ជាតិ
ស​ន្ទ​ស្សន៍​សន្តិភាព​សាកល​៖ កម្ពុជា​ធ្លាក់​លេខ​ពី ៨៩ មកដល់ ៩៦ នៅ​ឆ្នាំ ២០១៨
07, Jun 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​របាយការណ៍​ស​ន្ទ​ស្សន៍​សន្តិភាព​សាកល (Global Peace Index)  ឆ្នាំ ២០១៨ ដែល​ចេញផ្សាយ​ថ្ងៃទី ៦ ខែមិថុនា​បានបង្ហាញ​ថា កម្ពុជា​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ៩៦ ធ្លាក់ចុះ​៧ ថ្នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៧​។



​របាយការណ៍​ស​ន្ទ​ស្សន៍​សន្តិភាព​សាកល​ឆ្នាំ​២០១៨ បាន​បង្ហាញថា សន្តិភាព​ពិភពលោក​បន្ត​ធ្លាក់ចុះ​ថែមទៀត​នៅ​ឆ្នាំ ២០១៨ នេះ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្ថានភាព​សន្តិភាព​កម្ពុ​ជា និង​មី​យ៉ាន់​ម៉ា ធ្លាក់ចុះ​ខ្លាំងជាងគេ​។

​កម្ពុជា​បាត់បង់ ១៨ ពិន្ទុ​ដោយ​ធ្លាក់​ពី​ចំណាត់​ថា្នក់​លេខ ៨៩ ទៅ​លេខ ៩៦​ក្នុងចំណោម​ប្រទេស​ទាំងអស់ ១៦៣​។ ចំណែក​មី​យ៉ាន់​ម៉ា​បាត់បង់ ១៥ ពិន្ទុ ដោយ​ធ្លាក់ចុះ​ពី​លេខ ១០៤ ដល់​លេខ ១២២ ឯណោះ​។

​របាយការណ៍​ដដែល​ព​ន្យ​ល់​ថា ការធ្លាក់ចុះ​នៃ​ចំណាត់ថ្នាក់​នេះ​ក៏ដោយ​សារ​មី​យ៉ាន់​ម៉ា​បន្ត​ធ្វើទុក្ខបុកម្នេញ​ជ​ន​ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ខ្លាំង​រហូត​បណ្តាល​ឲ្យ​ជនជាតិ​នេះ​ជិត ៧០​ម៉ឺន​នាក់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​។ នៅ​កម្ពុជា​វិញ គឺពាក់ព័ន្ធ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​គណបក្សប្រឆាំង មុន​ការបោះឆ្នោត​ខែកក្កដា​មកដល់​នោះ​។

​ដោយឡែក បើតាម​របាយការណ៍​ដ​ដែល ចំណាត់ថ្នាក់​ប្រទេស​មាន​សន្តិភាព​ជាងគេ​ចំនួន​ដប់​នៅលើ​ពិភពលោក​គឺ​បាន​ទៅលើ​ប្រទេស​អ៊ី​ស្លង់​, នូ​វែ​ល​សេ​ឡង់​,  អូទ្រីស​, ព័រ​ទុយ​ហ្គា​ល់​, ដា​ណឺ​ម៉ាក​, កាណាដា​, សាធារណរដ្ឋ​ឆេ​ក​, សិង្ហ​បុរី​, ជប៉ុន និង​អៀក​ឡង់​។

​ចំណែក​ប្រទេស​ដែលមាន​ស្ថានភាព​សន្តិភាព​យ៉ាប់យឺន​ជាងគេ​ដប់​នោះ​គឺ​សុទ្ធតែជា​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយ​សង្គ្រាមស៊ីវិល ជម្លោះ​ប្រដាប់អាវុធ ឧក្រិដ្ឋកម្ម និង​ភេរវកម្ម​ជាដើម​។ ចំណាត់ថ្នាក់ ១៦៣ បាត​តារាង​នោះបាន​ទៅលើ​ប្រទេស​ស៊ី​រី​។ ចំណាត់​ថា្នក់ ១៦២ បាន​ទៅលើ​អា​ហ្វ​ហ្គា​នី​ស្ថាន​, ១៦១ បាន​ទៅ​ស៊ូដង់​ខាងត្បូង​, ១៦០ បាន​ទៅ​អ៊ីរ៉ាក់​, ១៥៩ បាន​ទៅ​សូ​ម៉ាលី​, ១៥៨ បាន​ទៅ​យេ​ម៉ែន​, ១៥៧ បាន​ទៅ​លី​ប៊ី​, ១៥៦ បាន​ទៅ​សាធារណរដ្ឋ​កុង​ហ្គោ​, ១៥៥ បាន​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​លេខ ១៥៤ បាន​ទៅ​រុស្ស៊ី​។

-​តំបន់​អាស៊ាន​

​នៅ​តំបន់​អាស៊ាន​ទាំងមូល កម្ពុជា​ស្ថិតនៅលើ​តែ​ប្រទេស​មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​ថៃ​ប៉ុណ្ណោះ​។ ខាងក្រោម​នេះ​ជា​ចំណាត់ថ្នាក់​ប្រទេស​អាស៊ាន​ទាំង​៩ (​ព្រុយ​ណេ​មិន​ស្ថិតក្នុង​របាយការណ៍​ឡើយ​)៖
១. សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់​លេខ ៨ ក្នុងចំណោម​ប្រទេស​១៦៣
២. ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ២៥
៣. ឥណ្ឌូណេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ៥៥
៤. ឡាវ ជាប់​ចំណាត់ថ្នាក់​លេខ ៤៦
៥. វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ ៦០
៦. កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ៩៦
៧. មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់​លេខ ១២២
៨. ថៃ ជាប់​ចំណាត់ថ្នាក់​លេខ ១១៣
៩. ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់​លេខ ១៣៧

​សូមបញ្ជាក់ថា ការវាយតម្លៃ​របស់​ស​ន្ទ​ស្សន៍​សន្តិភាព​សាកល​នេះ ផ្អែកលើ​កត្តា​បី​ចម្បង​សំខាន់​រួមមាន យោ​ធូប​នីយកម្ម សង្គម និង​សន្តិសុខ និង​ជម្លោះ​ក្នុងស្រុក​និង​អន្តរជាតិ​។ ហើយ​សូចនាករ​ទាំងបី​នេះ ក៏មាន​ធាតុ​ផ្សំ​តូចៗ​ជាច្រើន​ផ្សេងទៀត​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com