ខាងត្បូង គឺ​បើកចំហ​សម្រាប់​ការធ្វើដំណើរ​ដោយ​សេរី ហើយក៏​មិនមាន​កំហិត​លើ​សេរីភាព​នាវាចរណ៍​អ្វី​ដែរ​។ ឧ​ត្ត​ម​សេនីយ៍​ឯក He Lei ប្រធាន​ប្រតិភូ​ចិន​ព្រមាន​ថា ការបំពាន​បូរណភាព​ចិន​ជា​រឿង​មិនអាច​លើកលែង​បានឡើយ​។

​យ៉ាងណាមិញ ប្រមុខ​ការពារជាតិ​អង់គ្លេស និង​បារាំង​មិនបាន​បញ្ជាក់ថា កប៉ាល់ចម្បាំង​របស់ខ្លួន​នឹង​ចូលទៅក្នុង​តំបន់​ដែនទឹក​ដែលមាន​ចម្ងាយ​១២​ម៉ា​យ​ល៍ពី​ដែន​កោះ​ដែល​ចិន​គ្រប់គ្រង​ឬ​យ៉ាងណា​ឡើយ​។ សម្រាប់​ចិន វត្តមាន​កប៉ាល់​យោធា​បរទេស​ក្នុង​ដែនទឹក​នេះ គឺជា​ការរំលោភ​អធិបតេយ្យ​របស់ខ្លួន​ដោយ​ចេតនា​។ ក្រុង​ប៉េកាំង​បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ជា​ញឹកញយ​ដោយសារ​រឿងនេះ ព្រោះ​នាវាចម្បាំង​អាមេរិក​តែង​ធ្វើដំណើរ​ចូល​កៀក​ទឹកដី​ចិន​ត្រួតត្រា​៕ 



Tag:
 ​អង់គ្លេស​
  បារាំង​
  ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com