អន្តរជាតិ
ក្រុង​ប៉េកាំង​ប្រតិកម្ម​ខ្លាំង ក្រោយ​ក្រុង​វ៉ាស៊ីនតោន​រិះគន់​ខ្លួន​នៅមុខ​ប្រមុខ​ការពារជាតិ​អាស៊ាន​
05, Jun 2018 , 8:59 am        
រូបភាព
ដោយ:
​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចិន បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការចោទប្រកាន់​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​លើ​ការធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។  មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ចិន បាន​វាយបក​ដោយ​ប្រយោល​វិញ​ថា សកម្មភាព​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ធ្វើឡើង​ដើម្បី​ការពារ​ការឈ្លានពានរ​បស់​ប្រទេស​ដទៃ​ប៉ុណ្ណោះ​។



​តាមរយៈ​វេទិកា​សន្តិសុខ​ក្នុងប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទី ២ ខែមិថុនា លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ចេ​ម ម៉ា​ធី​ស បាន​និយាយ​វាយប្រហារ​ចិន​នៅ​ចំពោះ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ថា ការកសាង​មូលដ្ឋាន​យោធា និង​បំពាក់​សព្វាវុធ​នៅក្នុង​តំបន់​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង របស់​ចិន​មាន​ទិសដៅ​បំភិតបំភ័យ​ប្រទេស​អ្នកជិតខាង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Straits Times របស់​សិង្ហ​បុរី​។

​ការលើកឡើង​របស់​ប្រមុខ​ការពារជាតិ​អាមេរិក ធ្វើឡើង​ដោយ​សម្អាង​តាម​របាយការណ៍​របស់​ក្រុមអ្នកវិភាគ​អាមេរិក ដែល​ទើបតែ​ចេញ​របាយការណ៍​ថ្មី​ចុង​ក្រោយពី​សកម្មភាព​ចិន​នៅក្នុង​តំបន់​ជម្លោះ​។ តាម​របាយការណ៍​នោះ ចិន​បាន​បំពាក់​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ដែល​រាប់បញ្ចូល​ទាំង​មី​ស៊ី​ល​ប្រឆាំង​នាវា និង​ប្រព័ន្ធ​ផ្កាយរណប​ផ្សេងទៀត​។

​ការចោទប្រកាន់​ចិន​ចំពោះ​ប្រមុខ​ការពារជាតិ​អាស៊ាន​របស់​អាមេរិក​បែ​ប​នេះ ប្រាកដ​ណាស់​ថា ចិន​មិន​នៅ​ស្ងៀម​បានឡើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍ He Lei មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​ចិន​បាន​ថ្លែង​ទៅ​វេទិកា​សន្តិសុខ​ថា ចិន​មិនអាច​ទទួលយក​ការធ្វើ​អត្ថាធិប្បាយ​ដែល​គ្មាន​ការទទួលខុសត្រូវ​រប​ស់ប​ណ្តា​ប្រទេស​មួយចំនួន​ឡើយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​សកម្មភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​ការពារ​ពី​ការឈ្លានពាន​ដោយ​ប្រទេស​ដទៃ​ប៉ុណ្ណោះ​នោះទេ​...​។ ដរាបណា​សកម្មភាពរ​បស់​អ្នក​ធ្វើឡើង​ក្នុង​អធិបតេយ្យ​របស់​អ្នក អ្នក​អាច​ពង្រាយ​កងទ័ព និង​ពង្រាយ​សព្វាវុធ​អ្វី​ក៏បាន​»​។

​សូមជម្រាបថា សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ស្គាល់​ថា​ជា​ជម្លោះ​ដែន​អធិបតេយ្យ​មួយ​ដ៏​ស្មុគស្មាញ​ដែលមាន​ភាគី​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ ចិន បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​នោះ​។ ដូច្នេះហើយ ចិន​តែងតែ​ការពារ និង​អះអាងថា សកម្មភាព​នានា​របស់ខ្លួន​នៅ​ទីនោះ​គឺ​ស្របច្បាប់ ដ្បិត​ចិន​ចាត់ទុកថា ដែន​អធិបតេយ្យ​ទាំងនោះ​ស្ថិតក្នុង​ដែន​សីមា​របស់ខ្លួន​រួចទៅហើយ ។​

​កន្លងមក អាមេរិក​តែង​រិះគន់​ចិន​ជុំវិញ​សកម្មភាព​បង្ករឿង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុង​វ៉ាស៊ីនតោន​ថែមទាំង​បាន​បញ្ជូន​ទាំង​នាវា​ល្បាត​និង​យន្តហោះ​ស៊ើបការណ៍​ទៅកាន់​តំបន់​ជម្លោះ រហូតដល់​ពេលខ្លះ​បណ្តាល​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​កង​ល្បាត​របស់​ចិន​ទៀតផង ៕


Tag:
 អាមេរិក​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com