ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ស្នើ​គម្រោង​ជលផល​តម្លៃ​១០០​លាន​ដុល្លារ ទៅ​សហភាព​អឺរ៉ុប​
07, Jun 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ដាក់សំណើ​ទៅ​សហភាព​អឺរ៉ុប លើ​គម្រោង​ជលផល​មួយ ដែលមាន​រយៈពេល​៥​ឆ្នាំ និង​តម្លៃ​ទឹកប្រាក់ ៨៥​លាន​អឺរ៉ូ (​ប្រហែល​១០០​លាន​ដុល្លារ​)​។ នេះ​បើតាម​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​។​



​ក្រោយពី​ក្រសួងកសិកម្ម និង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានបញ្ចប់​ការសិក្សា​ពី​លទ្ធភាព និង​វាយតម្លៃ​ពី​លទ្ធផល​រំពឹងទុក​រួចមក  គម្រោង Cambodia program for sustainable and inclusive growth in the fisheries sector (CAPFISH) ត្រូវបាន​ដាក់​ស្នើ​ទៅ​សហភាព​អឺរ៉ុប (EU) ដើម្បី​ពិនិត្យ និង​សម្រេច​ជា​ផ្លូវការ​។

​គម្រោង​នេះ​មាន​រយៈពេល​៥​ឆ្នាំ និង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ ដែល​នឹងមាន​ចូលរួម​អនុវត្ត​ដោយ​រដ្ឋបាល​ជលផល ដៃគូ​អភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន​។ គម្រោង​នេះ​ផ្ដោត​សំខាន់​លើ​ការគ្រប់គ្រង អភិរក្ស ធនធាន​ជលផល​សមុទ្រ និង​ទឹកសាប ការកែច្នៃ​ផលិតផល​ជលផល និង​ការលើកកម្ពស់​ជីវភាព​សហគមន៍​។​

​គម្រោង​មួយ​នេះ នឹងត្រូវ​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​នៅ​ទី​ស្នាក់​ធំ​របស់ EU នា​សប្ដាហ៍​ខាងមុខនេះ ហើយ​ដែល​ត្រូវបាន​រំពឹងថា​នឹងមាន​ការអនុម័ត​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើតាម​លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​សភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក្នុងជំនួប​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៦​មិថុនា​៕ 


Tag:
 ជលផល​
© រក្សាសិទ្ធិដោយ thmeythmey.com