ជាតិ
មន្ត្រី​សង្គម​ស៊ីវិល​ពីរ​នាក់ ត្រូវ​ចូល​បំភ្លឺ​ពី​រឿង​លោក កឹម សុខា នៅថ្ងៃនេះ​
07, Jun 2018 , 10:06 am        
រូបភាព
លោកស្រី ចក់ សុភាព ជាមនុស្សម្នាក់ ក្នុងចំណោម៨នាក់ ដែលត្រូវបានកោះហៅឲ្យចូលបំភ្លឺលើសំណុំរឿងលោក កឹម សុខា
លោកស្រី ចក់ សុភាព ជាមនុស្សម្នាក់ ក្នុងចំណោម៨នាក់ ដែលត្រូវបានកោះហៅឲ្យចូលបំភ្លឺលើសំណុំរឿងលោក កឹម សុខា
ដោយ: ថ្មីៗ
​បើតាម​ដីកា អ្នកស្រី ចក់ សុភាព ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​លោក មាស គឹម​សេង ប្រធាន​សមាគម​ធាងត្នោត ត្រូវ​ទៅ​ជួប​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា​នេះ ដើម្បី​បំភ្លឺ​លើ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នក​ទាំងពីរ ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​។



​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ថា លោកស្រី ចក់ សុភាព នឹង​ចូល​បំភ្លឺ​តាម​ដីកា​បង្គាប់​។

​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​មនុស្ស​៨​នាក់​ឯណោះ ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី លើ​សំណុំរឿង​របស់លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្រោម​ការសង្ស័យថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ព្រោះតែ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។

​មនុស្ស​៦​នាក់​ទៀត គឺ​លោក ប៉ា ងួនទៀង ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក សៀ ភារ​ម្យ ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក កែវ រតនា អ្នកបម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ លោក ខឿន វី​រ៉ាត់ ជា​និស្សិត និង​លោក គ្រី សុង ជា​កសិករ​។

​ចៅក្រម​ស៊ើបសួរ បានកំណត់​ឲ្យ​អ្នក​ទាំង​៨​នាក់ ចូល​បំភ្លឺ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨​ដូចគ្នា ដោយ​គ្រាន់តែ​ខុស​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​លោក គ្រី សុង ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​៥, លោក មាស គឹម​សេង និង​អ្នកស្រី ចក់ សុភាព ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​៧, លោក ប៉ា ងួនទៀង ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​៩, លោក សៀ ភារ​ម្យ​, ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​១២, លោក ហេង ពិសិដ្ឋ ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​១៣, លោក កែវ រតនា ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​១៥, និង​លោក ខឿន វី​រ៉ាត់ ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​១៣​។

​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ កន្លងមក ចៅក្រម​ស៊ើបសួរ បាន​ទៅ​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​វ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៣​លើក​រួចមកហើយ​។

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧​។ ដល់ពេលនេះ លោក បាន​ជាប់ឃុំ​ប្រមាណ​ជា​១0​ខែ​៕

Tag:
 កឹម សុខា​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com